ក្រុងវ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបាន ជូនដំណឹងទៅសភាអាមេរិកអំពីការលក់មីស៊ីលប្រឆាំងនាវាទៅកោះតៃវ៉ាន់ក្នុងតម្លៃ ១៨០ លានដុល្លារសហរដ្ឋអាមេរិក ដែលនេះមើលទៅទំនងជាការបង្ករឲ្យបរិយាកាសនៅដៃសមុទ្រហ្វមូសាកាន់តែក្តៅរោលរាល ជាពិសេសគឺកម្តៅរវាងទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងប៉េកាំង។
ក៏ប៉ុន្តែបើពិនិត្យមើលឲ្យម៉ត់ចត់ទៅ សហរដ្ឋអាមេរិកក៏ដូចប្រទេសដទៃដែរ គឺគ្មានឡើយចំណងការទូតពិតប្រាកដណាមួយ តែត្រូវចងដោយច្បាប់ដោយតម្រូវឲ្យកោះមួយនេះមានសិទ្ធិក្នុងការការពារខ្លួនឯង។ ហើយចិនតែងតែធ្វើការថ្កោលទោសអាមេរិកដែលលក់អាវុធទៅឲ្យតៃវ៉ាន់។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រមនឹងសំណើក្នុងការលក់ចេញនៅមីស៊ីលមូដែល 18 MK-48 Mod6 ដែលជាសព្វាអាវុធធន់ធ្ងន់ទំនើបបំផុតដែលមានតម្លៃស្មើនឹងប្រហែល ១៨០ លាន នេះបើតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារសហប្រតិបត្តិការការពារសន្តិសុខនៃសហរដ្ឋអាមេរិកនាថ្ងៃពុធនេះ។
ការប្រកាសលក់នេះកើតឡើងចំពេលប្រធានាធិបតីកោះតៃវ៉ាន់ដែលនិយមឯករាជ្យភាពលោកស្រីសាយ អ៊ិនវេន ស្បថចូលកាន់តំណែងអាណិត្តទី២និងចិនរិះគន់អាម៉េរិកដែលបានអបអរការចូលកាន់តំណែងជាថ្មីរបស់លោកស្រីកាលពីថ្ងៃពុធទី២០ឧសភា។
នៅក្នុងពិធីសម្បថកាលពីថ្ងៃម្សិលមិញនេះ លោកស្រី ត្សៃ បាននិយាយថា «នៅទីនេះ, ខ្ញុំសូមនិយាយឡើងវិញនូវពាក្យសន្តិភាព, ស្មើភាព, ប្រជាធិបតេយ្យ និងកិច្ចសន្ទនា។ ប៉ុន្តែយើងមិនអាចទទួលពីរ ដើម្បីបន្ទាបតម្លៃរបស់តៃវ៉ាន់»។ លោកស្រី ត្សៃ បានបន្ថែមទៀតថា ភាគីទាំងពីរគួរតែមានកាតព្វកិច្ច ស្វែងរកមធ្យោបាយមួយ ដែលអាចរួមរស់ជាមួយគ្នាបានយូរអង្វែង។
ការដែលរដ្ឋមន្ត្រីការបរទេសអាម៉េរិកអបអរសរសើរប្រធានាធិបតីតៃវ៉ាន់ថា«ក្លាហាននិងមានបញ្ញា» ត្រូវបានក្រសួងការបរទេសចិនចាត់ទុកថាជា«កំហុសឆ្គងខ្លាំងណាស់និងវាក៏គ្រោះថ្នាក់ផងដែរ»។
ក្រសួងការបរទេសចិនបាននិយាយថា ខ្លួន«តូចចិត្តខ្លាំង»ចំពោះសារនេះ និងបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថារំលោភការសន្យាតាំងចិត្តផ្នែកការទូតរបស់ខ្លួន៕