en     km
en     km

អេ​ប៊ី​ស៊ី​អូស្ត្រាលី​បិទ​បញ្ចប់​​គម្រោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​

Share

ភ្នំពេញ​៖​ សាជីវកម្ម​សោត​ទស្សន៍​អេ​ប៊ី​ស៊ី​អូស្ត្រាលី​ (ABC)​ ដែល​បាន​អនុវត្ត​គម្រោង​ចំនួន​ ៤​ នៅ​កម្ពុជា​ និង​ ផ្ដល់​ថវិកា​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​ ចាប់តាំងពី​ឆ្នាំ​ ២០០៥​ មក​នោះ​ បាន​បិទ​បញ្ចប់​គម្រោង​របស់​ខ្លួន​ជា​ស្ថាពរ​ហើយ​ ។

                  លោក​ រត្ន​ ញាតា​ នាយក​គម្រោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អភិបាលកិច្ច​នៅ​កម្ពុជាPhoto: ធូ វិរៈ/Thou Vireak

​លោក​ រត្ន​ ញាតា​ នាយក​គម្រោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អភិបាលកិច្ច​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ រដ្ឋា ភិ បាល​អូស្ត្រាលី​បាន​សម្រេច​កាត់​បន្ថយ​ចំណាយ​ថវិកា​ជំនួយ​អន្តរជាតិ​នៅ​ទូ​ទាំង​ពិភពលោក​ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទំនាក់​ ទំនង​ ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​ ។​ ដូច្នេះ​ហើយ​ ទើប​រដ្ឋាភិបាល​អូស្ត្រាលី​បាន​បញ្ចប់​គម្រោង​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​ ៣០​ ខែមីនា​ ឆ្នាំ​ ២០១៩​ នេះ​តទៅ​ ។​

​អេ​ប៊ី​ស៊ី​អូស្ត្រាលី​ ដែល​បាន​ទទួល​មូលនិធិ​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ បាន​អនុវត្ត​គម្រោង​ចំនួន​ ៤​ ។​ គម្រោង​ទី​មួយ​ អនុវត្ត​នៅ​ឆ្នាំ​ ២០០៥​ ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព​បុគ្គលិក​ នៃ​វិទ្យុជាតិ​កម្ពុជា​ និង​ បង្កើត​កម្មវិធី​សន្ទនា​មតិ​ ដែល​មានឈ្មោះ​ថា​ «​ជិ​វិត​យើង​សង្គម​យើង​»​ ។​ ថ្វីបើ​គម្រោង​នេះ​បាន​បិទ​បញ្ចប់​នៅ​ឆ្នាំ​ ២០១១​ ហើយ​ក៏​ដោយ​ ក៏​កម្មវិធី​វិទ្យុ​នេះ​ នៅ​តែ​បន្ត​ផ្សាយ​រហូត​មក​ដល់​សព្វថ្ងៃ​ លើ​រលក​អាកាស​វិទ្យុជាតិ​កម្ពុជា​ ។​

​ដោយឡែក​គម្រោង​បន្ត​មក​ទៀត​ គឺ​គម្រោង​ «​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​»​ បាន​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​ ២០១១​ នៅ​ថ្នាក់​ក្រោម​ជាតិ​ ជាមួយ​មន្ទីរ​ព័ត៌មាន​ខេត្ត​ចំនួន​បួន​ គឺ​ ខេត្តបាត់ដំបង​ សៀមរាប​ កំពង់ចាម​ និង​កំពត​ ព្រមទាំង​វិទ្យុ​សហគមន៍​មួយ​នៅ​ខេត្តក្រចេះ​ ។​ ក្នុង​គម្រោង​នេះ​ អេ​ប៊ី​ស៊ី​អូស្ត្រាលី​បាន​បង្កើត​«​កម្មវិធី​សន្ទនា​មតិ​»​ ផ្សាយ​តាម​រលក​អាកាស​វិទ្យុជាតិ​ខេត្ត​ ដែល​ផ្តោត​លើ​ការ​ផ្តល់​សេវា​សាធារណៈ​របស់​អាជ្ញា ធរ​ថ្នាក់​ក្រោម​ជាតិ​ជូន​ប្រជា​ពល​ដ្ឋ​ ។​ កម្មវិធី​វិទ្យុ​សន្ទនា​មតិ​នេះ​ ជា​វេទិកា​សម្រាប់​កិច្ច​ពិភាក្សា​រវាង​ប្រជាពលរដ្ឋ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ និង​មន្ត្រី​រាជរដ្ឋាភិបាល​ ហើយ​ដែល​បាន​ទទួល​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ ។​

