en     km
en     km

បទវិភាគ៖ ករណីពុករលួយនិងវិនិយោគចិនវាយលុកម៉ាឡេស៊ីគឺជាការដាក់ប្រទេសលក់ក្លាយជារបៀបវារៈនៃការបោះឆ្នោត

Share

ម៉ាឡេស៊ី៖ទោះបីការបោះឆ្នោតសភានីតិកាលទី១៤ប្រព្រឹត្តទៅនៅចុងខែសីហា  នៅយូរបន្តិចក្ដី តែរលក នៃការ​ឃោសនានយោបាយហាក់មានភាពក្ដៅគគុក។ របៀបវារៈមួយដែលចាត់ទុកថាអាយុជីវិតជាតិនៃប្រទេសម៉ាឡេស៊ីគឺវិនិយោគទុនពីប្រទេសចិន។

របៀបវារៈសំខាន់មួយទៀតគឺ រឿងអាសត្រូវ របស់នាយករដ្ឋមន្ត្រីណាជិព ទាក់ទងនឹងការចុះផ្សាយមួយរបស់កាសែតThe Wall Street Journal ថាលោកណាជិពលួចផ្ទេរប្រាក់រដ្ឋពីធនាគារវិនិយោគ1MDB នូវមូលនិធិ៧រយលានដុល្លារ។  ក្រុមអ្នកនយោ​បាយ​បក្សប្រឆាំងបានយកបញ្ហាពីរនេះធ្វើជារបៀបវាៈសំខាន់ជាងគេដើម្បីរកការគាំទ្រពីអ្នកបោះឆ្នោត ។

បញ្ហាទាំងពីរនេះហើយ បានក្លាយជា ឧបករណ៍ទាញទម្លាក់សន្លឹកឆ្នោតរបស់បក្សកាន់អំណាចUMNO ។​

បទវិភាគនេះ រៀបរៀងដោយ លោកនួន បូរិននិង​អត្ថាធិប្បាយដោយ អ្នកនាង អ៊ឹម សុខន ដែលមានដូចទៅ៖

ភូមសាស្ត្រ និង ប្រជាជន

ម៉ាឡេស៊ីជារដ្ឋសហព័ន្ធ ដែលមានប្រព័ន្ធគ្រប់គ្រងជារាជាណាចក្រ។ ប្រទេសនេះ ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៌ និងចែកចេញជា១៣រដ្ឋ​និង ៣តំបន់ដែនដីសហព័ន្ធ។ មានផ្ទៃដី៣សែន៣ម៉ឺន៨០៣ គីឡូម៉ែត្រ ក្រឡា​ មានប្រជាជន ជិត៣២លាននាក់គិតដល់ឆ្នាំ២០១៨នេះ។

តាម wikipedia.org ប្រទេសម៉ាឡេស៊ី ដែលជារដ្ឋឥស្ថាមមួយនៅអាស៊ីអាគ្នេយ៌ មាន ជនជាតិដើម ផងនិងជនជាតិ ភាគតិចផង។នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ ជនជាតិចិនហូរចូលខ្លាំងជាងគេ។ ក្រុមនេះ មករស់នៅ តាមកម្លាំងវិនិយោគរបស់ក្រុមហ៊ុន របស់ពួកគេ  ដែលមើលទៅដូចជាការផែនការរបស់ក្រុងប៉េកាំងធ្វើអោយសាយភាយពលរដ្ឋខ្លួនរើទីតាំងទៅនៅបរទេស។

លំហូរជនជាតិចិនតាមរយៈក្រុមហ៊ុន នាំឱ្យមានការភាពភ័យខ្លាចពីការដាក់ប្រទេសលក់

ម៉ាឡេស៊ីជារដ្ឋមួយងាយធ្វើឱ្យពលរដ្ឋជាតិសាសន៍ដទៃមកជ្រកកោន ដែលពួកគេ អាចមកតាមផ្លូវទឹក និងផ្លូវគោក។ ជនជាតិដែលមកតាមផ្លូវទឹកច្រើនតែមកពីប្រទេសចិន។ តាម wikipedia.org ជនជាតិប្រទេសដ៏ធំនេះ កំពុងរស់លើទឹកដីម៉ាឡេស៊ី កាន់តែមានចំនួនច្រើនជាងគេដោយមានជិត២៣ភាគរយនៃចំនួនពលរដ្ឋសរុប។ ដោយចំនួននេះ នឹងអាចបន្តកើនឡើង បានធ្វើឱ្យក្រុមជាតិនិយមម៉ាឡេស៊ី មានការភ័យខ្លាចជាខ្លាំង។ ដោយពលរដ្ឋចិន មានចំនួនកាន់តែច្រើន ឃើញថាការរៀនភាសាចិន កាន់តែរីកដុះដាលខ្លាំង។

