en     km
en     km

អ្នកធាក់ស៊ីក្លូសល់តិចតួចសំងំដឹកភ្ញៀវបរទេសខណៈពលរដ្ឋខ្មែរលែងនិយម

Share

(ភ្នំពេញ)៖ ស៊ីក្លូ គឺជាត្រីចក្រយានមួយប្រភេទសម្រាប់ដឹកអ្នកដំណើរ និងរបស់របរផ្សេងៗ ដែលគេនិយម នៅសម័យអាណាព្យាបាលបារាំង។ បច្ចុប្បន្នត្រីចក្រយាននេះស្ទើរតែបាត់បង់ទៅហើយ ដោយសារតែមានការអភិវឌ្ឍ ផ្នែកមធ្យោបាយធ្វើដំណើរថ្មីៗទំនើបៗ ដែលបង្កភាពងាយស្រួលនៅក្នុងការធ្វើដំណើរ ព្រមទាំងចំណេញពេលវេលា បើធៀបទៅនឹងស៊ីក្លូដែលធា្លក់ដោយជើង។​ ការណ៍ទាំងនេះបានធ្វើឲ្យអ្នកខ្លះឈប់បន្តនូវរបរនេះ ចំណែកឯអ្នកខ្លះទៀត នៅតែបង្ខំចិត្តបន្ត ព្រោះតែជីវភាពគ្រួសារ នឹងគ្មានជម្រើសការងារ។

បច្ចុប្បន្នអ្នកដែលកំពុងប្រកបនូវរបរមួយនេះ គឺយើងសង្កេតឃើញមានតែមនុស្ស ដែលមានវ័យចំណាស់ៗតែប៉ុណ្ណោះដែលនៅតែបន្ត ហើយសម្រាប់ក្មេងៗជំនាន់ ក្រោយគឺភាគច្រើនជ្រើសរើសយករបរផ្សេងដូចជារត់កង់បី ឬរត់ម៉ូតូដុបជាដើម។

បើដូច្នេះ តើស៊ីក្លូអាចនឹងបាត់បង់អត្តសញ្ញាណដែរ ឬទេ នាពេលអនាគត?

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីរាយការណ៍៖

———-សំលេងចរាចរណ៍————

ក្បួនដង្ហែពណ៌បៃតងមួយខ្សែរ ចេញដំណើរពីភោជនីយដ្ឋានមួយកន្លែងក្បែររង្វង់មូលដើមពោធិ៍ទន្លេសាប ឆ្ពោះទៅខាងក្រោយព្រះបរមរាជវាំង ទីនោះហើយគឺជាសួនច្បារវត្តបទុម។ មុននឹងទៅដល់សួនច្បារនោះ ក្បួនដង្ហែនេះបានធ្វើដំណើរឆ្លងកាត់ដងផ្លូវមុខព្រះបរមរាជវាំង ដែលការណ៍ទាំងនេះ វាប្រៀបបានដូចជាគ្រឿងលំអដែនទេសភាពដងផ្លូវទន្លេចតុមុខយ៉ាងស្រស់ត្រកាល គួបផ្សំជាមួយនឹងសំលេងយានជំនិះផ្សេងៗនៅលើដងវិថីដែលអាចបញ្ជាក់បានថានេះ គឺជាការមមាញឹកនៃចរាចរណ៍នៅក្នុងរាជធានី ភ្នំពេញ។   ត្រីចក្រយានពណ៌បៃតង ដែលមានម្នាក់ជាអ្នកធាក់ក្រោមសំលៀកបំពាក់ពណ៌ដូចគ្នាទៅនឹងយាន ព្រមទាំងម្នាក់ទៀតជាអ្នកដំណើរ បានរំលេចចេញនូវក្បួនមួយខ្សែរនៅតាមដងផ្លូវ ដែលយើងអាចដឹងបានថាក្បួនដង្ហែនោះគឺជា     «ក្បួនសមាគមន៍ស៊ីក្លូ»។

