en     km
en     km

​ក្រសួងពាណិជ្ជកម្ម​កំពុង​សិក្សា​ពី​រូបមន្ត​រក​លទ្ធភាព​បញ្ចុះតម្លៃ​សាំង​កម្ពុជា​ស្រប​ទៅ​តម្លៃ​សាំង​អន្តរជាតិ​

Share

នៅ​ព្រឹក​ថ្ងៃ​ ០១​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ ក្រសួងពាណិជ្ជកម្ម​ បាន​បើក​កិច្ចប្រជុំ​បិទទ្វារ​ជាមួយ​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា​ ដែល​កិច្ចប្រជុំ​នេះ​ មាន​គោលបំណង់​ស្វែងរក​លទ្ធភាព​សម​ស្រប​មួយ​ ក្នុង​ការ​ច​ញ្ចុះ​តម្លៃ​សាំង​នៅ​កម្ពុជា​ ឲ្យ​ស្រប​ទៅ​នឹង​តម្លៃ​សាំង​លើ​ទីផ្សារ​អន្តរជាតិ​។​ ទោះបី​យ៉ាងណា​ក៏​ដោយ​ កិច្ចប្រជុំ​ព្រឹក​នេះ​ មិន​ទាន់​មាន​លទ្ធិ​ផល​នៅឡើយ​ទេ​។​

​ក្រសួងពាណិជ្ជកម្ម​ និង​ក្រសួង​ហិរញ្ញវត្ថុ​ បាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង​ ជាមួយ​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​ធំៗ​ នៅ​កម្ពុជា​ សិក្សា​ពី​រូបមន្ត​ ដើម្បី​ស្វែងរក​លទ្ធភាព​ សម​ស្រប​មួយ​ក្នុង​ការ​ បញ្ចុះតម្លៃ​សាំង​លើ​ទីផ្សារ​កម្ពុជា​ឲ្យ​ស្រប​ទៅ​តម្លៃ​សាំង​លើ​ទីផ្សារ​អន្តរជាតិ​។​ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៥​ នា​ក្រសួងពាណិជ្ជកម្ម​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​ថ្លែង​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​នេះ​ថា​ ក្រសួងពាណិជ្ជកម្ម​ និង​ក្រសួង​ហិរញ្ញវត្ថុ​ ជាមួយ​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា​ កំពុង​តែ​សិក្សា​រក​រូបមន្ត​មួយ​ ដើម្បី​កំណត់​ថ្លៃ​សាំង​នៅ​កម្ពុជា​ ឲ្យ​ស្រប​ទៅ​តាម​តម្លៃ​សាំង​ទីផ្សារ​អន្តរជាតិ​ ។​

Total-Station-cover
ស្ថានីយ​ប្រេង​ឥន្ធនៈ ​តូតាល់ (TOTAL) ​និងស្ថានីយ​ប្រេង​ឥន្ធនៈ សូគីមិច (SOKIMEX) នៅ​ទី​ក្រុង​ភ្នំពេញ

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​បន្ត​ទៀត​ថា​ ក្រសួង​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​ធំៗ​ទាំងអស់​នៅ​កម្ពុជា​ ផ្តល់​ទ​ន្និ​ន័យ​ចំណូល​ចំណាយ​របស់​ក្រុមហ៊ុន​នីមួយៗ​ ឲ្យ​បាន​ជាក់លាក់​ ដើម្បី​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ធ្វើការ​សិក្សា​រក​រូបមន្ត​កំណត់​ថ្លៃ​សាំង​ ដែល​អាច​ទទួលយក​បាន​គ្រប់​ភាគី​ទាំង​អ្នក​ប្រើប្រាស់​ និង​អ្នកលក់​ ។​
​លោក​មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​សង្ឃឹមថា​ តែ​មាន​រូបមន្ត​ហើយ​ គឺ​ទាំងអស់​គ្នា​ត្រូវ​តែ​គោរព​ទៅ​តាម​រូបមន្ត​នោះ​ ។​ បើ​មិន​គោរព​តាម​រូបមន្ត​ទេ​ នឹង​មាន​ពិន័យ​និយាយ​ឲ្យ​ច្បាស់​ ។​ តែ​យើង​មិន​ថា​ ឡើង​ចុះ​កើត​ទេ​ ព្រោះ​តម្លៃ​ប្រេង​វា​ឡើងថ្លៃ​ រូបមន្ត​វា​ត្រូវ​ឡើង​តាម​ហ្នឹង​ដែរ​ហើយ​ អ​ញ្ចឹ​ង​វា​អាច​ឡើង​ វា​អាច​ចុះ​ទៅ​តម្លៃ​ទីផ្សារ​តាម​អន្តរជាតិ​»​។​

