en     km
en     km

ឯកសារប្រវត្តិសាស្រ្ដ៖ ព្រះបាទយសោវរ្ម័ន ជាព្រះរាជាល្អឥតខ្ចោះ ជាព្រះអាទិត្យ

Share

ចក្រភពអង្គរដ៏រុងរឿងត្រូវបានកសាងដោយព្រះរាជាជាច្រើនអង្គ ក្នុងនោះព្រះបាទយសោវរ្ម័នដែលជា បុត្រព្រះបាទឥន្រ្ទវរ្ម័នទី១ គឺជាស្ថាបនិករាជធានីអង្គរធំទី១ ។ ដោយយោងលើឯកសារប្រវត្តិសាស្រ្ដ ព្រះអង្គ បានកសាងនូវកិត្យានុភាព និង ស្នាព្រះហស្ថល្បីខ្ទរខ្ទរគួបផ្សំនឹងមហិទ្ធិរឹទ្ធិពីធម្មជាតិ។ រហូតដល់ ទ្រង់ត្រូវបានប្រជានុរាស្រ្ដហៅថា ព្រះបាទយសោវរ្ម័ន ជាអង្គប្រមូលផ្ដុំនូវភាពថ្កុំថ្កើង ជាអង្គព្រះអាទិត្យ។

កញ្ញា ឆោម ពៅនិកា អត្ថាធិប្បាយប្រវត្តិសាស្រ្ដនេះ៖

សិលាចារឹកដែលទំនងចារដោយបណ្ឌិតយតិអមភាវៈ នៅលើភ្នំបាយ័ង្គ បានលម្អិតកោតសរសើរស្ងប់ស្ងែង ក្រៃលែងអំពី ព្រះបាទយសោវរ្ម័ន ក្រោមចំណងជើងថា ការប្រមូលផ្ដុំនូវភាពថ្កុំថ្កើង ព្រោះព្រះអង្គបាន វាតអំណាចត្រួតត្រារបស់កម្ពុជាបានខ្លាំងជាងគេ។ព្រះបាទយសោវរ្ម័នជាព្រះរាជបុត្ររបស់ព្រះបាទឥន្រ្ទវរ្ម័ន ទី១ ដែលមិនខុសពីព្រះបិតាទ្រង់ជាស្ថាបនិករាជធានីអង្គរធំ យសោធបុរៈ ដូចបិតាជាអ្នករកឃើញការ ស្ថាបនាបារាយណ៍ទឹកថ្លានោះដែរ។ ព្រះអង្គឡើងសោយរាជ្យបន្ដនៅឆ្នាំ៨៨៩នៃគ្រិស្ដសករាជា ត្រូវនឹង មហាសករាជ៨១១។

