en     km
en     km

អង្គការ​សីល​ការ​សម្ភោធគម្រោងលើកកម្ពស់យេនឌ័រដើម្បីជួយបំពេញបន្ថែមការងាររដ្ឋាភិបាល

Share

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​ ៨​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ ​ អង្គការ​សីល​ការ​ សម្ភោ​ធ​គម្រោង​មួយដោយ ជួយជម្រុញ ​សេវា​សាធារណៈ​ឃុំ​ និង​ពង្រឹង​ការ​ចូលរួម​ សំដៅ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​(​ CLOSE-GAP)​ ​។​ ​គម្រោង​នេះ​ នឹងជួយបំពេញចន្លោះប្រហោងរបស់រាជរដ្ឋាភិបាល។

 

នៅ​ថ្ងៃ​ទី​ ៨​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ នេះ​ អង្គការ​សីល​ការ​ សម្ភោ​ធ​គម្រោង​ដើម្បី​អនុវត្ត​ទៅ​លើ​ការ​ ជម្រុញ ​សេវា​សាធារណៈ​ឃុំ​ ហើយ​ពង្រឹង​ការ​ចូលរួម​ និង​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​(​ CLOSE-GAP)​ នៅ​កម្ពុជា​។​ រូបភាព៖ សោម លាភ

 

​តាម​រយៈ​គម្រោង​នេះ​ ​កញ្ញា​ សេង​ រាសី​ មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​អង្គការ​សីល​ការ​ មើលឃើញ​ថា​ ការ​ចូលរួម​ធ្វើ​កិច្ចការ​ផ្សេងៗ​ របស់​យុវតី​ និង​ស្ត្រី​ មាន​ច្រើន​ហើយ​ ប៉ុន្តែ​ទាក់ទង​នឹង​ការ​សម្រេចចិត្ត​របស់​ស្ត្រី​នោះ​ មិន​ទាន់​មាន​ភាព​ប្រសើរ​តាម​គោលដៅ​របស់​រាជរដ្ឋាភិបាល​នោះ​ទេ​។​

​យ៉ាងណា​ ការ​អនុវត្ត​លើ​គម្រោង​នេះ​ អង្គការ​សីល​ការ​ផ្ដោត​គោលដៅ​សំខាន់​លើ​ការ​បណ្ដុះបណ្ដាល​សមត្ត​ភាព​របស់​ស្ត្រី​នៅ​ថ្នាក់​ឃុំ​ រួម​ទាំង​ការ​ធ្វើ​ការងារ​ជាមួយ​យុវជន​ជាដើម​ ដើម្បី​ជម្រុញ​ឱ្យ​ពួក​គាត់​ក្លាយជា​ថ្នាក់ដឹកនាំ​សង្គម​ ឬ​តំបន់​របស់​ខ្លួន​ផ្ទាល់​។​

​ទន្ទឹម​នឹង​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​បង្កើត​នូវ​គោលនយោបាយ​សម្រាប់​គាំពារ​ស្ត្រី​រួច​ហើយ​ដែរ​។​
​ជាក់ស្ដែង​ លោកស្រី​ គឹ​ម​ ស៊ី​ផាត់​ អគ្គនាយក​នៃ​អគ្គ​នាយ​ដ្ឋា​ន​សមភាព​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ នៃ​ក្រសួង​កិច្ចការ​នារី​ ថ្លែង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ មាន​យន្តការ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​តាម​រយៈ​ការ​បង្កើត​គណៈកម្មការ​ពិគ្រោះ​យោបល់​ផ្សេងៗ​ ទៅ​លើ​ស្ត្រី​នឹង​កុមារ​ រួច​ហើយ​។​ លោកស្រី​បន្ថែម​ថា​ គណកម្មការ​ពិគ្រោះ​យោបល់​នោះ​ កំពុង​តែ​ដំណើរការ​ និង​ទទួល​បានការ​គាំទ្រ​ពី​ដៃគូរ​ពាក់ព័ន្ធ​ផ្សេងៗ​ ព្រមទាំង​រាជរដ្ឋាភិបាល​ផង​ដែរ​។​

