នៅម៉ោង៨ព្រឹក កាលពីថ្ងៃទី១ តុលា២០១៥ ម្សិលមិញនេះ ប្រជាពលរដ្ឋរស់នៅក្បែរផ្លូវរថភ្លើងក្នុងភូមិក្បាលស្ពាន១ ក្រុមទី១៤ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចេញទៅតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត។ ការចេញតវ៉ានេះ ធ្វើឡើងក្រោយពីមានអាជ្ញាធរបានជូនដំណឹងទៅប្រជាពលរដ្ឋ ឲ្យរុសរើផ្ទះចេញ ហើយមិនបានប្រាប់ពីមូលហេតុ និងការផ្ដល់សំណងឲ្យច្បាស់លាស់ ។ ចំណែកឯ អភិបាលរងក្រុងប៉ោយប៉ែត លោក ម៉ែន សោភ័ណ្ឌ បានលើកឡើងថា នៅពេលនេះមិនមានការបណ្តេញចេញនោះទេ បើមានការបណ្តេញចេញ ខាងខេត្តនឹងស្នើដីរដ្ឋសម្រាប់ពួកគាត់ផងដែរ។
ប្រជាពលរដ្ឋរងផលប៉ះពាល់ និងបានចេញទៅតវ៉ានៅថ្ងៃនេះ អ្នកស្រី ហោ មួយឆេង បានលើកឡើងថា អ្នកស្រីបានមករស់នៅ ក្បែរផ្លូវរថភ្លើងក្នុងភូមិក្បាលស្ពាន១ ក្រុមទី១៤ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះជាយូរណាស់មកហើយ ។
អ្នកស្រីរម្លឹកថា ពីដំបូងមិនមានការបណ្តេញ ឬការហាមឃាតពីសំណាក់មន្ត្រី អាជ្ញាធរមួយណាទាល់តែសោះ ក្នុងការសង់លំនៅរបស់ពួកគាត់។ អ្នកស្រីបន្ថែមថា ទើបតែនៅថ្ងៃទី២៨ ខែកញ្ញានេះ មានអាជ្ញាធរបញ្ជាឲ្យពួកគាត់រើផ្ទះចេញ ដោយមិនប្រាប់ពីមូលហេតុ ឬ ផ្តល់សំណងច្បាស់លាស់។
អ្នកស្រីថា នៅថ្ងៃនេះពួកគាត់ចេញតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត ដើម្បីឲ្យសំណូមពរកុំឲ្យសាលាក្រុងបណ្តេញពួកគាត់ចេញ ព្រោះនៅពេលនេះជារដូវភ្លៀង និងសូមឲ្យផ្តល់សំណងជាដីសម្រាប់ពួកគាត់អាចសង់លំនៅបានក្នុងក្រុងប៉ោយប៉ែត ដោយហេតុថា ពួកគាត់ក្រ ហើយត្រូវប្រកបរបរជាអ្នកលក់នាំបុ័ងនៅក្នុងក្រុងនេះ។ «ទៅនិងដើម្បីឲ្យទាមទាអាជ្ញាធរជួយដោះស្រាយប្រជាពលរដ្ឋខ្ញុំទៅតាមគោលនិយោបាយពិតប្រាកដផង ព្រោះប្រជាពលរដ្ឋខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា ដីដែលគេឲ្យនេះតើមានផ្លង់ដែលឬអត់ តែបើមានទឹកមានភ្លើង មានផ្លង់ខ្ញុំទទួលយកបាន តែ បើគ្មានផ្លង់ឧទាហរណ៍បើទៅរស់បានប្រហែលកន្លះខែអ្វី គេដេញថាដីគេ ដីឧកញ្ញា ឬ ដីរដ្ឋមន្ត្រីណាមួយគេនិងឈូសខ្ញុំចោលទៀតតើឲ្យខ្ញុំទៅជ្រក់ឯណា?»
ចំណែកឯអភិបាលរងក្រុងប៉ោយប៉ែត លោក ម៉ែន សោភ័ណ្ឌ បានលើកឡើងថា នៅពេលនេះមិនទាន់មានការបណ្តេញប្រជាពលរដ្ឋ ដើម្បីរៀបចំផ្លូវរថភ្លើងតាមដីកាតុលាការនោះទេ។ លោកថា ខាងខេត្តបាននឹងស្នើទៅតុលាការឲ្យផ្អាកដំណើរការ ព្រោះថាពេលនេះជារដូវភ្លៀង ម្យ៉ាងទៀតសាលាក្រុងក៏បានដាក់សំណើសុំដីរដ្ឋ សម្រាប់ប្រជាពលរដ្ឋរងផល់ប៉ះពាល់ផងដែរ។«ខាងរដ្ឋបាលក្រុងយើងបានការពារពួកគាត់ហើយ ដើម្បីពន្យាពេលក្នុងការអនុវត្ថន៌ដីការរបស់តុលាការឲ្យគាត់បានរស់នៅក្នុងផុតរដូវភ្លៀង ប៉ុន្តែជាគោលការណ៍កិច្ចការថ្នាក់ខេត្ត ឥឡូវក្រុងយើងបានធ្វើសំណើរមកខេត្ត ដើម្បីសុំដីរដ្ឋណាមួយ ដែលអាចសម្បទានសង្គមកិច្ច ដែលអាចជូនពូកគាត់បាន ប៉ុន្តែខាងថ្នាក់លើមិនទាន់រៀបចំរឿងនិង ថ្នាក់ខេត្តស្នើសុំដើម្បីពន្យាការរុះរើ»។
លោក ភុន ឈិន អ្នកសម្របសម្រួលរបស់អង្គការលីកាដូប្រចាំនៅខេត្តបន្ទាយមានជ័យ ថារដ្ឋ ក៏ដូចអាជ្ញាធរ គួរសម្របសម្រួលផ្តល់សំណងឲ្យពលរដ្ឋទាំងអស់នោះ ទៅតាមផលប៉ះពាល់ ហើយគួរផ្តល់កន្លែងសម្រាប់ពួកគាត់ស្នាក់នៅដោយមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ។«ប្រជាពលរដ្ឋតែគាត់រស់នៅលើដីចំណីផ្លូវរដ្ឋភ្លើងនិងអញ្ចឹងយើងផ្តល់ផលសំណងជាគោលនិយោបាយសំណងសមរម្យទៅអ្វីទៅតាមតម្លៃអ្វីទីផ្សារជាក់ស្ដែង អញ្ចឹងជាអ្វីដែលរដ្ឋត្រូវបំពេញកិច្ច ដើម្បីកុំឲ្យមានបញ្ហាដដែលៗ បន្តទៅទៀត»។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលចេញតវ៉ានៅខាងមុខសាលាក្រុងប៉ោយប៉ែតព្រឹកមិញនេះមានប្រមាណជាង៥០នាក់ ដែលជាតំណាងប្រជាពលរដ្ឋរងផល់ប៉ះពាល់ទាំង៥០គ្រួសារ។ បើតាមការឲ្យដឹងពីប្រជាពលរដ្ឋថា អ្នករស់នៅក្បែរផ្លូវរថភ្លើងក្នុងភូមិភូមិក្បាលស្ពាន១ ក្រុមទី១៤ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានតាំងទីលំនៅនៅទីនោះជាយូរមកហើយ ដោយអ្នកខ្លះបានតាំងទីលំនៅតាំងពីឆ្នាំ១៩៩៣មក៕