សិលាចារឹក ចារឹកថា ព្រះអង្គគួរទទួលបាននូវព្រះនាមបី៖

ទី១ ចំពោះអ្នកប្រាជ្ញ ព្រះអង្គជាគ្រូអាចារ្យ ជាសាស្រ្ដាចារ្យ

ទី២ ព្រះអង្គជាបុរសគួរជាទីស្នេហា ចំពោះ នារីៗ

និងចុងក្រោយចំពោះព្រះរាជាដទៃទៀត ព្រះជាព្រះមហេន្រ្ទៈ ប្រែថា​ព្រះឥន្រ្ទធំ។

ឯកសារប្រវត្តិសាស្រ្ដបន្ដកោតសរសើរតាំងពីព្រះអង្គចាប់បដិសន្ធិឡើង គឺទ្រង់ប្រកបដោយសម្ផស្សល្អ លើសគេ គ្មាននរណាមានព្រះភ័ក្រ្ដស្រស់ល្អស្មើនឹងព្រះអង្គឡើយ ក្រៅតែពីព្រះចន្ទ្រចេញ។ រីកិត្តិគុណ ព្រះអង្គប្រៀបបាននឹងកាំពន្លឺព្រះចន្ទ្រា គ្រងគ្រប់ទិសទីនៃពិភពលោក ជាសមុទ្រទឹកដោះកម្ចាត់នូវអន្ធកាល ដោយតេជោនុភាពព្រះអង្គ។ សឹងតែដូច្នេះថា ឯកសារប្រវត្តិសាស្រ្ដកំណត់ហៅព្រះអង្គជាព្រះរាជា បរិបូរណ៍ដោយទសពិធរាជធម៌ទៅហើយ។ តែបើនិយាយអំពីការប្រយុទ្ធ អត្ថបទប្រវត្តិសាស្រ្ដហាក់ បង្ហាញឱ្យស្រមៃឃើញថា ព្រះអង្គមានព្រះហស្ដត្រៀមជានិច្ចនឹងសម្លាប់សត្រូវកោងកាច បីដូចជាទ្រង់បានរៀនសូត្រពីគទព្រឹទ្ធ (ក្រឹស្ន វិស្ណុ) នូវល្បិចចាប់ហែកទ្រូងរបស់ហិរន្យកស្សិពុ មនុស្សគ្រុឌ​ យ៉ាងអ៊ីចឹង។ បើកាលណាព្រះអង្គទ្រង់លើកព្រះខ័នហើយនោះ តែដកចេញអំពីស្រោម គឺមិនដែលអាក់ខាន នឹងកាប់នោះទេ កាលដែលកាប់តែមួយព្រះខ័នទេ អ្វីៗត្រូវហែកចែកជាបី។ប្រៀបដោយជាព្រះរាជអំណោយពីអាទិទេព ព្រះហស្ថទាំងទ្វេព្រះអង្គប្រើប្រាស់ក្នុងការប្រយុទ្ធ បានស្វាហាប់ ចំគោលដៅដូចគ្នា។ រហូតដល់ឯកសារប្រវត្តិសាស្រ្ដ បន្លឺនូវសំនួនពាក្យរបស់ព្រះដែលជា អ្នកបង្កើតលោកឆ្ងល់ហើយសួរខ្លួនឯងថា ចុះហេតុអ្វីក៏អាត្មាអញបង្កើតព្រះរាជានេះមក ជាគូរប្រជែងនឹង ខ្លួនឯងដូច្នេះ ទ្រង់អង្គនេះជាប្រជាបតិ ប្រែថាជាព្រះបង្កើតលោក និង ជាបរមេស្វរៈ ជាឧត្តមរាជាទៀតផង។

ចំពោះរ៉េស៊ីដង់បារាំង​ ប្រចាំកម្ពុជា សម័យអាណានិគម តាមរយៈការប្រែសម្រួលសៀវភៅប្រវត្តិសាស្រ្ ដប្រទេសកម្ពុជា លើក្រដាសទំព័រ៨០ លោកបានថ្វាយការគោរពបំផុតដល់ព្រះបាទយសោវរ្ម័ននេះប្រៀប បាននឹងស្ដេចល្វីទី១៤ របស់បារាំង។ ដោយហេតុថា ព្រះអង្គមានចំណូលចិត្តក្នុងការសាងសង់ លុះតាមការ ណែនាំរបស់ព្រះរាជគ្រូ។ ព្រះអង្គប្រើប្រាស់មនុស្សក្នុងការសាងសង់ប្រាសាទគឺរាស្រ្ដសាមញ្ញ នាមជាអ្នកស៊ី សាច់សត្វ និង ឱ្យចារុ៍ព្រះរាជបញ្ជាដាក់នៅពាសពេញនគរ មិនខុសពីស្ដេចចម្បាំងនគរឥណ្ឌា ព្រះបាទ អសោកនោះទេ។

អាដេម៉ាឡឺក្លែរ ហាក់ចង់ពិពណ៌នាថា ព្រះបាទយសោវរ្ម័នជាអ្នកបង្កើតវណ្ណៈអ្នកងារមុនគេ ត្រង់ចំណុចថា ព្រះអង្គប្រគល់ខ្ញុំជាច្រើនឱ្យវត្តនីមួយៗ ដែលព្រះង្គបានបង្កើតដីចំនួនមួយរយវ្រៈ ព្រះទាំងទ្រព្យធន និង ឧបភោគភណ្ឌធ្វើអំពីមាសសម្រាប់ការគោរពបូជាផ្សេងៗ។ ថែមទាំងនោះ ទ្រង់ចែងឱ្យសិស្សរបស់ កម្រតេង ចាស់ នៃសិវៈស្រមៈ ទទួលបន្តុកខាងកេណ្ឌកម្លាំងថ្វាយព្រះរាជាដើរកសាងសិវលិង្គ និង​ព្រះបដិមាឱ្យពាសពេញនគរ។ ទ្រង់អង្គនេះថ្វីបានជាអ្នកគោរពតាមព្រះសិវៈយ៉ាងខ្ជាប់ខ្ជួនក៏ពិតមែន តែទ្រង់មិនប្រកាន់និកាយណាមួយទេ ព្រោះប្រការដែលទ្រង់សណ្ដោសប្រណីលើមន្រ្ដីមយចំនួន ជាអ្នកគោរពបូជាព្រះពុទ្ធសាសនាចាត់ថា​មហាប្រសើរ។

