en     km
en     km

ការប្រែប្រួលអាកាសធាតុអាចប៉ះពាល់ផលិតភាពរបស់កម្ពុជា១០%នៅឆ្នាំ២០៥០

Share

បើសិនជាសីតុណ្ហភាពនៅលើសកលលោកស្ថិតនៅក្រោម ២អង្សារសេនៅឆ្នាំ ២១០០ ហើយកម្ពុជានៅតែអាចរក្សាកម្រិតនៃការបន្សុំាតាមការប្រែប្រួលអាកាសធាតុបានដូចពេលបច្ចុប្បន្ននោះ ការប្រែប្រួលអាកាសធាតុនឹងកាត់បន្ថយ GDP របស់កម្ពុជាត្រឹមតែជាង១០ ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ ២០៥០ ។នេះបើយោងតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយ Governace of climate change financeកាលពីថ្ងៃទី០៥ មិថុនាឆ្នាំ២០១៨នេះ។

 

                                                                                          ​ការប្រែប្រួលអាកាសធាតុ។

 

របាយការណ៍ម៉ាក្រូសេដ្ឋកិច្ចមានចំណងជើងថា “គំរូផលប៉ះពាល់នៃកំណើនសេដ្ឋកិច្ចកម្ពុជា” ដែលរៀបចំឡើងដោយក្រសួង ហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តភាពជាមួយនឹងការគាំទ្របច្ចេកទេសពីយូអិនឌីភី(UNDP) បានឱ្យដឹងថា នៅឆ្នាំ២០៥០ ការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យប៉ះពាល់ដល់ផលិតភាពការងារ ព្រោះតែការហក់ឡើងខ្ពស់នៃសីតុណ្ហភាពដែលជាមូលហេតុចម្បងនាំឱ្យកម្មករអស់កម្លាំង និងបន្ថយសកម្មភាពក្នុងការងារ។

របាយការណ៍នេះបង្ហាញទៀតថា កម្ពុជានឹងបាត់បង់ GDP ប្រមាណ៥៧% ដែលបណ្តោលមកពីការប្រែប្រួលអាកាសធាតុនេះ។

តាមរយៈរបាយករណ៍នេះ ការខាតបង់ផលិតផលក្នុងស្រុកសរុបឬ GDP គឺមានខ្ពស់ជាងការរកឃើញគំរូមុនៗ ដែលបានធ្វើនៅអាស៊ីអាគ្នេយ៍។ កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការចំណាយនៃបំរែបំរួលអាកាសធាតុនេះ គឺដើម្បីជាវិធានការបន្ស៊ាំខ្លួនទៅនឹងគ្រោះមហន្តរាយធម្មជាតិនានា ប៉ុន្តែការកើនឡើងសីតុណ្ហភាពនេះនាំឱ្យមានការគំរាមកំហែងធំធេងដដែល ចំពោះសេដ្ឋកិច្ចបណ្តាលមកពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

វិស័យសំណង់ ផលិតកម្ម និងកសិកម្មនៅកម្ពុជា បានទ្រទ្រង់ផលិតផលក្នុងស្រុកសរុបរហូត ៥២ ភាគរយ។ សកម្មភាពការងាររបស់កម្មករកម្ពុជានឹងមានសភាពយឺតៗ ឬអស់កម្លាំងដោយសារតែសីតុណ្ហភាពឡើងខ្ពស់ ដែលនេះជាមូលហេតុចម្បងធ្វើឱ្យបាត់បង់ GDP ស្មើនឹង 57 ភាគរយ។ នេះបើតាមពន្យល់របស់លោក Nick Beresford នាយក UNDP ប្រចាំប្រទេសកម្ពុជាថ្លែងក្នុងរបាយការណ៍នេះ។

                                                                                                   ​​កម្មករសំណង់ជាស្រ្តី។

 

លោក Nick Beresford ​បាននិយាយថា ការសិក្សាស្រាវជ្រាវបន្ថែមនេះ ចាំបាច់ត្រូវធ្វើនៅលើមធ្យោបាយដើម្បីការពារសង្វាក់ផ្គត់ផ្គង់ និងគាំពារដល់កម្មករពីភាពតានតឹងក្នុងបរិបទនៃការកើនឡើងកំដៅផែនដីនេះ។

ការសិក្សានេះបានបន្តឱ្យដឹងថា GDP របស់ប្រទេសកម្ពុជាកាលឆ្នាំ ២០១៥ បានធ្លាក់ចុះ ៤​,៦ ភាគរយ។ របាយការណ៍នេះបានសន្និដ្ឋានថា បើបច្ចុប្បន្ននេះកម្ពុជាចំណាយលើការបន្សាំខ្លួន នោះនឹងជួយជៀសវាងផលប៉ះពាល់ ៣៣% នៅត្រឹមឆ្នាំ ២០៥០ ប៉ុន្តែគោលនយោបាយដែលបានពង្រឹងអាចជួយជៀសវាងរហូតដល់ទៅ ៦៦% ។ របាយការណ៍ដែលដាក់បញ្ចូលគ្នាដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF) សហការជាមួយក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព (NCSD) ដោយមានជំនួយពីយូអិនឌីភី(UNDP)បានសន្មតថាសីតុណ្ហភាពនៅលើសកលលោកត្រូវបានរក្សានៅក្រោម ២ អង្សាសេ។​

