en     km
en     km

អាណាព្យាបាលនិងសិស្សប្រឡងបាក់ឌុបរីករាយចំពោះការរឹត បណ្តឹងពេលប្រឡង

Share

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នេះក្រសួងអប់រំយុវជន និងកីឡា បានរៀបចំការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា ដោយការរឹតបណ្តឹងយ៉ាងខ្លាំង ក្រោមទឹ្រស្តីថា«អ្នកចេះ គឺជាប់»។ វិទ្យុស្រ្តីបានចុះទៅឃ្លាំមើលការប្រឡងនៅវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ និងបានសម្ភាសន៍សិស្ស អាណាព្យាបាលសិស្ស និងសមត្ថកិច្ចមួយចំនួន។ ពួកគេយល់ថា ការប្រឡងដែលមានការរឹតបណ្តឹងបែបនេះ ជាផ្នែកមួយផ្តល់ភាពយុត្តិធម៌ដល់សិស្សដែលមានសមត្ថភាពពិត និងជាមាគ៌ានាំវិស័យអប់រំ និងធនធានមនុស្សរបស់កម្ពុជាកាន់តែរីកចម្រើនទៅមុខ។

លោក កែវ សុខា បានចុះទៅយកព័ត៌មានជុំវិញការប្រឡងបាក់ឌុបនៅវិទ្យាល័យទួលទំពូងមានសេចក្តីរាយការណ៍!

នេះជាការលើកឡើងរបស់អាណាព្យាបាលសិស្សដែលកំពុងឈរចាំកូនរបស់ខ្លួននៅក្រៅរបងវិទ្យាល័យទួលទំពូង សង្កាត់ទួលទំពូង រាជធានីភ្នំពេញ។

ឳពុកម្តាយ បងប្អូន មិត្តភក្តិ​ និងអាណាព្យាបាលរបស់សិស្សបានឈរត្រៀបត្រាក្បែររបងនៃវិទ្យាល័យទួលទំពូង ជាទិដ្ឋភាពស្តែងចេញឱ្យឃើញពីទឹកចិត្តព្រួយផង អរផង ពេលរង់ចាំកូនៗដែលកំពុងប្រឡងបញ្ចប់ថ្នាក់ទី ១២ រយៈពេល ២ថ្ងៃនេះ។

ទិដ្ឋភាពសិស្សប្រឡងបាក់ឌុបដើរចេញពីមណ្ឌលប្រឡងវិទ្យាល័យទួលទំពូង។រូបភាព កែវ សុខា

អ្នកស្រី ឈិត ចំរើន កំពុង់ឈរចាំកូនក្រោមដើមឆ័ត្រមុខរបងវិទ្យាល័យទួលទំពូងប្រាប់វិទ្យុស្រ្តីថា អ្នកស្រីបានជូនកូនមកប្រឡងបាក់ឌុប ហើយចាំទទួលកូនទៅរកកន្លែងញុំាំអាហារ។ អ្នកស្រីប្រាប់ថា អ្នកស្រីមានអារម្មណ៍ភ័យផង អរផង ព្រោះទើបជាលើកទី១ ដែលជូនកូនមកប្រឡង។ តែយ៉ាងណាអ្នកស្រីជឿជាក់លើសមត្ថភាពរបស់កូនថានឹងអាចប្រឡងជាប់ បើទោះបីជាមានកររឹតបណ្តឹងការប្រឡងយ៉ាងណាក្តី។

អ្នកស្រី ឈិត ចំរើន ។រូបភាព កែវ សុខា

ចំណែកលោក ទូច ធន ដែលជូនកូនមកប្រឡងម្នាក់ដែលនោះនិយាយថា លោករីករាយដែលក្រសួងអប់រំបានរឹតបណ្តឹងការប្រឡងបាក់ឌុប  ព្រោះការរឹបបណ្តឹងនឹងនាំឱ្យសិស្សប្រឹងប្រែងសិក្សាអស់ពីសមត្ថភាព ហើយសិស្សដែលចេះពិតប្រាដកនឹងមានមោទនភាពលើសមត្ថភាពខ្លួនឯង។ លោកឱ្យដឹងថា ការរឹតបណ្តឹងលើការប្រឡងជាផ្នែកមួយអាចអភិវឌ្ឍន៍ធនធានមនុស្សកាន់តែមានសមត្ថភាព ហើយយុវជនក៏មានចំណេះដឹងមួយត្រឹមត្រូវឆ្ពោះទៅកសាងប្រទេសជាតិនាពេលខាងមុខ។