ដោយឡែក សិលាចារឹកព្រះបាទ នៅក្បាលទី២ បានពិពណ៌នាឈុតឆាកក្នុងការប្រយុទ្ធរបស់ព្រះអង្គទាំង សង្គ្រាមឈ្នះទាំង​លើដីគោក ទាំងលើសមុទ្របំផ្លាញទូកសំពៅសត្រូវអស់ជាច្រើនគ្រឿងជាពិសេស ព្រះអង្គច្បាំង​តទល់នឹងនគរចម្ប៉ាដេញតាមវាយប្រហារទ័ពចាមចូលដល់ទីក្រុង ដោយចាប់ស្តេចចាម ព្រះនាមថា ស្រីជយិន្រ្ទវរ្ម័ន ជា​ឈ្លើយ។បន្ទាប់មកព្រះអង្គលើទ័ពត្រលប់មកនគរវិញ តែត្រូវកងទ័ពចាម១២ ក្រុមលើកកំលាំង​ពួនស្ទាក់ព្រះអង្គបានធ្វើការវាយប្រយុទ្ធកំទេចកងទ័ពសត្រូវអស់ជាច្រើនក្រុម ហើយត្រលប់មក​នគរវិញដោយសុវត្ថិភាព។ សិលាចារឹកនោះសំដៅចារថា “ នៅក្នុងការប្រយុទ្ធពេល ក្រឡេកឃើញព្រះរាជានេះ​ដែលទ្រង់ប្រកបទៅដយពន្លឺភ្លឹត្រចះពិបាកនឹងទ្រាំទ្រ បណ្ដាសត្រូវកោងកាច ទាំងឡាយឱនក្បាលចុះ ប្រៀបបាននឹងផ្កាឈូកបាក់ក ហើយនិយាយថា នេះគឺជាព្រះអាទិត្យ”។

អ្នកសិក្សាប្រវត្តិសាស្រ្ដខ្មែរ កុលបុត្រកុលធីតាខ្មែរ ត្រូវដឹងឱ្យជាក់ថា រាជាធានីយសោធបុរៈ ឬ ឥន្ទ្រប្រាស្ថៈ គឺ អង្គរធំ ប្រែថាមហានគរ គឺកសាងដោយព្រះបាទយសោវរ្ម័ន ដែលមានប្រាសាទភ្នំជាច្រើនដែលទ្រង់ឧទ្ទិស ថ្វាយទេវរាជដ៏អស្ចារ្យ​និង​ព្រះសិវៈ តួយ៉ាងដូចជាប្រាសាទបាពួន ឬ ហៅថា ភ្នំយសោធគិរី ប្រាសាទភិមាន អាកាស ប្រាសាទលលៃ ទ្រង់កសាងថ្វាយព្រះវិញ្ញាណក្ខ័ន្ធព្រះបិតាព្រះបាទឥន្ទ្រវេររ្ម័នទី១ ព្រះនាងស្រីស្រី ឥន្ទ្រទេវីផងជាព្រះមាតា ព្រមទាំងអយ្យកា អយ្យកោដទៃ។

ក្រៅតែអំពីនេះ ការរៀបចំ រដ្ឋបាលដែនដី ការទំនាក់ទំនងសម្ព័ន្ធមេត្រីនឹងនគរជិតខាន ការសិក្សាបញ្ហាអន្ដោ ប្រវេសន៍ សម័យអង្គររបស់ព្រះបាទយសោវរ្ម័ន គឺមានភាពល្អប្រសើរបំផុតបញ្ឈប់អស់នូវភាពរពើតរពើង។

ក្នុងឆ្នាំ៩០៨នៃ គ្រិស្ដសករាជ ប្រែជាឆ្នាំនៃទុក្ខសោកក្រៃលែងរបស់ប្រជានុរាស្រ្ដចំណុះនគរកម្ពុជា ព្រោះ ព្រះរាជាដែលធ្លាប់មានពន្លឹចែងចាំងដ៏មហស្ចារ្យវិសេសវិសាលលើគ្រប់វិស័យរបស់នគរទ្រង់បានសុគតទៅ។យ៉ាងណា ទ្រង់នៅតែបានបន្សល់ទុកនូវព្រះកិត្តិនាមរៀងដរាបថា ជាព្រះចៅអធិរាជលើអស់ព្រះ រាជាទាំងឡាយ ជាព្រះរាជាល្អឥតខ្ចោះ ជាព្រះអង្គអាទិត្យ។ ព្រះអង្គមានព្រះមរណនាមថា បរមសិវលោក៕

Share

Image
Image
Image