en     km
en     km

អង្គ​ការ​ PYD​ រៀប​ចំ​ក្បួន​ដង្ហែរ​យុទ្ធ​នា​ការ​ «បុរសល្អ»​​ ដើម្បី​ផ្សព្វ​ផ្សាយ​ការ​ទប់​ស្កាត់​អំពើ​ហឹង្សា​

Share

ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី ​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៥​ នេះ ​កង​កម្លាំង​ប្រដាប់​អាវុធ​ជាតិ​រួម​មាន​ នគរ​បាល ​កង​យុទ្ធ​ពល​ខេម​រ​ភូមិន្ទ​ កង​រាជ​អាវុធ​ហត្ថ​ លោក​គ្រូ​អ្នក​គ្រូ ​និង​សិស្សា​នុ​សិស្ស​ជាង​ ៤៥០​ នាក់​ចូល​រួម​ក្បួន​ដង្ហែរ​ក្នុ​ង​យុទ្ធនា​ការ​ «​បុរស​ល្អ​» ​ធ្វើ​ឡើង​នៅ​សួន​ច្បារ​មាត់​ទន្លេ​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្តាល​។​ ក្បួ​នដង្ហែរ​ក្នុង​យុទ្ធ​នាការ​ «​បុរស​ល្អ»​ នេះ​ ចង់​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ពី​យេន​ឌ័រ​ ឬ​​សម​ភាព​រវាង​​ស្ត្រី​និង​បុរស​ និង​​ការ​បញ្ឃប់​អំពើ​ហឹង្សា​លើ​ស្ត្រី​និង​កុមារ​ តាម​រយៈ​កង​កម្លាំង​ប្រដាប់​អាវុធ​ជាតិ​កម្ពុជា​ធ្វើ​ខ្លួន​ជា​គំរូ​ទៅ​ដល់​ប្រ​ជា​ពលរដ្ឋ​។

10999501_10203098522064257_8596428541844387159_o

​លោក​ស្រី ​គឹម​ ធីតា​កល្យា​ណី​ ប្រធាន​ផ្នែក​ទំនាក់​ទំនង​នៃ​អង្គ​ការ​សន្តិ​ភាព​និង​អភិ​វឌ្ឍន៍​ ​(​PYD)​ បាន​ឱ្យ​ដឹង​ថា ​ការ​ធ្វើ​យុទ្ធ​នាការ​ដើរ​ដង្ហែរ​ក្បួន​ «​បុរស​ល្អ​» ​ឡើង​មាន​គោល​បំណង​ ៤ ​សំខាន់​ៗ ​ទី១​ ការ​ផ្សព្វ​ផ្សាយ​ជា​សាធារ​ណៈ​ពី​យេន​ឌ័រ​និង​ការ​បញ្ឈប់​អំពើ​ហឹង្សា​គ្រប់​រូប​ភាព​លើ​ស្ត្រី​និង​កុមារ​។ ​ទី២​ ការ​លើ​កម្ពស់​ការ​ចូល​រួម​របស់​បុរស​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហឹង្សា​លើ​ស្ត្រី​និង​កុមារី​។ ​ទី៣​ លើក​កម្ពស់​ឱ្យ​មាន​តួ​នាទី​វិជ្ជ​មាន​និង​ពង្រឹង​ការ​ប្តេ​ជ្ញា​ចិត្ត​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ជាតិ​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហឹង្សា​លើ​ស្ត្រី​និង​កុមារី​នៅ​កម្ពុជា​ និង​លើ​កក​​ម្ពស់​គ្រួសារ​គំរូ​ដោយ​បុរស​និង​ស្រ្តី​ធ្វើ​ការ​រួម​គ្នា​ក្នុង​ការ​ពង្រឹង​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា​។​​

