en     km
en     km

អាមេរិកគាំទ្រវិធានការដកការអនុគ្រោះពន្ធពីកម្ពុជារបស់សហភាពអឺរ៉ុប

Share

ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនចុះផ្សាយជាបន្ទាន់នៅថ្ងៃទី ១២ កុម្ភៈ ដោយគាំទ្សហភាពអឺរ៉ុប អនុវត្តវិធានការដកការអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងពីអាវុធEBA ពីកម្ពុជា ដែលស្ថានទូតរបស់ប្រទេសមហាអំណាចនេះ ចាត់ទុកសហភាពអឺរ៉ុបអនុវត្តដូចនេះ ថាកំពុងតែ រុញកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ 

នេះ ជាការចាប់ផ្ដើមចាត់វិធានការដំណាក់កាលទី ២​របស់សហភាពអឺរ៉ុប លើការដកការអនុគ្រោះពន្ធពីកម្ពុជា ។​

តាមការចុះផ្សាយនេះ ​ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំនៅកម្ពុជាថា អាមេរិក មានកង្វល់ដូចសហភាពអឺរ៉ុបផងដែរ ។

ការព្រួយបារម្ភរបស់ប្រទេសប្រជាធិបតេយ្យធំៗនេះ គឺទាក់ទងនឹងការរំលោភយ៉ាងធ្ងន់ធ្ងរលើសេរីភាពបញ្ចេញមតិ  សិទ្ធិការងារដែលមាន​ការ​ទទួលស្គាល់ជាអន្តរជាតិ ក៏ដូចជាសេរីភាព​របស់អង្គការ និងសមាគម ។

ស្ថានទូតប្រទេសមហាអំណាចនេះ បញ្ជាក់តាមការកត់សម្គាល់របស់ខ្លួនថា ការផ្អាកការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីកម្ពុជានេះ គឺដោយសារតែកម្ពុជាមានការដើរថយក្រោយយ៉ាងធ្ងន់ធ្ងរ ក្នុងការការពារសិទ្ធិមនុស្ស និងសិទ្ធិការងារ នៅក្នុងរយៈពេល ១៨ ខែកន្លងទៅនេះ ។

សហរដ្ឋអាមេរិក បានអំពាវនាវតាមរយៈសេចក្ដីថ្លែងការណ៍នេះ ដោយឱ្យថ្នាក់ដឹកនាំកម្ពុជា ស្ដាឡើងវិញ​នូវលទ្ធិប្រជាធិបតេយ្យ ពហុ​បក្សពិតប្រាកដ ដូចមានចែងនៅក្នុង​រដ្ឋធម្មនុញ្ញ​នៃកម្ពុជា ។

មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏អំពាវនាវឱ្យមានការទម្លាក់បទចោទប្រកាន់លោក កឹម សុខា និងការចោទប្រកាន់ផ្សេងៗទៀត ដែលប្រទេសមហាអំណាចមួយនេះថា ជាចោទប្រកាន់តាមទំនើងចិត្ត ប្រឆាំងនឹងអ្នកទោសនយោបាយដទៃទៀត ។

សហរដ្ឋអាមេរិក ក៏សុំឱ្យមានការអនុញ្ញាតអោយ​​សហជីព អង្គការ ​សារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀត​នៃ​​សង្គមស៊ីវិល ដំណើរការដោយ​គ្មាន​​ការរឹតត្បិតដោយមិនត្រឹមត្រូវ ។

អាមេរិក ក៏បានរំលឹកដល់ថ្នាក់ដឹកនាំកម្ពុជាថា នៅមានឱកាសដើម្បីបញ្ចៀសនូវការដកការអនុគ្រោះពន្ធ EBA ដែលប្រទេសនេះថា ជាការគេចចេញពីផលវិបាកអវិជ្ជមាន ផ្នែកសេដ្ឋកិច្ចនៃកម្ពុជា ។

ប្រទេសមហាអំណាចមួយនេះ សុំឱ្យ​មេដឹកនាំកម្ពុជាតម្កល់សុខុមាល​​​ភាពរបស់ប្រទេស អោយខ្ពស់ជាង​​ផលប្រយោជន៍​ផ្ទាល់ខ្លួន និងផលប្រយោជន៍​​នយោបាយ ។

កាលពីម្សិលមិញ សហភាអឺរ៉ុបបានចេញសេចក្ដីប្រកាសព័ត៌មានជាចំហ និងជាផ្លូវការមួយ មកកាន់ភាគីកម្ពុជា អំពីការចាប់ផ្ដើម អនុវត្តដំណើរ​នៃការដកអនុគ្រោះពន្ធ EBA ក្នុងដំណាក់កាលទី២ ពីកម្ពុជាដោយចាប់ចូលជាធរមានចាប់ពីថ្ងៃទី ១២កុម្ភៈនេះ ដែលអាចនាំទៅរកការដកការអនុគ្រោះ​ពន្ធពីកម្ពុជាជាបណ្ដោះអាសន្ន ។

លោកស្រី Cecilia Malmström ស្នងការនៃគណៈកម្មាការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម ប​ញ្ជាក់ថាទោះជាមាននៅដំណាក់ម្ដងទៀតក្ដី​ ប៉ុន្តែទ្រនិចនាឡិកាកំពុងដើរហើយ គឺនៅសល់ពេលវេលាដែលត្រូវចាត់វិធានការតែប៉ុណ្ណោះ ។ 

តាមសេចក្ដីប្រកាសនេះ គឺរយៈពេល ៦ខែទៀត ជាពេលវេលាតាមដាន និងវាយ​តម្លៃ​ជាក់ស្ដែង  ហើយរយៈពេល ៣ខែម្ដង គឺសហភាពអឺរ៉ុបនឹងបញ្ចេញរបាយការណ៍ដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃដំណើរការវិវត្តនៅកម្ពុជា ។

សូមជម្រាបថា រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបបានព្រមព្រៀងជាផ្លូវការតាមសំណើរបស់គណៈ​កម្មាការអឺរ៉ុបដែលសុំអោយដាក់ដំណើរការដកការអនុគ្រោះពន្ធEBA កាលពីថ្ងៃទី ២៩​ មករា​ ឆ្នាំ២០១៩ ។

ការដកការអនុគ្រោះពន្ធពីកម្ពុជា ដោយសហភាពអឺរ៉ុប នឹងធ្វើឱ្យកម្ពុជាចំណាយលើការនាំចូលទំនិញទៅទីផ្សារនៃប្រទេសដែលជាសមាជិកនៃសហភាពនេះប្រមាណជា ៧០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image