លោក ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពមានប្រសាសន៍ក្នុងរបាយការណ៍នេះថា៖«វិធីសាស្រ្តនៃការស្រាយជ្រាវនេះ គឺមានតម្លាភាពយ៉ាងពេញលេញដោយប្រើគំរូម៉ាក្រូសេដ្ឋកិច្ចនៃការប្រែប្រួលអាកាសធាតុ ដែលមានស្រាប់និងធ្វើឱ្យមានភាពងាយស្រួល។លោកបន្តថា​ របាយការណ៍នេះ បានរួមបញ្ចូលភស្តុតាងក្នុងស្រុក និងករណីសិក្សាអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ហើយត្រឹមត្រូវដោយការប្រើប្រាស់ទិន្នន័យជាតិជាមួយការសម្ភាសន៍នៅក្នុងវិស័យគន្លឹះទាំងនោះ។

លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅកម្ពុជាបានថ្លែងថារបាយការណ៍នេះថា របាយការណ៍នេះបានផ្តល់ឱកាសមួយដើម្បីកំណត់នូវសកម្មភាពការពារវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសកម្ពុជាពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ លោកបន្តថា “សហភាពអឺរ៉ុបនិងប្រទេសជាសមាជិករបស់ខ្លួនបានប្តេជ្ញាគាំទ្រកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងនេះ” ។

ចំណែកលោក ម៉ារីយ៉ា សាហ្គេន ឯកអគ្គរាជទូតស៊ុយអែតប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ «ហិរញ្ញប្បទានបរិយាកាសអន្ដរជាតិមានតួនាទីសំខាន់ ហើយការវិនិយោគផ្នែកឯកជនក្នុងការសម្របខ្លួនត្រូវការការគាំទ្រដោយមានការលើកទឹកចិត្តត្រឹមត្រូវពីរដ្ឋាភិបាល» ។

ស្របពេលនៃការចេញរបាយការណ៍នេះ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ​ថ្លែង ថាកម្ពុជាត្រូវការទាំងជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់អនុវត្តនៅក្នុងគម្រោងបន្ស៊ាំការប្រែប្រួលអាកាសធាតុ កម្មវិធីអប់រំ បណ្តុះបណ្តាល លើកកម្ពស់ការយល់ដឹង ដែលឈានទៅកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែត្រូវការដៃគូដើម្បីបង្កើនការគាំទ្រដល់ផ្នែកហិរញ្ញប្បទាន សម្រាប់គម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ ការថ្លែងនេះធ្វើឡើងក្នុងសន្និសីទស្តីពី«ការធ្វើសមាហរណកម្មផែនការនៃការចូលរួមចំណែករបស់រដ្ឋភាគី ក្នុងការអនុវត្តអនុញ្ញាតក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ» កាលពីព្រឹកថ្ងៃទី៧ ខែមិថុនាម្សិលមិញ។

ជាការឆ្លើយតប លោក និក បេរិសហ្វត(Nick Beresford) នាយកប្រចាំប្រទេសកម្ពុជានៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បានបង្ហាញពីជំហរចូលរួមផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញប្បទាន ដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងការប្តេជ្ញាចិត្តដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងពន្លឿនវឌ្ឍនភាពនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។

របាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ីមួយដែលបានចេញផ្សាយកាលពីឆ្នាំមុនបានរកឃើញថាតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថានឹងក្លាយជាតំបន់មួយដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារកម្ដៅខ្លាំង។

របាយការណ៍របស់ADB បន្ថែមថា អាស៊ីអាគ្នេយ៍ងាយជាតំបន់ងាយរងគ្រោះដោយទឹកជំនន់ ព្រោះមានកំហាប់ដីទំនាបដែលមានប្រជាជនតិចតួច។ យោងតាមការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី បញ្ជាក់ថាសេដ្ឋកិច្ចនិងប្រជាជនកម្ពុជា បង់ក្លាដេស និងវៀតណាម មានការប៉ះពាល់ខ្លាំងបំផុតចំពោះទឹកជំនន់នៅក្នុងតំបន់។

យោងតាមក្រសួងកសិកម្មឱ្យដឹងថានៅក្នុងឆ្នាំ ២០១៦ ដីចំការ និងស្រូវជិត  ២៣ម៉ឺនហិកតានៅក្នុងខេត្តចំនួន ១៦ ក្នុងប្រទេសកម្ពុជាត្រូវបានប៉ះពាល់ដោយគ្រោះរាំងស្ងួត៕

Share

Image
Image
Image