en     km
en     km

ហ្វេសបុកនាយករដ្ឋមន្ត្រី៖ ទូតថ្មីអឺរ៉ុបថា កម្ពុជាមានការអភិវឌ្ឍប្រកបដោយចីរភាព

Share

ភ្នំពេញ៖ ទំព័រហ្វេសបុករបស់ នាយករដ្ឋមន្ត្រីបានចុះផ្សាយថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មី ថ្លែងចំពោះនាយករដ្ឋមន្ត្រីកម្ពុជាថា កម្ពុជាមានការអភិវឌ្ឍ និងកំពុងឈរលើផ្លូវនៃការអភិវឌ្ឍប្រកប​ដោយចីរភាព ហើយសហភាពអឺរ៉ុប គាំទ្រ និងបន្តធ្វើជាដៃគូរជាមួយកម្ពុជាលើកិច្ចការនេះ ។ យ៉ាងណាធនាគារពិភពលោកព្រមានពីកម្សោយនៃការអភិវឌ្ឍ បើកម្ពុជាបាត់បង់ EBA ។ ​​​​​​​​​​​​​​​​​​​​​​​​​

រាយកាណ៍ដោយ លោក សោម លាភ

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មី ប្រចាំកម្ពុជាលោកស្រី Carmen Moreno ដែលជំនួសលោក George Edgar បញ្ជាក់បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៩ ។ នេះបើតាមទំព័រហ្វេសបុករបស់ នាយករដ្ឋមន្ត្រី​បាន​ចុះ​ផ្សាយនៅថ្ងៃនេះ។

បើតាមទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន សែន បញ្ជាក់ថា នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា គឺបានសម្តែងនូវការភ្ញាក់ផ្អើល និងអបអរសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជា ។

លោកស្រី Carmen Moreno  បានមានប្រសាសន៍ ថាកម្ពុជាមានការអភិវឌ្ឍ និងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព លើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព ។

បើតាមទំព័រហ្វេសបុកនាយករដ្ឋមន្ត្រីបន្តថា លោកស្រី Carmen Moreno  បន្ថែមថាការអភិវឌ្ឍទាំងនេះ គឺទទួលបានមកពីសុខសន្តិភាព និងស្ថិរភាពដែលកម្ពុជាទទួលបានហើយសុខសន្តិភាព ស្ថិរភាពនេះ  គឺជាមូលដ្ឋានចាំបាច់បំផុត សម្រាប់អនាគតកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ ។

លោកស្រីថា លោកស្រីមានមោទនភាពចំពោះកម្ពុជា និងបន្តជាដៃគូជួយកម្ពុជាដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាពជាភាព ។

យ៉ាងណានាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ លោកស្រី Carmen Moreno  ចំពោះការមើលឃើញពីសុខសន្តិភាព និងស្ថិរភាពកម្ពុជា ។

សម្ដេច ហ៊ុន សែនថា អ្វីដែលលោកស្រី Carmen Moreno លើកឡើងគឺជាមូលដ្ឋានមួយដែលកម្ពុជា និងសហភាពអឺរុប អាចបន្តធ្វើការរួមគ្នាពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត ។

នាយរដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជា និងសហភាពអឺរ៉ុប គប្បីណាឈរលើមូលដ្ឋានត្រឹមត្រូវនូវរាល់កិច្ចការងារដែលបានសហការគ្នាកន្លងមក និងស្វែងរកនូវអ្វីដែលយើងអាចសហការធ្វើការរួមគ្នាបន្តទៀតក្នុងភាពជាដៃគូរផង និងក្នុងកិច្ចពង្រឹងពង្រីកទំនាក់ទំនងរវាងសហគមន៍អឺរ៉ុប និងកម្ពុជា ។

លើទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន សែន ក្នុងជំនួបជាមួយ លោកស្រី Carmen Moreno មិនមានបញ្ជាក់ពីការអះអាងបែបណាជំវិញការអនុវត្តន៍ប្រជាធិបតេយ្យនៅកម្ពុជានោះទេ ។

