en     km
en     km

​ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​ចូលរួម​លុប​បំបាត់​ជម្រក​មូល​ខ្លា​ស្រប​ពេល​អ្នកជំងឺ​គ្រុនឈាម​កើនឡើង​

Share

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​លុប​បំបាត់​ជម្រក​មូល​ខ្លា​នៅ​ជុំវិញ​ផ្ទះ​ ដើម្បី​ការពារ​កុំឱ្យ​កើត​ជំងឺគ្រុនឈាម​។​ការ​អំពាវ​នា​ធ្វើ​ឡើង​ស្រប​ពេល​ក្រសួង​រក​ឃើញ​ថា​ អ្នកជំងឺ​គ្រុនឈាម​មានការ​កើនឡើង​ខ្ពស់​ជា​ថ្មី​ទៀត​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

មន្ទីរសុខាភិបាលខេត្តធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំអំពីការលុបបំបាត់ជម្រកមូលខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។រូបភាព៖នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង



​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ នៅ​ចុងខែ​វិច្ឆិកា​ និង​ ដើមខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​ មានការ​កើនឡើង​ករណី​ជំងឺគ្រុនឈាម​លើ​កុមារ​ និង​មនុស្ស​ធំ​ ព្រោះ​ជា​ខួប​ ឬ​វដ្ដ​រដូវ​នៃ​ជំងឺគ្រុនឈាម​ដែល​កើត​ឡើងជា​រៀង​រាល់​៤​ ទៅ​ ៥​ ឆ្នាំ​ម្តង​។​

​គិត​ត្រឹម​ខែ​ មក​រា​ ដល់​ ចុងខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ អ្នក​កើត​ជំងឺគ្រុនឈាម​ជាង​១​ម៉ឺន​៥​ពាន់​នាក់​ និង​អ្នកជំងឺ​ស្លាប់​ជាង​ ១០​ នាក់​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​(CDC)​ បញ្ជាក់​ថា​ ករណី​អ្នកជំងឺ​គ្រុនឈាម​កើនឡើង​ ដូចនេះ​ ក្រសួងសុខាភិបាល​ និង​មន្ទីរ​សុខាភិបាល​ខេត្ត​ រាជធានី​ បាន​ចាត់វិធានការ​បាញ់ថ្នាំ​សម្លាប់​មូល​ខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​។​ជាមួយ​គ្នា​ ក្រសួងសុខាភិបាល​ក៏​បាន​បើក​យុទ្ធនាការ​ដាក់​ថ្នាំ​អា​បែ​ត​បន្ថែម​ និង​អប់រំ​ផ្សព្វផ្សាយ​អំពី​បញ្ហា​សុខភាព​ដល់​ប្រជាពលរដ្ឋ​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​បាណក​សាស្ត្រ​នៃ​ក្រសួងសុខាភិបាល​ ឱ្យ​ដឹង​ថា​ អ្នក​កើត​ជំងឺគ្រុនឈាម​ នៅ​ឆ្នាំ​ ២០១៨​នេះ​ មានការ​កើនឡើង​ជាង​ ឆ្នាំ​មុន​។​

​លោក​វេជ្ជបណ្ឌិត​ បន្ថែម​ថា​ ប្រជាពលរដ្ឋ​ ១៥២៣៣​ នាក់​ កើត​ជំងឺគ្រុនឈាម​ឆ្នាំ​នេះ​ ខណៈ​ដែល​ឆ្នាំ​មុន​អ្នក​កើត​ជំងឺគ្រុនឈាម​មាន​ចំនួន​ ១១០០០​ករណី​។​ ជាមួយ​គ្នា​លោក​ថា​ អ្នកជំងឺ​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​ឆ្នាំ​ ២០១៨​នេះ​ មាន​រហូត​ដល់​ ១៦​ នាក់​ ខណៈ​ដែល​ ឆ្នាំ​មុន​ អ្នកជំងឺ​ស្លាប់​ចំនួន​ ១១​ នាក់​។​

​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​អំពាវនាវ​ជា​ថ្មី​ឱ្យ​ប្រជាពលរដ្ឋ​លុប​បំបាត់​ជម្រក​ដង្កូវទឹក​នៅ​ជុំវិញ​ផ្ទះ​ និង​ទី​សាធារណៈ​នានា​ រួម​ទាំង​ក្នុង​អាង​ស្តុក​ទឹក​នៅ​តាម​វត្ត​អារាម​ ដើម្បី​ការពារ​ក្មេងៗ​កុំឱ្យ​មូល​ខ្លាខាំ​។​ លើស​ពី​នេះ​ ឪពុក​ម្តាយ​ទាំងអស់​ត្រូវ​ពាក់​ខោអាវ​កូន​ជិតៗ​ និង​គេង​ក្នុង​មុង​ជា​និច្ច​ទាំង​ពេល​យប់​ និង​ពេល​ថ្ងៃ​។​

​ជាមួយ​គ្នា​នេះ​ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​យក​កូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​ក្នុង​ករណី​កូន​ក្តៅខ្លួន​ខ្លាំង​ ឬ​សង្ស័យ​ថា​មាន​ជំងឺគ្រុនឈាម​ដែល​មាន​រោគ​សញ្ញា​ គ្រុនក្តៅ​ខ្លាំង​ ឈឺក្បាល​ ឈឺ​ក្រោម​រង្វង់​ភ្នែក​ ឈឺពោះ​ ក្អួត​ និង​កន្ទួល​ក្រហម​លើ​ស្បែក​ ឬ​ហូរ​ឈាម​។​ បើ​មាន​ករណី​សង្ស័យ​ថា​ អ្នក​ភូមិ​ផ្ទុះ​ជំងឺ​គ្រុនក្តៅ​ច្រើន​ខុស​ពី​ធម្មតា​ត្រូវ​ផ្តល់​ព័ត៌មាន​ទៅ​ក្រសួងសុខាភិបាល​តាម​រយៈ​លេខ​ទូរស័ព្ទ​ ១១៥​ ៕

Share

Image
Image
Image