​ជុំវិញ​បញ្ហា​នេះ​ បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​ និង​ជា​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​នៅ​រាជ​បណ្ឌិតសភា​កម្ពុជា​ លោក​ គី​ សេរី​វឌ្ឍន៍​មាន​ប្រសាសន៍​ថា​ លោក​សាទរ​ចំពោះ​ក្រសួងពាណិជ្ជកម្ម​ ដែល​បាន​ប្រជុំ​ចរចា​បញ្ចុះតម្លៃ​សាំង​នៅ​កម្ពុជា​។​ លោក​បន្ត​ថា​ តម្លៃ​សាំង​នៅ​កម្ពុជា​ ទាល់តែ​ធ្លាក់​ចុះ​មក​ត្រឹម​ជិត​៣​ពាន់​រៀល​ក្នុង​១​លី​ត្រ​ ទើប​ជា​ជា​តម្លៃ​មួយ​ល្អ​ និង​មាន​សមាមាត្រ​គ្នា​ជាមួយ​ប្រទេស​ជិតខាង​ថែម​ទៀត​ផង​។​

​លោក​គី​ សេរី​វឌ្ឍន៍​បន្ថែម​ថា​ ប្រ​សិន​ថ្លៃ​ប្រេងសាំង​ចុះ​ត្រឹម​ជិត​៣​ពាន់​រៀល​ក្នុង​១​លី​ត្រ​មែន​នោះ​ មាន​ន័យ​ថា​ បាន​ធ្វើ​ឲ្យ​ថ្លៃដើម​នៃ​ផលិតកម្ម​ទាប​ ធ្វើ​ឲ្យ​ទំនិញ​លក់ដាច់​ជាង​មុន​ ហើយ​អ្នកទិញ​ក៏​ចំណាយ​តិច​ និង​សន្សំ​ថវិកា​បាន​កាន់​ច្រើន​ផង​ដែរ​។​ លោក​មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​មិន​បាន​តាមដាន​ថា​តើ​ក្រសួង​ប្រើ​រូបមន្ត​អី​ទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ វា​គ្រាន់តែ​ជា​ការ​ចរចា​រវាង​ក្រុមហ៊ុន​ ហើយ​និង​ក្រសួង​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​នៅ​សល់​ប្រាក់​ចំណេញ​ខ្លះ​ ដែល​គាត់​អាច​លក់​តម្លៃ​ប្រេងសាំង​មួយ​នៅ​ក្នុង​តម្លៃ​សមរម្យ​ ។​ អ​ញ្ចឹ​ង​បើ​តាម​ការ​ចរចា​ ប្រហែល​ដូច​ខ្ញុំ​គិត​ពាក់កណ្តាល​ម្នាក់​ ឥឡូវ​ក្រុមហ៊ុន​លក់​៤​ពាន់​ ខ្ញុំ​គិត​ថា​ ៣​ពាន់​ អ​ញ្ចឹ​ង​វា​អាច​ចុះ​៣​ពាន់​៥​រយ​អីហ្នឹង​»​។​