ជាមួយនឹងទឹកមុខញញឹមស្រស់ប្រិមប្រិយ ក្រោមតំណក់ញើសហូរកាត់ផែនថ្ពាល់ជ្រីវជ្រួញរបស់បុរសចំណាស់វ័យប្រមាណ៦៤ឆ្នាំម្នាក់ បានបង្ហាញឲ្យឃើញថានេះគឺជាភាពហត់នឿយជាខ្លាំងក្រោយពីធាក់   ស៊ីក្លូដឹកភ្ងៀវទេសចរណ៍ចូលទស្សនាព្រះបរមរាជវាំង។ លោកតា ជូ ជាង គឺជាអ្នកធាក់ស៊ីក្លូម្នាក់នៅក្នុងសមាគមន៍   ស៊ីក្លូមួយកន្លែងនៅរាជធានីភ្នំពេញ។ លោកតាបានបង្ហើបអំពីជីវភាពប្រចាំថ្ងៃរបស់លោកតា ឲ្យវិទ្យុស្រ្តីដឹងថា លោកតាបានប្រកបរបរនេះតាំងពីឆ្នាំ ១៩៨៥ បើគិតមកទល់ពេលនេះគឺអស់រយៈពេលជាង៣០ឆ្នាំមកហើយ។ លោកតាក៏បានបង្ហើបថា ការប្រកបរបរធាក់ស៊ីក្លូនេះ គឺមិនមែនជារបរមួយដែលអាចរកចំណូលបានច្រើនបើធៀបនឹងរបររត់ម៉ូតូ ឬកង់បីនោះទេ វាគ្រាន់តែជារបរមួយដែលអាចឲ្យលោកតាទប់ចំណូលចំណាយប្រចាំថ្ងៃ មើលជំងឺនៅពេលឈឺស្កាត់ផ្សេងៗតែប៉ុណ្ណោះ។

«ជីវភាពរស់នៅរាល់ថ្ងៃដូចថាចាស់ៗអស់ហើយវាបានតែមុខរបរនឹងនិយាយទៅ គឺបានតែធ្វើការថ្ងៃ​ ធ្វើការសំណង់យើងចាស់ៗអស់ហើយមានណាគេយក វាលំបាកមធ្យមដែលទេក្មួយ ដូចខែប្រាំងអីវាអាចលំអៀងបានមួយខែ១០០អីទៅសម្រាប់យាយតា ហើយជាមួយម្ហូបអីខាំៗទៅចំណាយអស់១០០អីទៅ ហើយចំណូលរកចូលទៅជួនបានប៉ុណ្ណឹងជួនបានកូនបានផ្តល់ឲ្យខ្លះទៅ»។

——–សំលេង លោកតាជូ ជាង———

លោកតាក៏បានបន្ថែមទៀតថា លោកតារកស៊ីតាមសមាគមន៍ ហើយក្នុងមួយថ្ងៃសមាគមន៍ផ្តល់ឲ្យលោកតាចំនួន១២០០០រៀល ដែលស្មើនឹង៣ដុល្លារ តែលោកតាក៏អាចទទួលបានប្រាក់លើកទឹកចិត្តពីភ្ងៀវបរទេសផងដែរ ដែលជាទូទៅគឺ១៦០០០រៀល ដែលស្មើនឹង៤ដុល្លារ។

