en     km
en     km

ឡ​ជីវឧស្ម័ន​ជួយ​សម្រួល​ការងារ​យ៉ាងច្រើន​ដល់​ស្ត្រី​មេផ្ទះ​នៅ​ភូមិ​ត្រាវ​ ខេត្តកំពង់ស្ពឺ​

Share

​កំពង់ស្ពឺ​៖​ ឡ​ជីវឧស្ម័ន​ផ្តល់​ផលប្រយោជន៍​ច្រើន​ ជា​ពិសេស​ជួយ​សម្រួល​ដល់​ការងារ​ស្ត្រី​មេផ្ទះ​មួយ​ចំនួន​នៅ​ខេត្តកំពង់ស្ពឺ​ ដោយ​ពួក​គេ​ពុំ​ចាំបាច់​ទៅ​កាប់​អូស​ដែល​នាំ​ឲ្យ​បាត់បង់​ព្រៃឈើ​ ព្រមទាំង​ចំណេញ​ពេលវេលា​ រួម​ទាំង​ថវិការ​មួយ​ផ្នែក​ដោយ​គ្រាន់តែ​បំ​លែង​លាមក​សត្វ​ដែល​ធ្លាប់​យក​ទៅ​កប់​ចោល​ទៅ​ជា​ឧស្ម័ន​ឬ​ហ្គា​ស​ដើម្បី​ចម្អិន​អាហារ​ និង​អា​ចត​ភ្ជាប់​នឹង​អំ​ពូ​ល​ដើម្បី​បំភ្លឺ​ក្នុងផ្ទះ​បាន​ផង​។​ ចំណែក​កាក​សំណល់​ចេញពី​ឡ​វិញ​ ក៏​អាច​យក​ទៅ​ធ្វើ​ជា​ជី​កំ​ប៉ុ​ស្ត៍​ដាក់​ក្នុង​ដំណាំ​បាន​ដែរ​។​

ការប្រើប្រាស់ហ្គាសចេញពីឡដើម្បីដាំស្ល
ការប្រើប្រាស់ហ្គាសចេញពីឡដើម្បីដាំស្ល

​ជា​ស្រី្ត​មេផ្ទះ​ម្នាក់​ ដែល​មានមុខរ​បរជា​កសិករ​អ្នកស្រី​ គួ​ន​ សួរ​ស្តី​ បាន​ប្រាប់​ពី​មូលហេតុ​ដែល​អ្នកស្រី​សម្រេចចិត្ត​តម្លើង​ឡរ​នេះ​ថា​៖​ «​ក្រោយ​ពី​ស្តាប់​ការ​ណែនាំ​របស់​ក្រុមការងារ​រួច​ ខ្ញុំ​យល់​ថា​វា​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​ការងារ​របស់ខ្ញុំ​ដូច​ជា​ ជួយ​សម្រួល​ដល់​ការងារ​ចម្អិន​អាហារ​ ការងារ​កសិកម្ម​ ព្រមទាំង​ចំណេញ​ពេលវេលា​ និង​ថវិការ​មួយ​ផ្នែក​ផង​ដែរ​»​។​ អ្នកស្រី​បាន​បន្ថែម​ថា​ «​មាន​ឡ​នេះ​ជួយ​ខ្ញុំ​បាន​ច្រើន​ ជា​ពិសេស​យើង​មិនបាច់​ចំណាយពេល​ទៅ​ស្វែងរក​អូស​ដើម្បី​ចម្អិន​អាហារ​ រីឯ​កាក​សំណល់​ចេញពី​ឡ​ក៏​អាច​យក​ទៅ​ធ្វើ​ជា​ជី​បាន​ដែរ​»​។​

