en     km
en     km

អ្នកនាំពាក្យរាជរដ្ឋាភិបាលច្រានចោលទស្សនៈថា ព្រះមហាក្សត្រ យាងទៅចិនមិនចង់ឡាយព្រះហស្ថលេខាលើច្បាប់គ្រាមានអាសន្ន

Share

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានច្រានចោលទស្សនៈរបស់អ្នកវិភាគមួយចំនួនដែល យល់ ថា ការយាងទៅប្រទេសចិន នៃ ព្រះមហាក្សត្រ គឺការមិនចង់ឡាយព្រះហត្ថលេខា លើ សេចក្ដីព្រាងច្បាប់ស្ដីពី ការដាក់ប្រទេសស្ថិតក្នុងគ្រាមានអាសន្ន គឺការយល់ខុសនិងជាទស្សនៈ អវិជ្ជា។

ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ លោក ផៃ ស៊ីផាន បានឆ្លើយតបដោយ ទទូចសុំអោយអ្នកវិភាគ និងក្រុមប្រឆាំង កុំបន្ទោសព្រះមហាក្សត្រខ្មែរ កុំដាក់ទោសព្រះមហាក្សត្រ ព្រោះការយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គនៅពេលនេះ គឺតាមកាលវិភាគដែលបានគ្រោងទុករបស់គ្រូពេទ្យចិន។

លោក ផៃ ស៊ីផាន មានប្រសាសន៍ដូចនេះថា ៖——

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា ទោះជាអវត្តមានព្រះមហាក្សត្រតែប្រមុខរដ្ឋស្ដីទីជាចុះហត្ថលេខា និង ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ តែយ៉ាងណាសម្រាប់លោកផៃស៊ីផាន អះអាងថា កម្ពុជាមិនទាន់អាចសន្និដ្ឋានបានឡើយថា អាចគេចផុត ឬគេចមិនផុតពីការដាក់ប្រទេសក្នុងគ្រាអាសន្ននោះនៅឡើយទេ។

លោកអោយដឹងថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន គឺអាស្រ័យទៅលើស្ថានភាពជាក់ស្ដែង នៃជំងឺកូវីដ១៩ ប្រសិនបើកម្ពុជាអាចទប់ស្កាត់ ឬការពារបានស្ថានភាពនោះ គឺចាំបាច់ធ្វើដូចនេះទេ។

សូមជម្រាបថា របស់ គណៈរដ្ឋមន្ត្រីដែលបាន បង្ហាញពី លទ្ធផលនៃកិច្ចប្រជុំ បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់បានពិនិត្យរួចរាល់ និងបញ្ជូនទៅសភាពិនិត្យ និងអនុម័តតែម្តង ដោយមិនដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនោះទេ។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតី នៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទាន ដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។

សេចក្តីព្រាងច្បាប់ ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាន៥ជំពូក និង១១មាត្រា។ ជំពូកទី១ មានពីរមាត្រា និយាយពីបទប្បញ្ញត្តិទូទៅ ដែលបានចែងពីវត្ថុបំណង នៃការតាក់តែងច្បាប់នេះឡើង និងវិសាលនៃច្បាប់នេះ។

ជំពូកទី២ និយាយពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានពីមាត្រា, ជំពូកទី៣ និយាយពីការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន ដោយបានកំណត់លំអិតពីវិធានការក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងរបបរាយការណ៍អំពីវិធានការក្នុងភាពអាសន្នជូនរដ្ឋសភា និងព្រឹទ្ធសភា។ ជំពូកទី៣ មានពីរមាត្រាផងដែរ។

ជំពូកទី៤ មាន ៣មាត្រា និយាយពីទោសប្បញ្ញត្តិ។ ក្នុងជំពូកនេះ និយាយពីទោស ចំពោះការរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន, ទោសមិនគោរពវិធានការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល។

យ៉ាងណា សេចក្ដីព្រាងច្បាប់នេះ ត្រូវបាន មតិមួយចំនួន ធ្វើការផ្នែកសិទិ្ធមនុស្ស និងសង្គមស៊ីវិល រួមទាំងពលរដ្ឋ ដាក់ការព្រួយបារម្ភ អំពី សេចក្ដីព្រាងច្បាប់នេះ ដែលនាំអោយមាន ការរឹតបន្តឹង និងប៉ះពាល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។

លោកបណ្ឌិតសូរណា រ៉ូ អ្នកវិភាគ នៅក្រៅប្រទេស បានបញ្ចេញទស្សនៈ ក្នុងបណ្ដាញសង្គមហ្វេស បុកនៃ សារព័ត៌មាន The Cambodia Daily ថា មាត្រានៃសេចក្ដីព្រាងច្បាប់នេះ មានចរឹកស្ថានទំងន់ទោស ធ្ងន់ធ្ងរ ដែលលោកថា លោកបារម្ភ ខ្លាច ជាឧបករណ៍ ដើម្បីបង្ក្រាបក្រុមប្រឆាំង។តែសម្រាប់សម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសថា កាលណា ប្រទេសស្ថិតស្ថានភាពគ្រាមានអាសន្ន គឺសិទ្ធិស៊ីវិល នឹងត្រូវកាត់បន្ថយ ហើយពលរដ្ឋគ្រប់និន្នាការ ត្រូវតែ ចូលរួមគោរព។ សម្ដេចហ៊ុនសែនក៏បាន អំពាវនាវសុំអោយ ក្រុមសិទ្ធិមនុស្ស យល់អោយច្បាស់អំពីស្ថានភាពនៅប្រទេសស្ថិតគ្រាអាសន្ន គឺប្រទេស ក៏កាត់បន្ថយសិទិ្ធស៊ីវិល ដែរ ហើយ បើស្ថានភាពកាន់តែធ្ងន់គឺជាវិធានការសឹកទៀតផង៕

ពៅនិកា

Share

Image
Image
Image