លោក ទូច ធន ។រូបភាព កែវ សុខា

ជាការអង្កេតនៅក្រៅបរិវេណវិទ្យាល័យទួលទំពូងមានការយាមកាមយ៉ាងតឹងរឹងពីសំណាក់សមត្ថកិច្ច។ លោក ដន សុខ មន្រ្តីនរគបាលមួយរូបដែលប្រចាំការទទួលខុសត្រូវផ្នែកសណ្តាប់ធ្នាប់ និងសន្តិសុខ នៅវិទ្យាល័យទួលទំពូងមានប្រសាសន៍ថា នៅព្រឹកថ្ងៃដំបូងនៃការប្រឡងបាក់ឌុប គឺមិនមានបាតុភាពអ្វីគួរឱ្យកត់សំគាល់កើតឡើងនោះទេ។ លោកឱ្យដឹងថា គ្មានឡើយការបោះព្រីយ៉ង ការចែកចាយកំណែវិញ្ញាសាប្រឡង ក្នុងវិទ្យាល័យទួលទំពូងនេះទេ។

ជាការកត់សម្គាល់ដាច់ដោយឡែកមួយទៀត ឃើញថាក្នុងបរិវេណបន្ទាប់ប្រឡងរបស់សិស្ស មានអនុរក្ស និងគណៈកម្មាការត្រួតពិនិត្យអគារដើរល្បាតយ៉ាងតឹងរឹងលើសកម្មភាពប្រឡងរបស់បេក្ខាជន។

អនុរក្សកំពុងពិនិត្យការប្រឡងរបស់សិស្ស។រូបភាព កែវ សុខា

ធ្វើដំណើរចេញពីប្រឡងពេលព្រឹកម៉ោងប្រមាណ ១០និង៣០នាទីព្រឹកថ្ងៃនេះ យុវតីឈ្មោះ ស៊ីម ស្រីម៉ី ឱ្យដឹងថា កញ្ញាមិនបាននាំយកកំណែចូលបន្ទប់ប្រឡងនោះទេព្រោះដឹងថា មានការរឹតបណ្តឹងខ្ពស់ហើយអ្នកប្រព្រឹត្តិល្មើសអាចសាលាបញ្ឍប់មិនឱ្យប្រឡងទៀតផង។ ចំណែកពេលប្រឡងវិញកញ្ញាប្រាប់ថា មានការយាមកាមតឹងរឹងពីអនុរក្ស ហើយតុអង្គុយវិញមានគម្លាតគ្នាឆ្ងាយពិបាកលួចចំលងគ្នា។

យុវតីឈ្មោះ ស៊ីម ស្រីម៉ី

ដោយឡែកសិស្សមួយរូបទៀត យុវជន មាស វិរិទ្ធ លើកឡើងថា លោកគ្រូអ្នកគ្រូដែលជាអ្នកត្រួតពិនិត្យ បានពិនិត្យយ៉ាងម៉ត់ចត់ គឺឆែកស្ទាបហោប៉ាវ និងស្បែកជើងសិស្សនៅខ្លោងទ្វារចូលម្តង នៅបរិវេណសាលាម្តង និងមុនចូលបន្ទប់ប្រឡងម្តងទៀត សូម្បីទូរស័ព្ទក៏ត្រូវដកហូតផងដែរ។ ស្របនឹងវិធានការរឹតបណ្តឹងការប្រឡងបាក់ឌុបនេះ យុវជនរូបនេះសម្តែងក្តីរីករាយ ព្រោះអាចបញ្ចេញអស់ពីសមត្ថភាពដែលខ្លួនមាន និងជាផ្នែកមួយកសាងសមត្ថភាពទៅថ្ងៃអនាគត។

យុវជន មាស វិរិទ្ធ

នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺបន្ទាប់ពីលោក​ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចូលមកកាន់ដំណែង គេសង្កេតឃើញថា ក្រសួងបានរឹតបណ្តឹងយ៉ាងខ្លាំងលើការប្រឡង។ ក្រសួងអប់រំបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដើម្បីទប់ស្កាត់រាល់បាតុភាពអនាធិបតេយ្យពេលប្រឡង ដូចជាការលួចចំលងគ្នា ការបោះព្រីយ៉ង ការចែកចាយកំណែវិញ្ញាសា ការបែកធ្លាយវិញ្ញាសាមុនថ្ងៃប្រឡង ការផ្តល់ប្រាក់កាសទៅកាន់អនុរក្សជាថ្នូរនឹងការចំលងវិញ្ញាសាដោយសេរី និងការលួចធ្វើកំណែពីគ្រូជាអនុរក្សក្នុងថ្នាក់ពេលប្រឡង។