​ស្របគ្នា​នេះ​ដែរ​ ស្ត្រី​មេផ្ទះ​ម្នាក់​ទៀត​ដែល​ទើប​ត្រឡប់​មក​ពី​ធ្វើស្រែ​វិញ​ នឹង​ចាប់ផ្តើម​រៀបចំ​លាង​អង្ករ​នៅ​ក្នុង​ឆ្នាំង​ដើម្បី​ដាក់​លើ​ចង្ក្រាន​ដែល​មាន​ភ្លើង​ឆេះ​ព្រិ​មៗ​ អ្នកស្រី​ អួ​ង​ ខែ​ម​ មិន​ភ្លេច​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​របស់​អ្នកស្រី​ទៅ​លើ​ការ​ប្រើ​ឡ​ជីវឧស្ម័ន​ថា​ ប្រើប្រាស់​ឡ​ជីវឧស្ម័ន​អាច​ជួយ​សន្សំ​ពេលវេលា​ធ្វើ​ការងារ​ផ្ទះ​ផ្សេង​បាន​ផង​ ព្រមទាំង​ជួយ​កាត់​បន្ថយ​នូវ​អារម្ភ​មួរ​ម៉ៅ​ និង​ទំនាស់​ក្នុង​គ្រួ​សារបាន​មួយ​ផ្នែក​ «​ពេល​ត្រឡប់​ធ្វើការ​ងា​ពី​ស្រែ​វិញ​ ដោយសារ​តែ​ហត់​ខ្លាំង​ ខ្ញុំ​មាន​អារម្មណ៍​មួម៉ៅ​ព្រោះ​គ្មាន​អុស​ប្រើ​ចម្អិន​អាហារ​ ម្យ៉ាង​មក​ពី​មេឃ​ភ្លៀង​សើម​គ្មាន​អូស​ប្រើ​ផង​។​ ក្រោយ​ពី​បាន​តម្លើង​ឡ​នេះ​រួច​ ខ្ញុំ​អាច​ចម្អិន​អាហារ​បណ្តើរ​ និង​ឆ្លៀត​ធ្វើ​ការងារ​ផ្ទះ​ផ្សេង​ទៀត​បណ្តើរ​ ដោយ​មិនបាច់​ខ្វល់​ពី​មេឃ​ភ្លៀង​ទៀត​ទេ​»​។​

អ្នកស្រី អួង ខែម កំពុងដាំស្លដោយប្រើប្រាស់ហ្គាសចេញពីឡ
អ្នកស្រី អួង ខែម កំពុងដាំស្លដោយប្រើប្រាស់ហ្គាសចេញពីឡ

​ក្រៅពី​ជួយ​សន្សំ​នូវ​ពេលវេលា​ និង​កាត់​បន្ថយ​ទំនាស់​ក្នុង​គ្រួសារ​ ការ​តម្លើង​ឡ​នេះ​ក៏​ជួយ​កាត់​បន្ថយ​ក្លិនស្អុយ​ និង​ធ្វើ​ឲ្យ​បរិស្ថាន​ផ្ទះ​របស់​អ្នកស្រី​ អួ​ង​ ខែ​ម​ស្អាត​ដែរ​។​ អ្នកស្រី​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ មុន​ពេល​តម្លើង​ឡ​នេះ​ អ្នកស្រី​តែង​កប់​លាមក​ជ្រូក​ចោល​នៅ​ក្បែរ​ផ្ទះ​ តែ​ទោះជា​កប់​ចោល​ក្តី​ក៏​មាន់​តែងតែ​កាយ​ ដែល​ធ្វើ​ឲ្យ​លាមក​រាយ​ប៉ាយ​ ព្រមទាំង​សាយភាយ​ក្លិនស្អុយ​ពាសពេញ​បរិវេណ​ផ្ទះ​។​

​ស្ត្រី​មេផ្ទះ​ម្នាក់​ទៀត​ដែល​ទើប​ត្រឡប់​មក​ពី​លក់​ទឹក​សណ្តែក​នៅ​ឯ​ផ្សារ​វិញ​ និង​ចាប់ផ្តើម​រៀបចំ​កម្តៅ​អាហារ​សម្រាប់​ទទួលទាន​ថ្ងៃត្រង់​ជាមួយ​គ្រួសារ​ អ្នកស្រី​ អួ​ង​ ថុ​ល​ បាន​និយាយ​រៀបរាប់​ពី​ប្រយោជន៍​ដែល​គាត់​ទទួល​បាន​ពី​ការ​ប្រើ​ឡ​នេះ​ថា​ មាន​ឡ​នេះ​ បាន​ជួយ​សន្សំ​ពេលវេលា​ធ្វើ​ទឹក​សណ្តែក​លក់​ ព្រមទាំង​ជួយ​បង្កើន​ចំណូល​ក្នុង​គ្រួ​សារបាន​ផង​ ម្យ៉ាងទៀត​អ្នកស្រី​ក៏​អា​ចត​ភ្ជាប់​អំ​ពូ​ល​ជា​ភ្លើង​សម្រាប់​បំភ្លឺ​ក្នុងផ្ទះ​ដើម្បី​ឲ្យ​កូន​របស់​អ្នកស្រី​រៀនសូត្រ​បាន​ដែរ​។​