ការភ័យខ្លាចនេះ បាននាំឱ្យបក្សនយោបាយ ជាពិសេស គណបក្សប្រឆាំងបានយកធ្វើជាទុន​ឃោសនារកសំឡេង សម្រាប់ការបោះឆ្នោតខែសីហាខាងមុខនេះ។ យ៉ាងណាក៏ដោយ បក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រី ណាជីពរ៉ាហ្សាក់បានធ្វើវិសោធនកម្មច្បាប់ អន្តោប្រវេសន៍ ដោយ សំដៅពង្រឹង ការគ្រប់គ្រងជនបរទេស។ តែបែបនេះក្ដីក្រុមប្រឆាំងរកឃើញ ការហូរចូលជនជាតិចិននៅរយៈពេលចុងក្រោយនេះអាចមកពីការសម្រុកដាក់ទុនវិនិយោគកាន់តែច្រើនឡើងៗពីក្រុមហ៊ុនចិន ដែលនាំឱ្យ អ្នកនយោបាយបក្សប្រឆាំងរបស់អតីតនាយករដ្ឋមន្ត្រីមហាធាមាហាដ វាយប្រហារថា ជាការដាក់ប្រទេសលក់ តាមរយៈវិនយោគចិនដែលមិនមានការគ្រប់គ្រងច្បាសលាស់។ បេក្ខជន នាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតសភាថ្ងៃទី២៤សីហា អាយុ៩៣ឆ្នាំនេះ រិះគន់ចំៗ​ថាលោកណាជីពដាក់ប្រទេសលក់អោយចិនហើយ តាមរយៈ គមម្រោងអភិវឌ្ឍន៍មួយចំនួនរបស់ចិន។ លោកសន្យា ពិនិត្យមើលករណីនេះឡើងវិញ ប្រសិនបើបក្សរបស់លោក ឈ្នះឆ្នោត។

តែជាមួយគ្នានេះ លោកណាជីពបានបដិសេធ ដោយចាត់ទុកការ លើកឡើងរបស់បក្សប្រឆាំងថាមិនមានមូលដ្ឋានអ្វីឡើយ។ លោកបានការពារ ប្រព័ន្ធគ្រប់គ្រងរបស់លោក ដោយអះអាងថាការបើកចំហវិនិយោគមិនបានរើសអើងប្រទេសណាទេ។ តាមគេហទំព័រ nst.com.my  ទំហំពាណិជ្ជកម្ម ទ្វេភាគី រវាងម៉ាឡេស៊ីនិងប្រទេសចិន បានកើនឡើង ជាខ្លាំងអំឡុង ប្រាំចុងក្រោយនេះ ដោយកើន ជិត១៥ភាគរយ ស្មើនឹង៥២ពាន់ ៥៥០លានដុល្លារអាមេរិក។​ទោះជាទំហំនៃការដាក់ទុនរបស់ចិនខ្លាំងឡើងក៏ដោយ តែក្រុមប្រឆាំងបានយកបញ្ហានេះ ធ្វើជារបៀបវារៈនៃការឃោសនា​ដែលនាំឱ្យស្មារតីជាតិនិយមរបស់ពលរដ្ឋម៉ាឡេស៊ីមានការផុសផល់ជាខ្លាំងដោយ ពួកគេ បារម្ភពីជោគវាសនារបស់ប្រទេសជាតិនៅពេលខាងមុខ។

ការពិតការបោះឆ្នោត នៅសល់ ៥ខែទើបចាប់ផ្ដើម តែពលរដ្ឋម៉ាឡេស៊ីហាក់ដូចជាចង់ អោយ មានការបោះឆ្នោតកាន់តែឆាប់កាន់តែល្អ។ អ្វីដែលពួកគេ ចង់សម្ដែងឆន្ទៈទំនងគឺចំណុចខ្សោយរបស់បក្សកាន់អំណាច។ របៀបវារៈសំខាន់មួយទៀតគឺករណីអំពើពុករលួយ។