បើយើងក្រឡេកទៅមើលលោកតាម្នាក់ទៀតដែលកំពុងចតហៅភ្ងៀវនៅក្បែរសួនច្បារវត្តបទុម ក្រោមទឹកមុខរួសរាយប្រកបទៅដោយថ្វីមាត់ បាននឹងកំពុងឈរសញ្ជឹងក្បែរស៊ីក្លូរបស់គាត់ដើម្បីស្វែងរកភ្ងៀវបន្ថែមក្រៅពីភ្ងៀវដែលសមាគមន៍បានណែនាំឲ្យ។ បុរសចំណាស់រូបរាងមាំទាំដែលមិនទ្រុឌទ្រោមទៅតាមវ័យ គឺលោកតា កង អឿន អាយុ៧៥ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង តែបច្ចុប្បន្នលោកតាមានទីលំនៅនៅឯតាខ្មៅ។​ លោកតាបានបង្ហើបប្រាប់វិទ្យុស្រ្តីត្រួសៗថា លោកតាបានប្រកបរបរនេះអស់រយៈជាង៣០ឆ្នាំមកហើយ ហើយសម្រាប់ចំណូលដែលលោកតាអាចរកប្រចាំថ្ងៃពីរបរមួយនេះ គឺមានភាពខ្វះខាតខ្លាំង ជាពិសេសនៅពេលឈឺស្កាត់ម្តងៗវាគឺជាក្តីលំបាក និងជាការព្រួយបារម្ភបំផុតសម្រាប់លោកតា។

«ក្រៅពីនឹងមានកន្លែងតែមួយផ្ទះនឹង ហើយទិញអេតចាយលក់អីទៅ អើរកម៉ូយតាមផ្សារចាស់ ផ្សារថ្មី ផ្សារ កណ្តាលអីនឹង ចេះតែដើររកទៅ អ្នកខ្លះគេឲ្យលុយបន្តិចបន្តួចទុកគ្រាន់ទិញបាយ ទិញកាហ្វេអីទៅ គ្រាន់ជាងទៅដើរសុំគេ គេថាឲ្យមួយម៉ត់ពីរអីមានដៃមានជើងមិចក៏មិនទៅរកស៊ីទៅដើរសុំទានគេចឹង  រាល់ថ្ងៃ ចេះតែទ្រាំទៅនេះគឺជាការរកស៊ី »។

———សំលេង លោកតា កង អឿង———

ទោះបីជាសង្គមមានការអភិវឌ្ឍន៍ ប្រទេសជាតិមានភាពរីកចម្រើន ក៏យើងនៅតែឃើញមានអ្នកក្រីក្រមួយចំនួននៅតែបន្តកើតមាននៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍មួយនេះ។ តួយ៉ាងអ្នកប្រកបរបរធាក់ស៊ីក្លូនៅកម្ពុជា សម្រាប់ជីវភាពរបស់ពួកគាត់គឺមានការលំបាកច្រើន ខ្វះខាតច្រើន ហើយអ្វីដែលយើងចង់សង្កត់ធ្ងន់ខ្លាំងនៅក្នុងន័យនេះ គឺស៊ីក្លូនៅកម្ពុជាគឺស្ទើរតែបាត់បង់អត្តសញ្ញាណទៅហើយ គឺនៅសេសសល់តែបន្តិចបន្តួចប៉ុណ្ណោះ ដែលភាគច្រើនគឺជាចាស់ៗដែលធ្លាប់ធាក់តាំងពីសង្គមចាស់មក ហើយការដែលបាត់បង់ទៅនេះគឺដោយសារតែសង្គមមានការអភិវឌ្ឍន៍ បច្ចេកវិទ្យាមានភាពរីកចម្រើន ដែលជាហេតុធ្វើឲ្យមនុស្សលែងមានចំណាប់អារម្មណ៍នឹងប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមស៊ីក្លូនេះបន្តទៅទៀត។