​ដូច​គ្នា​នេះ​ដែរ​លោក​ បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​បាន​ឲ្យ​ដឹង​ដែរ​ថា​ បើ​តម្លៃ​សាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​នៅ​ជិត​ក្រោម​៤០​ដុល្លារ​ក្នុង​ប៉ា​រ៉ែ​ល​ រួម​ទាំង​តម្លៃ​សាំង​នៅ​ប្រទេស​ជិតខាង​ ដូច​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​ មាន​តម្លៃ​សាំង​ទាប​ជាង​ប្រទេស​កម្ពុជា​ ។​ លោក​ថា​ប្រេងសាំង​នៅ​កម្ពុជា​គួរ​ចុះ​នៅ​ក្រោម​៣​ពាន់​រៀល​ក្នុង​១​លី​ត្រ​ ទើប​ធ្វើ​ឲ្យ​ប្រជា​កសិករ​សប្បាយ​ចិត្តបាន​ ។​
​លោក​បណ្ឌិត​មាស​ នី​ បន្ត​ថា​ អ្វី​ដែល​ជា​ឧបសគ្គ​សម្រាប់​ក្រុមហ៊ុន​ ក្នុង​ការ​បញ្ចុះតម្លៃ​ប្រេង​នោះ​ គឺ​បណ្តាល​មក​ពី​ការ​យកពន្ធ​ខ្ពស់​ពី​រដ្ឋាភិបាល​ ដែល​ឲ្យ​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​ ពិបាក​បញ្ចុះតម្លៃ​ប្រេងសាំង​ឲ្យ​ទាប​ដូច​ប្រទេស​ជិតខាង​បាន​។​ លោក​ថា​៖​ «​ការ​រក​រូបមន្ត​ តាម​ពិត​ទៅ​វា​មិនមែន​ការ​ចំណេញ​រវាង​ក្រុមហ៊ុន​ ហើយ​និង​ពលរដ្ឋ​ទេ​ សំខាន់​ពី​ការ​ហូតពន្ធ​ បរិមាណ​នៃ​ការ​ហូតពន្ធ​របស់​រដ្ឋាភិបាល​ពី​តម្លៃ​ប្រេង​ ។​ ប្រសិនជា​ពន្ធ​រដ្ឋាភិបាល​ហូត​ពី​ប្រេង​ ដែល​ដកហូត​ពី​ប្រេង​នៅ​តែ​ខ្ពស់​ អ​ញ្ចឹ​ង​ក្រុមហ៊ុន​ ការ​បញ្ចុះតម្លៃ​ប្រេង​ក៏​នៅ​តែ​មានការ​ពិបាក​ដែរ​សម្រាប់​ក្រុមហ៊ុន​នោះ​»​។​

​ត្រឡប់​ទៅ​រក​លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​វិញ​ លោក​បាន​ឲ្យ​ដឹង​ថា​ ក្រសួង​នឹង​ធ្វើការ​ផាក់ពិន័យ​ចំពោះ​ ក្រុម​ប្រេងឥន្ធនៈ​ណា​ ដែល​មិន​គោរព​តាម​ការ​កំណត់​តម្លៃ​សាំង​របស់​ក្រសួង​ ក្រោយ​ពី​ក្រសួង​កំណត់​ថ្លៃ​សាំង​ជាក់លាក់​ក្នុង​១​លី​ត្រ​រួច​នោះ​។​ លោក​ថា​ ក្រសួង​នឹង​ខិតខំ​បញ្ចប់​កិច្ចចរចា​តម្លៃ​សាំង​ជាមួយ​ក្រុមហ៊ុន​ ឲ្យ​ចប់​ឆាប់ៗ​ យ៉ាង​យូរ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​។​

​គួរ​រម្លឹក​ដែរ​ថា​ ថ្មីៗ​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ថ្លែង​បែប​ស្ដីបន្ទោស​ ដល់​ក្រុមហ៊ុន​សាំង​នៅ​កម្ពុជា​ថា​ ពេល​ឡើងថ្លៃ​លឿន​ តែ​ពេល​ចុះ​វិញ​ គឺ​ពិបាក​៕​

Share

Image
Image
Image