នៅព្រឹកថ្ងៃទី១៩ សីហា ដែលជាថ្ងៃដំបូងនៃការបើកសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិថា នៅឆ្នាំនេះក្រសួងអប់រំនៅតែសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ដដែល។ ប៉ុន្តែ លោកថា ACU មិនបានផ្តល់អ្នកសង្កេតការណ៍មកគ្រប់គ្រងដូចឆ្នាំមុនៗនោះទេ ដោយផ្តល់សិទ្ធិឱ្យក្រសួងជាអ្នករៀបចំ និងពង្រឹងយន្តការអប្បមាទដោយខ្លួនឯង ដែលមានសរុបជាង ២ ពាន់នាក់ទូទាំងប្រទេស និងមានចំនួន ២នាក់ក្នុងមួយបន្ទាប់។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ

ដោយឡែកសម្រាប់លទ្ធផលនៃការប្រឡងរបស់សិស្សនៅឆ្នាំនេះ ក្រសួងបានដាក់បញ្ចូលកម្មវិធីថ្មីលើកំណែវិញ្ញាសារបស់សិស្សដោយរៀបចំមជ្ឈមណ្ឌលកំព្យូរទ័រចំនួនពីរ។ ប្រព័ន្ធថ្មីនេះនឹងយកលទ្ធផលមកវិភាគយ៉ាងជាក់លាក់មុននឹងផ្សព្វផ្សាយលទ្ធផលជាសាធារណៈ។ មួយវិញទៀតសម្រាប់សន្លឹកកិច្ចការរបស់សិស្សដែលមានសញ្ញាសម្គាល់ខុសប្រក្រត្រីនោះនឹងត្រូវឱ្យពិន្ទុសូន្យភ្លាម។

សម្រាប់ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ អ្នកគ្រូ អ៊ុក ឆាយាវី ដែលបានចុះអង្កេតការណ៍ការប្រឡងបាក់ឌុបនៅព្រឹកថ្ងៃនេះដែលនោះនិយាយថា អ្នកគ្រូសាទរចំពោះការរឹតបណ្តឹងការប្រឡងរបស់សិស្ស ដែលជាផ្នែកមួយពង្រឹងគុណភាពអប់រំរបស់សិស្ស។ តែយ៉ាងណាអ្នកគ្រូ ហាក់មិនសប្បាយចិត្តដែលក្រសួងអប់រំអនុញ្ញាតឱ្យភ្នាក់ងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា ពាក់ឯកសណ្ឋានចូលរួមអង្កេតការណ៍។ ចំពោះអ្នកគ្រូការពាក់ឯកសណ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងថ្នាក់រៀនបែបនេះ នឹងជៈឥទ្ធិពលមិនល្អដល់សិស្ស ហើយជាផ្នែកមួយបញ្រ្ជាបគោលនយោបាយបក្សដល់សិស្សដោយប្រយោល។

អ្នកគ្រូ អ៊ុក ឆាយាវី បន្ថែមថា ការរឹតបណ្តឹងលើការប្រឡងរបស់សិស្សជាការល្អ តែក្រសួងត្រូវអនុវត្តវិធានការរឹតបណ្តឹងបែបនេះពីថ្នាក់ក្រោមមកដើម្បីឱ្យសិស្សបានត្រៀមខ្លួនជាស្រេច នឹងជាផ្នែកមួយជួយដាស់តឿនដល់សិស្សឱ្យខិតខំសិក្សាពីកុមារមក។

តាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំកត់សម្គាល់ឃើញថា ដំណើរការប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី១នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ តាមមណ្ឌលប្រឡងមានការចូលរួម និងការទទួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគ គណៈអប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស។ ក្នុងនោះក៏មានការចូលរួមសហការណ៍ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផងដែរ។

សម័យប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ មានបេក្ខជនប្រឡងប្រមាណ ១១ ម៉ឺននាក់ ស្រីមានជាង ៦ម៉ឺននាក់ មាន ២០២ មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួនជាង ៤ ម៉ឺននាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានបេក្ខជនចំនួនជាង ៧ម៉ឺននាក់។ ដោយឡែកបេក្ខជនមានបញ្ហាសុខភាពចំនួន ១៩ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ៕

Share

Image
Image
Image