​លោក​ ស្រី​ គឹ​ម​ ស៊ី​ផាត​ ទទូច​ថា​ អង្គការ​សីល​ការ​គួរតែ​អនុវត្ត​យន្តការ​ដែល​រាជរដ្ឋាភិបាល​មាន​ស្រាប់​។​

ស្ដាប់សំឡេង ​លោក​ ស្រី​ គឹ​ម​ ស៊ី​ផាត៖

​យ៉ាងណា​ កញ្ញា​ សេង​ រាសី​ បញ្ជាក់​ថា​ ការ​បង្កើត​រចនា​សម្ព័​ន​គណៈកម្មការ​របស់​គម្រោង​នេះ​ មិនមែន​បង្កើត​ឱ្យ​ជាន់​ទៅ​នឹង​គណៈកម្មការ​ ឬ​យន្តការ​របស់​រាជរដ្ឋាភិបាល​នោះ​ទេ​។​

​កញ្ញា​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ អង្គការ​សីល​ការ​ មិន​ធ្វើ​តាមតែ​យន្តការ​ដែល​មាន​ស្រាប់​ពី​ក្រសួង​នោះ​ទេ​ ពោល​គឺ​អង្គការ​នេះ​ អនុវត្ត​យន្តការ​ផ្សេង​ដើម្បី​បំពេញ​ភាព​ខ្វះចន្លោះ​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល​។​

ស្ដាប់សំឡេងកញ្ញា​ សេង​ រាសី​ ៖

​ដោយឡែក​ លោក​ សំ​ គ​ន្ធា​មី​ នាយ​ប្រតិបត្តិ​នៃ​អង្គការ​និ​ច​ហ្វិ​ក​ មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​បង្កើត​ និង​អនុវត្ត​គម្រោង​ហៅ​កាត់​ថា​ CLOSE​ GAP​ នេះ​ ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ ព្រមទាំង​ជួយ​សម្រាល​កិច្ចការ​របស់​ក្រសួង​ពាក់ព័ន្ធ​ និង​រាជរដ្ឋាភិបាល​ផង​ដែរ​។​

ស្ដាប់សំឡេង សំ​ គ​ន្ធា​មី​ ៖

​លោក​ បញ្ជាក់​ថា​ រាល់​គម្រោង​ទាំងអស់​របស់​អង្គការក្រៅរដ្ឋាភិបាល​ ឬ​សង្គម​ស៊ី​វិល​ គឺ​គួរ​អនុវត្ត​គោលនយោបាយ​នៃ​គម្រោង​របស់​ខ្លួន​ទើប​ជា​ការ​ប្រសើរ​។​

​កញ្ញា​ សេង​ រាសី​ សង្ឃឹមថា​ការ​អនុវត្ត​គម្រោង​នេះ​និង​ភាព​រលូន​ទៅ​ថ្ងៃ​មុខ​។​ កញ្ញា​សង្កត់ធ្ងន់​ថា​ កិច្ច​ការងារ​របស់​សង្គម​ស៊ី​វិល​ ជា​ការងារ​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​កិច្ចការ​សង្គម​ មិនមែន​ជា​ការ​រាំងស្ទះ​ការងារ​នោះ​ទេ​។​

​សូម​បញ្ជាក់​ថា​ ការ​បង្កើត​គម្រោង​នេះ​ឡើង​ គឺ​ដើម្បី​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រលើ​ការ​សម្រេចចិត្ត​របស់​ពួក​គាត់​នៅ​ថ្នាក់​ក្រោម​ជាតិ​ ជា​ពិសេស​នៅ​ថ្នាក់​ឃុំ​សង្កាត់​។​ គម្រោង​ CLOSE​ GAP​ នេះ​ មាន​គោលដៅ​ក្នុង​ខេត្ត​ចំនួន​ ៥​ គឺ​ខេត្តកំពង់ធំ​ ខេត្តស្ទឹងត្រែង​ ខេត្តកំពង់ឆ្នាំង​ ខេត្តកណ្ដាល​ និង​ខេត្ត​ត្បូងឃ្មុំ​។​
​យ៉ាងណា​ គម្រោង​នេះ​ត្រូវ​បាន​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១​ សីហា​ ឆ្នាំ​ ២០១៨​ រហូត​ដល់​ថ្ងៃ​ទី​ ៣០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២០៕​

Share

Image
Image
Image