លោក អ៊ឹម សម្បត្តិ ប្រធានសមាគមស៊ីក្លូនៅរាជធានីភ្នំពេញ បាននិយាយថា បច្ចុប្បន្នស៊ីក្លូនៅក្នុងសមាគមន៍របស់លោក គឺមានចំនួន ៣០០គ្រឿង ហើយសម្រាប់ការបង្កើតនូវសមាគមន៍ស៊ីក្លូនេះ គឺដោយសារតែ​លោកមើលឃើញ ជីវភាពលំបាកវេទនារបស់អ្នកធ្លាក់ស៊ីក្លូមានការលំបាកច្រើន ខ្វះខាត ចំណេះដឹង របបអាហារ លំនៅឋាន និងបញ្ហាប្រឈមផ្សេងៗជាច្រើនទៀត ដែលនេះគឺជាហេតុដែលធ្វើឲ្យគាត់សម្រេចចិត្តបង្កើតនូវសមាគមន៍នេះឡើងក្នុងន័យអភិរក្ស និងជួយសម្រួលទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ បច្ចុប្បន្នយើងឃើញថា អត្រាអ្នកធ្លាក់ស៊ីក្លូ និងអត្រាអ្នកជិះស៊ីក្លូគឺមានការធ្លាក់ចុះខ្លាំងបើធៀបនឹងអ្នកប្រកបរបររត់កង់បី និងម៉ូតូដុប។​ ក៏ប៉ុន្តែលោក អ៊ឹម សម្បត្តិ ក៏មានគំនិតមួយចំនួនតូចនៅក្នុងការអភិរក្សស៊ីក្លូនេះឲ្យនៅគង់វង្សផងដែរ ដោយលោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថានៅពេលណាមានភ្ងៀវបរទេស គឺមិនអត់ទេអ្នកជិះស៊ីក្លូ លុះណាតែកើតកលយុត្តពីណាពីណី លែងមានភ្ងៀវបរទេសមកលេងស្រុកខ្មែរអី បានលែងមានអ្នកជិះ ហើយបើនៅតែមានភ្ងៀវបរទេសគឺយើងនៅតែមានភ្ងៀវទេសចរណ៍ ព្រោះយើងសហការជាមួយទីភ្នាក់ងារទេសចរណ៍ នៅពេលនឹងទីភ្នាក់ងារទេសចរណ៍បានណែនាំទៅភ្ងៀវទេសចរណ៍តាមរយៈការលក់ជាប្រភេទ តាមរយៈក្រុមហ៊ុនទេសចរណ៍នេះឯង ចឹងបើគាត់ចង់ជិះ គាត់នឹងធ្វើការទំនាក់ទំនងទិញជាកញ្ចាប់ ឬក្រុមហ៊ុនទេសចរណ៍ដាក់កំហិតនៅពេលដែលមកដល់រាជធានីភ្នំពេញ គឺត្រូវតែមានកម្មវិធីជិះស៊ីក្លូទេសចរណ៍អីចឹងទៅ ព្រោះទី១បានជួយលើកស្ទួយជីវភាពរបស់ពួកគាត់ហើយ ទី២បានជួយស៊ីក្លូនឹងកុំឲ្យបាត់បង់ផងដែរ ហើយបើសិនជាយើងមានទីតាំងមួយពិតប្រាកដ គឺយើងនឹងសង់រោងមួយដែលអាចមានលក្ខណៈដូចជាសារៈមន្ទីរ ហើយនឹងជួយស្វែងរកភ្ងៀវឲ្យពួកគាត់ ឲ្យតែគាត់អាចរកអ្នកជិះស៊ីក្លូបាន គាត់អាចរកចំណូលបាន គឺគាត់នៅតែធាក់ហើយ»។

———សំលេង លោក អ៊ឹម សម្បត្តិ———

ដោយឡែកកញ្ញា សាមុត ចាន់សូនីតា ដែលជានិស្សិតនៃសកលវិទ្យាភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចបាននិយាយថា កញ្ញាមិនធ្លាប់ជិះស៊ីក្លូពីមុនមកទេ ព្រោះដោយសារតែអ្នកធាក់ស៊ីក្លូភាគច្រើនគឺជាមនុស្សចាស់ ហើយបើជាការល្អកញ្ញាសុខចិត្តផ្តល់ជាថវិកាឧបត្ថម្ភទៅពួកគាត់ជំនួសវិញ។