​បើ​តាម​សៀវភៅ​កម្រង​ព័ត៌មាន​ស្តី​ពី​«​កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ​នៅ​កម្ពុជា​»​ បាន​វាយតម្លៃ​ផល​ចំណេញ​ពី​ការ​តម្លើង​ឡ​ជីវឧស្ម័ន​នេះ​ថា​ ក្នុង​ប្រជាជន​មួយ​គ្រួសារ​អាច​សន្សំ​បាន​ ១១,៥​ដុល្លា​ ក្នុង​មួយ​ខែ​ពី​ការ​ទិញ​អូស​ ធ្យូង​ ប្រេងកាត​ ឬ​អា​គុយ​ និង​៥​ដុល្លា​ផ្សេង​ទៀត​ពី​ការ​ទិញ​ជីគីមី​។​ កម្មវិធី​បង្កើត​ឡ​ជីវឧស្ម័ន​នេះ​ ក៏​រួមចំណែក​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ធ្វើ​អូស​ដុត​ជា​មធ្យម​ស្មើរ​នឹង​ ១៥០​គីឡូក្រាម​ក្នុង​មួយ​ខែ​ ព្រមទាំង​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​ ហើយ​ជួយ​ឲ្យ​ផ្ទះ​មាន​អនាម័យ​ល្អ​ និង​បង្កើន​ប្រពលវប្បកម្ម​ដោយ​ការ​ប្រើ​កាក​សំណល់​ឡ​ ជា​ពិសេស​ជួយ​សម្រួល​បន្ទុក​ការងារ​ស្ត្រី​ និង​កុមារ​ក្នុង​ការ​ស្វែងរក​អូស​ សម្រាប់​ចំអិន​អាហារ​ជា​មធ្យម​ប្រមាណ​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។​

អ្នកស្រី អួង ថុល កំពុងដាំស្ល
អ្នកស្រី អួង ថុល កំពុងដាំស្ល

​បើ​និយាយ​ពី​ការ​តម្លើង​ឡ​ជីវឧស្ម័ន​នេះ​វិញ​ ស្ត្រី​វ័យ​ ៤៩​ អ្នកស្រី​ គួ​ន​ សួស្តី​ បាន​រៀបរាប់​បន្ថែម​ថា​៖​ «​នៅ​ក្នុង​ការ​តម្លើង​ឡ​នេះ​ ខ្ញុំ​ចំណាយ​អស់​ថវិការ​ ៤០០​ដុល្លា​ រួម​ផ្សំ​ជំនួយ​ថវិការ​ពី​កម្មវិធី​ ១៥០​ដុល្លា​ផង​»​។​ និយាយ​ដោយ​សម្តី​មួយៗ​ ច្បាស់ៗ​លាយឡំ​នឹង​ទឹកមុខ​ញញឹម​ស្ត្រី​មេផ្ទះ​រូប​នេះ​ បាន​បញ្ជាក់​បន្ថែម​ថា​៖​ «​នៅ​ក្នុង​ការ​តម្លើង​ឡ​នេះ​ គ្រួសារ​នីមួយៗ​ចាំបាច់​ត្រូវ​ចិញ្ចឹមសត្វ​គោ​ ក្របី​ ជ្រូក​ មាន់​ទា​ជាដើម​ ដែល​ផ្តល់​ជាលា​មក​ ម្យ៉ាង​ត្រូវ​តែ​មាន​ទំហំ​ដី​ធំ​សម​ល្មម​ដែរ​។​ ក្នុង​ការ​តម្លើង​ផង​ដែរ​ គេ​ត្រូវការ​រយៈពេល​មួយ​ខែ​ និង​ត្រូវការ​ផ្សំ​លាមក​សត្វ​ឲ្យ​គ្រប់​ទម្ងន់​១​តោន​ទើប​អាច​ផលិត​ចេញ​ជា​ឧស្ម័ន​មេតាន​ប្រើ​សម្រាប់​ដុត​ចម្អិន​អាហារ​បាន​»​។​

