en     km
en     km

អង្គការ ​Save the children ប្រារព្ធខួប ១០០ឆ្នាំក្រោមប្រធានបទ«ក្តីស្រមៃសម្រាប់ថ្ងៃអនាគត»

Share

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភានេះអង្គការ Save the children បានប្រារព្ធខួបលើកទី ១០០ឆ្នាំនៃការកកើតអង្គការរបស់ខ្លួន ក្រោមប្រធានបទ«ក្តីស្រមៃសម្រាប់ថ្ងៃអនាគត»។ កម្មវិធីនេះធ្វើនៅក្នុងផ្សារទំនើបអ៊ីអនទី២ ស្ថិតក្នុងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ មន្រ្តីអង្គការ Save the children​ បញ្ជាក់ថា ការរៀបចំកម្មវិធីនេះ ក្នុងគោលបំណងអបអរសាទរខួប ១០០ឆ្នាំរបស់ខ្លួនជាមួយនឹងបេសកកម្មដើម្បីអនាគតកុមារក្នុងប្រទេសកម្ពុជា។ ជាងនេះទៀត ការប្រារព្ធពិធីនេះ ក៏មានបំណងបង្កើនការយល់ដឹងពីសារៈសំខាន់នៃការគាំពារ និងអភិវឌ្ឍកុមារតូច និងតម្រូវការក្នុងការបង្កើនការវិនិយោគលើកុមារផងដែរ ពិសេសកុមារនៅតំបន់ដាច់ស្រយោល។

សកម្មភាពមន្រ្តីអង្គការ Save the children ថតរូបអនុស្សាវរីយ៍ជាមួយប្អូនៗកុមារក្នុងកម្មវិធីខួបលើកទិ១០០ឆ្នាំ នៃការបង្កើតអង្គការSave the children ។រូបភាពWMC, keosokha។

 

ក្នុងកម្មវិធីដែលរៀបចំក្នុងផ្សារទំនើបអ៊ីអនទី ២នេះ អង្គការ Save the children បានរៀបចំទីកន្លែងឱ្យសាធារណជន ពិសេសកុមារតូចៗ អាចចូលរួមគូរគំនូរ ផាតពណ៌លើផ្ទាំងគំនូរដើម្បីដាក់បង្ហាញផងដែរ។ បន្ថែមលើសពីនេះ ប្អូនៗកុមារអាចចូលទៅអានសៀវភៅ ហើយអាណាព្យាបាលក៏អាចពិភាក្សា ឬព្រឹក្សាយោបល់ជាមួយអ្នកជំនួញពីរបៀបបង្ហាត់បង្រៀនកុមារតូច និងចម្ងល់ផ្សេងៗទាក់ទងការអប់រំកុមារបានផងដែរ។ កម្មវិធីនេះចាប់ផ្តើមពីម៉ោង ៩ ព្រឹកដល់ ១០យប់ នឹងមានកម្មវិធីកំសាន្តសប្បាយនានាមួយចំនួនទៀត។ នៅពេលរសៀលក៏មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារុន ផងដែរ។

សូមរំលឹកថា អង្គការ Save the children ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយបងប្អូនស្រីជនជាតិអង់គ្លេស ពីរនាក់គឺលោកស្រី អេហ្គឡេនទីន ជេប និងប្អូនស្រីឈ្មោះ ដូរ៉ូធី បុកស៍ថុន ។ អង្គការ Save the children ដំបូងឡើយត្រូវបានបង្កើតជាមូលនិធិ សង្គ្រោះកុមារមួយ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់កុមាររងគ្រោះទុរ្ភក្សិក្រោយសង្គ្រាមនៅអឺរ៉ុប។

                  សៀវភៅដែលអង្គការSave the children ដាក់សម្រាប់ឱ្យសាធារណជន ពិសេសកុមារអាចអានបាន។WMC,keosokha

 

បច្ចុប្បន្នអង្គការ Save the children បានក្លាយជាអង្គការធំមួយក្នុងចំណោមអង្គការអន្តរជាតិធ្វើការលើផ្នែកមនុស្សធម៌ និងអភិវឌ្ឍ ហើយទទួលបានការទទួលស្គាល់ជុំវិញពិភពលោកផងដែរ។ អង្គការមួយនេះជាអង្គការឯករាជ្យមួយធ្វើការជួយដល់កុមារទូទាំងសកលលោក ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការនៅប្រទេសជាង ១២០ ជុំវិញពិភពលោក។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការ Save the children បានស្រង់ប្រសាសន៍របស់លោកស្រី អេលីហ្សាបែត ភៀស នាយិកាអង្ គការ Save the children ប្រចាំនៅកម្ពុជាដោយលោកស្រីកត់សម្គាល់ឃើញថា៖«កុមារមកពីក្រួសារក្រីក្រ នៅតាមតំបន់ជនបទ និងដាច់ស្រយាលនៅកម្ពុជា នៅតែមានការលំបាកក្នុងការទទួលបាននូវសេវាគាំពារ និងការអភិវឌ្ឍបើធៀបនិងកុមារដែលមានជីវភាពធូរធានៅទីក្រុង»។ ជាក់ស្តែងអង្គការ Save the children បានសហការជាមួយក្រសួងអប់រំ​ផ្តល់កិច្ចអន្តរាគមន៍ នៅក្នុងសហគមន៍មួយចំនួនដែលនៅដាច់ស្រយាល និងមិនមានសេវាទៅដល់ ដូចជាភូមិនៅជុំវិញបឹងទន្លេសាបជាដើម ដើម្បីឱ្យកុមារទាំងនោះអាចមានឱកាសទទួលបានអត្ថប្រយោជន៍ពីសេវាកិច្ចគាំពារ និងអភិវឌ្ឍកុមារតូច។

ក្នុងប្រទេសកម្ពុជាអង្គការ Save the children បានបំពេញបេសកកម្មរបស់ខ្លួនអស់រយៈពេលជិត ៥០ឆ្នាំមកហើយ។ ដោយឡែកក្នុងឆ្នាំ២០១៨នេះ អង្គការ Save the children បានជួយគាំពារកុមារចំនួនជាង២១ម៉ឺននាក់តាមរយៈគម្រោងរបស់ខ្លួន៕

Share

Image
Image
Image