ករណីពុករលួយ ប្រាក់៧០០លានដុល្លារពាក់ព័ន្ធនឹងធនាគារ1MDB

គ្រាន់តែកាសែត The Wall Street Journal  បានចេញផ្សាយភ្លាម  បក្សកាន់អំណាចរបស់លោកណាជិព បានចេញសេចក្ដីថ្លែងការណ៍វាយបកនិងទាត់ចោល ហើយគំរាមប្ដឹងការសែតនេះទៀតផង។ កាសែតនេះថា លុយប្រមាណ៧០០លានដុលា្លរនេះ ត្រូវបានគ្រួសារលោកណាជីពបានលួចផ្ទេរពី ធនាគារវិនិយោគ 1MDBមកដាក់ក្នុងគណនីរបស់ខ្លួន។ ការបង្ហាញតួលេខនេះ បាននាំអោយបក្សប្រឆាំងនិងក្រុមសង្គមស៊ីវិល យកធ្វើជាប្រធានបទនៅលើវេទិការបស់ខ្លួន។

ក្រុមប្រឆាំង ជាពិសេស លោកមហាធា បានបើកការវាយលុកនៅពេលនេះ គឺជាការសំពងអោយលោកណាជីពនិងបក្ស UMNO បាក់ស្រុតស្មារតី មុនពេលវេលាមកដល់ហើយរបៀបវារៈនេះ បានធ្វើអោយពលរដ្ឋ ម៉ាឡេស៊ី នឹកគិតទៅរក មេបក្សប្រឆាំង គឺលោកអាន់វ៉ាអ៊ីប្រាហ៊ិម ជាប់ទោស ដោយសារលោកណាជីពប្ដឹងរឿង អាស្រូវផ្លូវភេទ ដែលមិនទាន់បានចេញពីគុកផងមកដល់ពេលនេះ។ ករណីនេះ លោកមហាធា ស្បថថានឹងពិនិត្យឡើងវិញ បើលោកបានក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសម្ដងទៀត។ រឿងអាស្រូវនេះ យ៉ាងតិច មន្ត្រីបក្សកាន់អំណាច ២រូបដែលទាមទារឱ្យលោកណាជីព ឡើងបំភ្លឺនៅរដ្ឋសភា ត្រូវបានបណ្ដេញពីបក្ស ហើយ រដ្ឋអាជ្ញាម្នាក់ ក៏ត្រូវបញ្ឈប់ពីតំណែងដែរ។

សំណុំរឿង នេះមិនបានធ្លាក់ដល់ដៃតុលាការទេនៅពេលនេះ។ ដើមបណ្ដឹងអាចត្រូវចោទពីបទបរិហាកេរ្តិ៍ បើហ៊ានប្ដឹង។ សម្រាប់លោក មហាធាក៏មិនបានប្ដឹងករណីនេះដែរ ដោយមិនទុកចិត្ត ប្រព័ន្ធតុលាការនេះ។ លោកស្បថថានឹងពិនិត្យតុលាការទៀតក្នុងរឿងនេះ។ ដោយខិតខំការពារ ភាពស្អាត់ស្អំរបស់ខ្លួន លោកណាជិពនិងបក្ស ​UMNO បានដើរធ្វើយុទ្ធនការប្រាប់ពលរដ្ឋថា កុំជឿរឿងនេះ ព្រោះជារឿងមិនពិត ហើយជារបៀបវារៈបង្ខូចកេរ្តិលោកណាជីពតែប៉ុណ្ណោះ។

តែយ៉ាងណា ក៏ដោយរបៀបវារៈទាំងពីរនេះ ទំនងនឹង ក្លាយជាឧបករណ៍ឃោសនា របស់ បក្សប្រឆាំងរហូត ដល់ការបោះឆ្នោតសភា ម៉ាឡេស៊ីចូលមកដល់គឺនៅថ្ងៃទី២៤សីហា ដែលជារលកនយោបាយវាយប្រហារបក្សកាន់អំណាចផ្ទប់ជញ្ចាំង ហើយអាចក្លាយជាការអូសទាញពលរដ្ឋម៉ាឡេស៊ី មកពីក្រុមជាតិនិយម និងស្រឡាញ់យុត្តិធម៌អោយធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតមានចំនួនច្រើនលើសពីការបោះឆ្នោតសភានីតិកាលទី១៣ នៅឆ្នាំ២០១៣ដែល បក្សUMNOរបស់លោកណាជីព បាត់បង់អាសនៈ ច្រើនហើយនោះ៕

 

 

 

Share

Image
Image
Image