គួររំលឹកថា សហភាពអឺរ៉ុប កំពុងតែរង់ចាំរបាយការណ៍នៃការឆ្លើយតបរបស់កម្ពុជា ជំវិញការពិនិត្យការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីឈានទៅដល់ការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធក្រោមក្របខណ្ឌគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធ ឬបន្តឱ្យមាននៅកម្ពុជា ។

ការសម្រេចនេះ នឹងធ្វើឡើងនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ ២០២០ ។ បើកម្ពុជាបន្តបានការអនុគ្រោះពន្ធនាំចូលទំនិញទៅសហភាពអឺរ៉ុបក្រោមការអនុគ្រោះពន្ធប្រភេទនេះ គឺកម្ពុជាចំណេញប្រមាណ ៧០០ លានដុល្លារក្នុងមួយឆ្នាំ ។

បើតាមមន្ត្រីក្រសួងសេដ្ឋកិច្ច ធ្លាប់មានប្រសាសន៍ថា កម្ពុជានៅឆ្នាំ ២០២០ សេដ្ឋកិច្ចអាចធ្លាក់ចុះមកត្រឹម ៦.៥ ភាគរយៈ ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជារក្សាបានអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំ ។

ធនាគារពិភព ថ្មីៗនេះ ក៏ព្រមានពីការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជា ប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញទៅសហភាពអឺរ៉ុប ។

យ៉ាងណាសម្ដេច ហ៊ុន សែន ធ្លាប់អះអាងថាមិនមានការព្រួយបារម្ភចំពោះហានីភ័យនៃសេដ្ឋកិច្ចកម្ពុជានោះទេ ទោះមានការបាត់បង់ EBA ក៏ដោយ ។

មន្ត្រីរាជរដ្ឋាភិបាលថា កម្ពុជានៅតែបន្តនាំចូលទៅសហភាពអឺរ៉ុបដដែល ពោលគឺបាត់បង់ពន្ធមិនមែនបាត់បង់ទីផ្សារនោះទេ តែគ្រាន់តែបាត់បង់ប្រាក់ចំណេញដូចមុនតែប៉ុណ្ណោះ ។

ខណៈការនាំពន្ធទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ប្រឈមនឹងការបាត់ប្រព័ន្ធអនុគ្រោះពន្ធ កម្ពុជា និងចិន និងកម្ពុជានិងកូរ៉េខាងត្បូង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ក្នុង​គោលបំណង​បញ្ចៀស​ការ​បង់ពន្ធ​ទ្វេ​ដង ដើម្បី​សម្រួល​ដល់​ក្រុមហ៊ុន​វិនិយោគ​រវាងប្រទេសទាំងនេះ ក្នុង​ការ​នាំ​ទំនិញ​ឆ្លងដែន​ទៅវិញទៅមក ។

ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងរវាងកម្ពុជាជាមួយចិន មានមតិទូទៅថា ចិនជាភាគីចំណេញខ្លាំងពីលើកម្ពុជា ខណៈកម្ពុជាមិនជាមានទំនិញ នាំចូលទៅចិនច្រើននោះទេ ។

លោកផៃ ស៊ីផានថា កម្ពុជាមានផលិតផលដូចជាកសិផលដើម្បីនាំទៅចិន ហើយជាការពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះថា ពាណិជ្ជកម្ពុជាកម្ពុជាមិនមែនជាការប្រកួតប្រជែងទេ តែជាពាណិជ្ជកម្មដើម្បីបំពេញបន្ថែមតែប៉ុណ្ណោះ ។

យ៉ាងណា កម្ពុជាថាលក្ខខ័ណ្ឌនៃការទទួលបាន EBA បើតាមនាយករដ្ឋមន្ត្រី គឺកម្ពុជាមិនអាចទទួលយកបានឡើង ខណៈមានការអះអាងថា ដើម្បីជាការការអធិបតេយ្យភាព ឯករាជ្យភាព និងការមិនត្រូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ៕

Share

Image
Image
Image