ប្រធានផ្នែកទំនាក់ទំនងនៃអង្គការសន្តិភាពនិងអភិវឌ្ឍន៍រូបនេះ បានបញ្ជាក់បន្ថែមថា៖ « អ្នកចូលរួមជាក្នុងយុទ្ធនាការថ្ងៃនេះ មានភាគច្រើនជាមន្ត្រីកងកម្លាំងប្រដាប់អាវុធជាតិមានប្រមាណជាង ៣៥០ នាក់។ នគរបាល​ កងយុទ្ធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ ពួកគាត់មានតួនាទីសំខាន់សម្រាប់ទប់ស្កាត់អំពើហឹង្សាគ្រប់រូបភាពក្នុងសហគមន៍ដែលគាត់រស់នៅ ជាអ្នកអនុវត្តច្បាប់ប្រៀបដូចជាម្តាយឪពុករបស់ប្រជាពលរដ្ឋមើលថែរក្សាសណ្ដាប់ធ្នាប់ពលរដ្ឋនៅក្នុងសង្គម »។

good man 1

​ក្រៅពី​មន្រ្តី​នគរ​បាល​​ កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​ កង​រាជ​អាវុធ​ហត្ថ​ជាតិ​ យុទ្ធ​ការ​ដង្ហែ​រក្បួន​ «​បុរស​ល្អ​» ​មាន​ការ​ចូល​រួម​ពី​លោកស្រី លោកស្រី ឡៅ វណ្ណារត្ន័ ប្រធានស្តីទី មន្ទីកិច្ចការនារីខេត្តកណ្តាល ព្រមទាំង លោកជំទាវ ទេស ចន្ទ័សារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី  និង លោកស្រី គឹម ធីតាកល្យាណី ប្រធានផ្នែកទំនាក់ទំនង អង្គការ PYD ចូលរួមជាគណៈធិបតី។ ក្រៅពីនោះក៏​មាន​លោក​គ្រូ​អ្នក​គ្រូ ​សិស្សា​នុ​សិស្ស​ថ្នាក់​វិទ្យា​ល័យ​ជាង ​១០០​ នាក់​ចូល​រួម​ផងដែរ។

​យុទ្ធ​ការ​ដង្ហែ​រក្បួន​ «បុរសល្អ»​​ ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​ ៧: ​៣០​នាទី​ព្រឹក ​ដល់​ម៉ោង​ ១០​ : ​០០ ​ព្រឹក​ ចម្ងាយ​ផ្លូវ ​៤ ​គីឡូ​ម៉ែត្រ​​​ចាប់​ផ្តើម​ដើរ​ដង្ហែរ​ចេញ​ពី​សួន​ច្បារ​មាត់​ទន្លេ​ក្រុង​តា​ខ្មៅ ដើរ​ចូល​ច្រក​ផ្សារ​តាខ្មៅ​ពីរ​ជុំ បន្ត​ដើរ​កាត់​រង្វង់​មូល​តាខ្មៅ​ ឆ្ពោះ​ទៅ​នៅ​សួន​ច្បារ​មាត់​ទន្លេ​​ក្រុង​តា​ខ្មៅ​វិញ​ ។

សូម​បញ្ជាក់​ថា​ យុទ្ធ​ការ​ដង្ហែរ​ក្បួន ​«​បុរសល្អ​» ​ដោយ​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ជាតិ​ចូល​រួម​នៅ​ថ្ងៃនេះ​ជា​លើក​ទី ​៧ ​ហើយ​ដែលសហការរៀបចំដោយក្រសួងកិច្ចការនារី និង​អង្គ​ការ​សន្តិ​ភាព​និង​អភិវឌ្ឍន៍​​ (PYD) ​។ ​ក្នុងឆ្នាំ ​២០១៤​ កន្លងទៅ​ យុទ្ធនា​ការ​នេះ​ មាន​​នគរ​បាល​ ​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​ កង​រាជ​អាវុធ​ហត្ថ​ជាតិ​ចូល​រួម​ប្រមាណ​ជាង​ ២០០០ ​នាក់ ​នៅ​ខេត្ត​ចំនួន ​៦​ រួមមាន ​ខេត្ត​កំពត ​កំ​ពង់ស្ពឺ​ ស្ទឹងត្រែង​ រតនៈគិរី​ កំពង់ធំ​ និង​ខេត្ត​កំពង់​ឆ្នាំង​។  ​

Share

Image
Image
Image