ថ្លែងនៅក្នុងកម្មវិធីដាក់តាំងបង្ហាញស្នាដៃសិល្បៈ នៅផ្ទះមេត្តា (Meta House) កាលពីល្ងាចថ្ងៃទី០៣ ខែ ធ្នូ ២០១៥ នាយិកាអង្គកាលីកាដូមានប្រសាសន៍ថា អំពើហិង្សាលើស្ត្រីនៅតែមាន ហើយការប្រើអំពើហិង្សានេះវាមិនប៉ះពាល់តែជនរងគ្រោះនោះទេ ថែមទាំងប៉ះពាល់ដល់សមាជិកក្នុងគ្រួសារ ជាពិសេសកុមារតូចៗ។
លោកស្រី ពុង ឈីវកេក បន្តថា ដើម្បីបញ្ឈប់ការប្រើអំពើហិង្សាលើស្រី្តនៅក្នុងគ្រួសារ គឺត្រូវតែរួមគ្នាគោរពច្បាប់ ព្រោះនៅក្នុងប្រទេសកម្ពុជា មានច្បាប់មួយល្អណាស់ គឺច្បាប់ទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាលើស្ត្រី និងកិច្ចការពារជនរង្គ្រោះ។ «ច្បាប់ទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាស្ត្រីក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះហើយរដ្ឋសភាបានអនុម័តតាំងពីឆ្នាំ២០០៥ ព្រះកុណាឡាយព្រះហស្ថលេខាច្បាប់នេះចូលជាធរមាន ប៉ុន្តែយើងមិនបានអនុវត្តបានល្អ…»។
ចំណែកលោក ឆាយ គីមស័រ ជាស្ថាបនិក និងអ្នកសម្របសម្រួលបណ្តាញបុរសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុស្ត្រី FM 102 នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ការប្រើអំពើហិង្សាលើស្ត្រីនៅមានស្ថានភាពធ្ងន់ធ្ងរព្រោះក្រោយពីមានការប្រើអំពើហិង្សាលើស្រី្ត តែងតែមានការប្រើវិធីផ្សះផ្សា ដោយមិនប្រើប្រព័ន្ធច្បាប់។
លោកបន្តថា ការធ្វើដូច្នេះ ជាហេតុនាំឱ្យជនល្មើសរួចខ្លួន ឯជនរថគ្រោះនៅតែរងអយុតិ្តធម៌។ លោកបន្ថែមថាដើម្បីបញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រី ប្រជាពលរដ្ឋទូទៅ ក៏ដូចជារដ្ឋាភិបាល ត្រូវពង្រឹងការគោរពច្បាប់ ជាពិសេសប្រជាពរដ្ឋត្រូវចូលរួមរាយការណ៍នូវសម្មភាពហិង្សាដែលគេបានដឹង។ «គោលនិយោបាយភូមិឃុំមានសុវត្តិភាពដើម្បីឲ្យអជ្ញាធរថ្នាក់ក្រោមអនុវត្តន៍ ប៉ុន្តែរដ្ឋាភិបាល ខ្វះការតាមដាន ត្រួតពិនិត្យឬដាក់ទោសទណ្ឌមន្ត្រីអនុវត្តច្បាប់ដែលគាត់មិនបានអនុវត្តច្បាស់ទៅតាមរឿងហេតុដែលបានកើតឡើង ទៅតាមទោសទណ្ឌ»។
នៅក្នុងកម្មវិធីដាក់តាំងបង្ហាញស្នាដៃសិល្បៈ នៅផ្ទះផ្តះមេត្តា កាលពីល្ងាចថ្ងៃទី០៣ ខែ ធ្នូ ២០១៥មានអ្នកចូលរួមប្រមាណ ៥០ នាក់ ដែលកម្មវិធីនេះរៀបចំដោយអង្គការមិនមែនរដ្ឋាភិបាលចំនួន ៩ មានដូចជាអនុសញ្ញា CEDAW អង្គការ GADC អង្គការលីកាដូ អង្គការបណ្ដាញបុរសកម្ពុជា ជាដើម។ គម្រោងនេះ ផ្អែកទៅលើយុទ្ធនាការ ១៦ ថ្ងៃ បំពាក់បូពណ៌ស ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។
យុទ្ធនាការ ១៦ ថ្ងៃ បំពាក់បូពណ៌ស គឺជាយុទ្ធនាការអន្តរជាតិមួយ ដែលបានចាប់ផ្តើមប្រារព្ធតាំងពីឆ្នាំ ១៩៩១ មក។ យុទ្ធនាការនេះត្រូវបានរៀបចំឡីងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងការបញ្ឈប់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់សមាគមអាដហុក អំពើហិង្សាដែលបានកើតឡើងនៅក្នុងកម្រិតធ្ងន់ធ្ងរ ក្នុងតំបន់គោលដៅរបស់ពួកគេ មាន ១៥០ ករណី ក្នុងឆ្នាំ ២០១៤ រីឯឆមាសទី១ នៅឆ្នាំ ២០១៥ មាន ៧៤ ករណីរួចទៅហើយ៕