en     km
en     km

ស្លាប់ ៣ និង ៤១ទៀតធ្លាក់ខ្លួនឈឺ ករណីពុលស្រានៅខេត្តក្រចេះ

Share

ភ្នំពេញ៖ ពលរដ្ឋស្លាប់៣នាក់ និងរបួស៤១នាក់ធ្លាក់ខ្លួនឈឺ សង្ស័យថាជាករណីពុលស្រាស នៅឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី​១៩ តុលានេះ។

តាមរយៈការចុះផ្សាយនេះបញ្ជាក់ថា ករណីពុលស្រាសនេះកើតមានឡើងក្រោយពីពលរដ្ឋ ទាំងនោះ បានច្រូតស្រូវ ហើយនាំគ្នាផឹកស្រាសកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

ក្នុងចំណោមអ្នកស្លាប់៣នាក់ មានបុរស២នាក់ និងស្រ្តីម្នាក់ ដោយបានដាច់ខ្យល់ស្លាប់ក្នុងសភាពណែនដើមទ្រូង ថប់ដង្ហើម និងបានដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់ ក្រោយពីនាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។

យ៉ាងណាមិញ ចំពោះអ្នក ទាំង៤១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុក និងពេទ្យខេត្តហើយ។

ករណីនេះ អាជ្ញាធរមានការសង្ស័យថាករណីនេះជាករណីពុលស្រាស ហើយអាជ្ញាធរបានឃាត់ខ្លួនម្ចាស់ផលិតស្រាសមួយកន្លែងនៅក្នុងភូមិនោះដើម្បីសាកសួរ។ ទោះបីជាបែបនេះក្ដី សមត្ថកិច្ចនៅតែបន្តខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីបង្ហាញអំពីមូលហេតុច្បាស់លាស់។

គួររំលឹកថា កាលពី​ថ្ងៃ​ទី​ ២៤​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ ក្រសួង​ពាក់ព័ន្ធ​បី​អះអាង​ថា​ មានពលរដ្ឋ​ពុល​ស្រាស​ស្លាប់​ ១៤​នាក់​ និង​ជិត​៣០០​នាក់​ធ្លាក់ខ្លួន​ឈឺ​នៅ​ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ ដោយសារ​ស្រា​សមាន​សា​ធារ​តុ​មេតា​ណុ​ល​កម្រិត​ខ្ពស់៕

អត្ថបទ៖ លោក សោម លាភ

Share

Image
Image
Image