———សំលេង កញ្ញា សាមុត ចាន់សូនីតា———-

បើយើងក្រឡេកទៅមើលស្រ្តីវ័យកណ្តាលម្នាក់ដែលកំពុងឈរ ញញឹមពព្រាយ ហៅម៉ូយទិញចំណីព្រាបនៅក្បែរមាត់ទន្លេព្រះអង្គដង់កាល  គឺអ្នកមីង អ៊ី សឹក បានបង្ហាញអំពីចំណាប់អារម្មណ៍កន្លងមករបស់អ្នកមីងថា អ្នកមីងធ្លាប់ជិះស៊ីក្លូបានប្រហែលជា៣លើកមកហើយរហូតមកដល់បច្ចុប្បន្ននេះព្រោះវាមានភាពងាយស្រួល អាចលំហែកំសាន្តតាមផ្លូវពេលធ្វើដំណើរបាន។

«ខ្ញុំមកពីផ្សារទៅខ្ញុំខ្ជិលជិះម៉ូតូដុបខ្ញុំជិះស៊ីក្លូម៉ងទៅ វារៀងធូរថ្លៃតិច ហើយបានលំហែកាយដែរ តែឥឡូវខ្ញុំដូរមកជិះpassappវិញព្រោះអីខ្ញុំនៅឆ្ងាយ ខ្ញុំជិះស៊ីក្លូទៅវាឆ្ងាយ ហើយវាខាតពេលវេលា តែបើយើងជិះpassappទៅគឺវាលឿន»

 ——-សំលេងអ្នកមីង អ៊ី សឹក ————

ជាការកត់សម្គាល់គឺយើងឃើញថា បច្ចុប្បន្នទីតាំងដែលអាចឲ្យអ្នកធ្លាក់ស៊ីក្លូស្វែងរកចំណូលប្រចាំថ្ងៃបានគឺមានតែនៅផ្សារធំថ្មី ផ្សារកណ្តាល ផ្សារអូរឬស្សី ផ្សារចាស់ និងផ្សារផ្សេងៗមួយចំនួនតែប៉ុណ្ណោះដែលអាចឲ្យពួកគាត់ស្វែងរកភ្ងៀវសម្រាប់ដឹកក្រៅពីសមាគមន៍ផ្តល់ឲ្យ។ តែយ៉ាងណាក៏យើងបានឃើញថាសមាគមន៍ស៊ីក្លូ បានសហការជាមួយនឹងក្រសួងទេសចរណ៍ក្នុងន័យអភិរក្ស និងជួយសម្រាលចំណូលជាប្រចាំថ្ងៃរបស់ពួកគាត់ដូចជាប្រាក់ឧបត្ថម្ភ៧០០០រៀលក្នុងមួយថ្ងៃ រួមជាមួយនឹងប័ណ្ឌ ប.ស.សផងដែរ ដើម្បីជួយសម្រួលបន្ទុកខ្លះៗនៅពេលដែលគាត់មានជំងឺឈឺស្កាត់ផ្សេងៗ ហើយចំណែកភ្ងៀវទេសចរណ៍បរទេសនៅតែបន្តកើតមាន ដូច្នេះស៊ីក្លូនេះនៅតែអាចរក្សាអត្តសញ្ញាណបានដដែលដោយមិនមានការបាត់បង់នោះទេ​ព្រោះតែកម្ពុជាតែងតែមានភ្ងៀវទេសចរណ៍បរទេស ហើយភ្ងៀវទេសចរណ៍បរទេសនៅតែបន្តចង់ដឹងពីសម្បត្តិបុរាណនៅកម្ពុជា នៅពេលដែលពួកគាត់បានមកកំសាន្តនៅរាជធានីភ្នំពេញ៕

អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា កែសម្រួលដោយលោក កែវ សុខា

Share

Image
Image
Image