​លោក​ រត្ន​ ញាតា​៖ «​យើង​មាន​ក្រុមប្រឹក្សា​គម្រោង​ដែល​មាន​សមាជិក​ជា​អភិបាលរង​ខេត្ត​នីមួយៗ​ គេ​ប្រចាំការ​ ហើយ​ជា​គម្រោង​រដ្ឋាភិបាល​ទាំង​ពីរ​ រដ្ឋាភិបាល​ខ្មែរ​គាំទ្រ​ ក្រសួង​ព័ត៌មាន​ ឯកឧត្តម​ខៀវ​ កញ្ញា​រី​ទ្ធ​លោក​គាំទ្រ​ តាំងពី​ដើម​ទី​ តាំងពី​ខ្ញុំ​ចុះ​មក​ធ្វើការ​ដំបូង​ គាត់​ស្រលាញ់​ពេញចិត្ត​ ក្រោយមក​ទាក់ទង​ក្រសួងមហាផ្ទៃ​គេ​គាំទ្រ​ទៀត​ ។​ ព្រោះ​វា​ស្ថិត​នៅ​ក្នុង​រង្វង់​អភិបាលកិច្ច​របស់​រដ្ឋាភិបាល​ខ្មែរ​យើង​ យើង​អត់​ធ្វើ​ថ្មី​ទេ​ រដ្ឋាភិបាល​ខ្មែរ​យើង​បញ្ចេញ​ថា​ អត្តសញ្ញាណ​កម្ម​អត់​យក​លុយ​ អូ​ឃេ​អ​ញ្ចឹ​ង​យើង​ប្រាប់​ថា​ អត់​យក​លុយ​ អ​ញ្ចឹ​ង​អ្នក​ណាខ្លះ​បង់លុយ​ប្រាប់​មក​ ។​ ប្រជាពលរដ្ឋ​តេ​ទូរស័ព្ទ​មករ​អ៊ូ​ ខ្ញុំ​បង់​៥០០០​រៀល​ ខ្ញុំ​បង់​១០,០០០​រៀល​ ខ្លះ​អត់​យក​លុយ​ អត់​ទៅ​ មានរឿង​អី​យើង​យក​លុយ​គេ​ …»​។​

​ លោកបន្តថា៖«សំខាន់​យើង​បាន​បង្កើត​ជា​វេទិកា​មួយ​នៅ​វិទ្យុ​ ពាក់ព័ន្ធ​នឹង​កង្វល់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ ។​ ឧទាហរណ៍​ ការ​ផ្តល់​សេវា​សាធារណៈ​ដោយ​ផ្តោត​លើ​ការ​ចេញ​អត្តសញ្ញាណប័ណ្ណ​ ការ​ធ្វើ​ផ្លូវថ្នល់​ ការ​ធ្វើ​បង្គន់​អនាម័យ​តាម​សាលា​ អ​គ្តី​ស​នី​ដែល​យក​ថ្លៃ​ ពាក់ព័ន្ធ​សេវា​សាធារណៈ​យើង​ផ្តោត​ច្រើន​ ដើម្បី​កែ​លម្អ​ការ​ផ្តល់​សេវា​សាធារណៈ​»​។​

លោក​ រត្ន​ ញាតា​ នាយក​គម្រោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អភិបាលកិច្ច​នៅ​កម្ពុជា(កណ្តាលពាក់អាវផ្កាឈួក) ថតរូបជាអនុស្សាវរីយ៍ជាបុគ្គលិកមណ្ឌលព័ត៌មានស្រ្តីកម្ពូជាមុនលោកវិលត្រឡប់ប្រទេសអូស្រ្តាលីវិញ។ Photo: ធូ វិរៈ/Thou Vireak

​ខណៈ​ដែល​គម្រោង​បាន​បិទ​បញ្ចប់​នៅ​កម្ពុជា​ អេ​ប៊ី​ស៊ី​អូស្ត្រាលី​ បាន​ឧបត្ថម្ភ​ឧបករណ៍​វិទ្យុ​ និង​ សម្ភារៈ​ការិយាល័យ​ដល់​មន្ទីរ​ព័ត៌មាន​ខេត្ត​គោលដៅ​ទាំង​៤​ ព្រមទាំង​អង្គការ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​។

​លោក​ រត្ន​ ញាតា​៖​ «​ដោយសារ​តែ​មណ្ឌល​ព័ត៌មាន​កម្ពុជា​ជា​អង្គការក្រៅរដ្ឋាភិបាល​ ហើយ​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែរ​ សម្ភារៈ​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​អាច​យក​ទៅ​ប្រើ​បាន​ ហើយ​មណ្ឌល​ព័ត៌មាន​ស្ត្រី​បម្រើ​ស្ត្រី​ពិតប្រាកដ​ ជា​មណ្ឌល​មួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ គ្មាន​ចូលបក្ស​សម្ព័ន្ធ​ គណបក្ស​ណា​ អ​ញ្ចឹ​ង​អេ​ប៊ី​ស៊ី​ពេញចិត្ត​ផ្តល់​ឲ្យ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ ។​ យល់​ឃើញ​ថា​ សម្ភារៈ​ទាំងអស់​នឹង​ប្រើ​ដើម្បី​មណ្ឌល​ បម្រើ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ ដែល​មាន​វិទ្យុ​ផ្សព្វផ្សាយ​។​

Share

Image
Image
Image