en     km
en     km

​ក្រុម​ជំនាញ​សិទ្ធិមនុស្ស UN ​បារម្ភ​អំពី​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​មុន​ការ​បោះ​ឆ្នោត​

Share

ភ្នំពេញ​៖​ ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ ​(UN) អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជាឲ្យ​គោរព​ និង​ធានា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិយោបល់​ ខណៈ​ អ.ស.ប បង្ហាញ​ក្តី​កង្វល់​អំពី​ការ​បង្ក្រាបមកលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មុខការ​បោះ​ឆ្នោតជាតិ​នៅ​ខែកក្កដា​ខាងមុខនេះ។​ ​តែ​បែប​នេះ​ក្ដី ​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ច្រាន​ចោលការ​លើក​ឡើង​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​ ហើយ​សុំ​ឲ្យ​អ្នកជំនាញ​ អ​.​ស​.​ប​ កុំ​វាយតម្លៃ​លទ្ធផល​មុន​ការ​បោះ​ឆ្នោត​។​

លោកស្រី រ៉ូណា ស្មីត(Rhona Smith) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មកជួបពិភាក្សាជាមួួយ គ.ជ.ប មុនដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នំា ២០១៧។ រូបភាព៖ គ.ជ.ប


ក្នុង​សេចក្តីថ្លែងការណ៍​ពី​ទីក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វី​ស​ នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ មិថុនា​នេះ​ ក្រុមអ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ (UN) លើក​ឡើង​ថា​ ក្រម​សីលធម៌​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិរៀបចំការបោះ​ឆ្នោត (គ.ជ.ប) ​បាន​ចែក​ទូលំទូលាយ​ និង​មិន​ច្បាស់លាស់​ដែល​អាច​នាំ​ឲ្យ​មានការ​ត្បិ​តត្បៀត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មុន​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តាំង​រាស្ត្រ​នីតិកាល​ទី​៦​នេះ​។​

​ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​របស់​ អ​.​ស​.​ប​ ដែល​ចេញ​សេចក្ដី​ថ្លេ​ង​ការណ៍​នេះ​រួម​មាន​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត​(Rhona​ Smith)​ អ្នករាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ លោក​ ដេ​វី​ កា​យេ​ (David​ Kaye)​ អ្នករាយការណ៍​ពិសេស​ស្តី​ពី​ការ​លើក​ស្ទួយ​ និង​ការពារ​សិទ្ធិ​សេរីភាព​នៃ​គំនិត​ និង​សម្តែង​មតិ​ និង​ លោក​ Clement​ Nyalesossi​ Vou​ Le​ អ្នករាយការណ៍​ពិសេស​ស្តី​ពី​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ និង​ចងក្រង​សមាគម​។​

​ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​ អ​.​ស​.​ប​៖​ «​ការ​ហាមប្រាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ក្រមសីលធម៌​នេះ​នាំ​ឲ្យ​មាន​កង្វល់​ខ្លាំង​អំពី​សេរីភាព​សារព័ត៌មាន​។​ ការ​ប្រើ​ពាក្យពេចន៍​ក្នុង​ន័យ​ទូលំទូលាយ​ និង​មិន​ច្បាស់លាស់​ដែល​អាច​នាំ​ឲ្យ​មានការ​រឹ​ត្បិត​លក្ខណៈ​ទូលំទូលាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ មិន​ស្រប​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ​។​»

ក្រុម​ជំនាញ​សិទ្ធិ​មនុស្ស​ អ​.​ស​.​ប​ លើក​ឡើង​ថា​ ក្រមសីលធម៌​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ គ​.​ជ​.​ប​ ចែង​ថា​ អ្នក​សារព័ត៌មាន​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​សេចក្តីរាយការណ៍​អំពី​បញ្ហា​ទាំង​ដែល​កើត​មាននៅ​មុន​ពេល​បោះ​ឆ្នោត​ ជា​ពិសេស​បញ្ហា​ចម្រូងចម្រាស​នានា​។ការរាយការណ៍បែបនេះ គឺជាផនែកមួយដ៏សំខាន់នៃការរាយការណ៍ព័ត៌មានដែលមានតម្លាភាព និងមានទំនួលខុសត្រូវនៅក្នុងអំឡុងពេលបោះឆ្នោត ហើយការរាយការណ៍នេះ ជួយដល់អ្នកបោះឆ្នោតឲ្យធ្វើការជ្រើសរើសដោយបានទទួលព័ត៌មានគ្រប់គ្រាន់។

​ចំពោះ​ចំណុច​នេះ​ ក្រុម​សិទ្ធិ​មនុស្ស​អង្គការ​ អ​.​ស​.​ប​ ថា​ ការ​ហាមប្រាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ផល​ប៉ះពាល់​ជាអវិជ្ជមាន​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ និង​ការ​ជួបជុំ​ដោយ​សន្តិវិធី​ ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការ​ចូលរួម​ជា​សាធារណៈ​ក្នុង​បរិបទ​នៃ​ការ​បោះ​ឆ្នោត​។​

​តែ​បែប​នេះ​ក្ដី​ លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) បាន​ច្រាន​​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​របស់ ​អ​.​ស​.​ប​ ខុស​ពី​ការ​ពិត​។​

​លោក​ ហង្ស​ ពុទ្ធា​៖​ «​ខ្ញុំ​សុំ​សម្តែង​ការ​ច្រានចោល​អ្វី​ដែល​ជា​សេចក្តីថ្លែងការណ៍​របស់​ខាង​UN​។​សុំ​ឲ្យ​ខាង​ UN​ ពិនិត្យ​ទៅ​មើល​ស្ថានភាព​ និង​ការ​អនុវត្តន៍​ជាក់ស្តែង​របស់​កម្ពុជា​ កុំ​គ្រាន់តែ​យក​ព័ត៌មាន​របស់​បណ្តាញ​ផ្សព្វផ្សាយ​ណាមួយ​ធ្វើ​ចា​ចង្កូត​ដោយ​ខ្វះ​ភស្តុ​តាង​ ខ្វះ​ការ​តាមដាន​អង្កេត​ ព្រោះ​បញ្ហា​នេះ​អាច​ប៉ះពាល់​ដល់​កិត្តិយស​របស់​ UN​ ខ្លួនឯង​។​»

​លោក​ ហង្ស​ ពុទ្ធា​ បញ្ជាក់​ថា​ ក្រម​សីស​ធ​មី​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ដំណើរការ​បោះ​ឆ្នោត​បាន​អនុម័ត​តាំងពី​ឆ្នាំ​ ២០១៦​ ហើយ​ក្រម​សីលធម៌​នេះ​ បាន​អនុវត្តន៍​រួច​មក​ហើយ​នៅ​ពេល​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/សង្កាត់​ ឆ្នាំ​ ២០១៧​ ពោលគឺ គ.ជ.បមិនមែនចេញក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយនៅមុនការបោះឆ្នោតឆ្នំានេះទេ។

​តែ​ជាមួយ​គ្នា​នេះ​ ក្រម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​ទាំងនេះ​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​កម្ពុជា​ធានា​ថា​ មនុស្ស​គ្រប់​រូប​អាច​បង្ហាញ​ទស្សនៈ​នយោបាយ​ និង​មតិយោបល់​ដោយ​សេរី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​៕

Share

Image
Image
Image