អ្នកស្រី អួង ថុល កំពុងលើកលាមកសត្វដាក់ក្នុងឡជីវឧស្ម័ន
អ្នកស្រី អួង ថុល កំពុងលើកលាមកសត្វដាក់ក្នុងឡជីវឧស្ម័ន

​ដើម្បី​ប​ម្លែ​ង​លាមក​សត្វ​ឲ្យ​ក្លាយទៅជា​ឧស្ម័ន​ អ្នកស្រី​ សួរ​ស្តី​ បាន​ពន្យល់​ថា​ ដំបូង​គេ​ត្រូវ​យក​លាមក​សត្វ​ចាក់​ចូល​ទៅ​ក្នុង​ឡរ​ដែល​សង់​ពី​ឥដ្ឋតាន់​ លាយ​ជាមួយ​ទឹក​រួច​កូរ​ឲ្យ​សព្វ​ល្បាយ​ និង​រើស​សំរាម​ចេញ​ដើម្បី​កុំ​ឲ្យ​ស្ទះ​ឡ​។​ បន្ទាប់​មក​បើក​ឆ្នុក​បង្ហូរ​ល្បាយ​ទាំងនោះ​ ចូល​ទៅ​ក្នុង​ឡ​មួយទៀត​ដែល​មាន​រាង​មូល​ធំ​កប់​នៅ​ក្នុង​ដី​ ក្រោយមក​ល្បាយ​ទាំងនោះ​នឹង​បំ​លែង​ទៅ​ជា​ឧស្ម័ន​ដែល​អាច​យក​ទៅ​ប្រើ​ជា​ឧស្ម័ន​ប្រើ​សម្រាប់​ដុត​ចម្អិន​អាហារ​បាន​ មួយ​ផ្នែក​ទៀត​ក៏​អាច​ប្រើ​បំភ្លឺ​ផ្ទះ​ជំនួស​ឲ្យ​ការ​ប្រើ​ប្រេងកាត​។​ ចំណែក​កាក​សំណល់​ពី​ឡ​ក្លាយជា​ជីធម្មជាតិ​មានគុណ​ភាព​ខ្ពស់​ប្រើ​សម្រាប់​ដំណាំ​ និង​ផ្សំ​ជាមួយ​ថ្នាំ​សម្រាប់​កំចាត់​សត្វល្អិត​ ព្រមទាំង​អាច​ផ្សំ​ជាមួយ​ចំណី​សត្វ​បាន​ដែរ​។​

​ឡ​ជី​ឧស្ម័ន​អាច​ផ្តល់​តម្លៃ​ជា​ថាមពល​មធ្យម​ស្មើរ​នឹង​៦​គីឡូវ៉ាត់ម៉ោង​ ដែល​សម​មាត្រ​នឹង​បរិមាណ​អុស​៥,៥​គីឡូក្រាម​។​ ឡ​ថ្មី​នេះ​ មាន​ដើម​កំណើត​មក​ពី​ប្រទេស​ឥណ្ឌា​ណែនាំ​ឲ្យ​ប្រើប្រាស់​ដោយ​កម្មវិធី​រួម​គ្នា​រវាង​ក្រសួង​រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​អង្គការ​អភិវឌ្ឍ​នៃ​ប្រទេស​ហូ​ឡង់​ក្រោម​ស្លាក​ «​កម្មវិធី​ឡរ​ជីវឧស្ម័ន​ជាតិ​នៅ​កម្ពុជា​»​។​

Share

Image
Image
Image