loader

ក្រុមហ៊ុនផលិតកង់ធំៗ ព្រមានពីការរើចេញពីកម្ពុជា បើបាត់បង់ EBA

ក្រុងភ្នំពេញ៖ ស្របពេលប្រព័ន្ធពន្ធអនុគ្រោះ ​EBA ខិតជិតដល់ទីបញ្ចប់  ក្រុមហ៊ុនផលិតកង់ធំៗបំផុតរបស់សហភាពអឺរ៉ុបព្រមាន ពីការ រើរោងចក្រផលិតចេញពីកម្ពុជាត្រឹមឆ្នាំ ២០២០ ទៅកាន់ប្រទេសជិតខាងក្នុងតំបន់អាស៊ាន។  តែបែបនេះក្ដី អ្នកនាំពាក្យរាជរដ្ឋាភិបាល ចាត់ទុកការព្រមានរបស់ក្រុមហ៊ុន​ទាំង​នោះ គឺជារឿងតូចតាច ។

សម្ព័ន្ធក្រុមហ៊ុនផលិតកង់ធំៗ របស់អឺរ៉ុបនៅកម្ពុជា ​(CBC) ដែលក្នុងនោះមានក្រុមហ៊ុន A&J Co. Ltd និង ក្រុមហ៊ុន Smart Tech Co. Ltd បានព្រមានពី ការសើរើទីតាំងផលិតទៅប្រទេសជិតខាងវិញ ប្រសិនបើសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធពន្ធអនុគ្រោះ EBA នាដើមឆ្នាំ ២០២០នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bike Europe កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩នេះ។

យោងតាមប្រភព ដែលបានស្រង់សម្ដី ប្រធានសម្ព័ន្ធនៃក្រុមហ៊ុនផលិតកង់កម្ពុជា លោក Jon Edwards បានប្រាប់អ្នកសារព័ត៌មានថា ការសម្រេចសើរើទីតាំងនេះគឺអាស្រ័យលើលទ្ធផលនៃការដកចេញទៅវិញនូវប្រព័ន្ធពន្ធអនុគ្រោះ EBA ។

លោកបន្តថា «វានឹងក្លាយជារឿងដែលគួរឲ្យសោកស្តាយសម្រាប់កម្មករកម្មការនីកម្ពុជា ប្រសិនបើយើងត្រូវសម្រេចចិត្តប្តូរទីតាំងទៅកាន់ប្រទេសជិតខាងកម្ពុជាវិញ ព្រោះថាប្រទេសទាំងនោះមានកម្មវិធីអនុគ្រោះពន្ធ EBA ពោលគឺមិនជាប់កាតព្វកិច្ចក្នុងការបង់ពន្ធទៅកាន់ទីផ្សារនៅអឺរ៉ុប។»

លោកបន្ថែមថា ប្រសិនបើគ្មានប្រព័ន្ធពន្ធអនុគ្រោះនេះទេ ក្រុមហ៊ុននឹងត្រូវជាប់កាតព្វកិច្ចបង់ចូលទៅកាន់ទីផ្សារអឺរ៉ុបប្រមាណ ១៤ ភាគរយលើការនាំចូល។ លោកបង្ហើបថា ក្រុមហ៊ុនកំពុងសម្លឹងឃើញ  ប្រទេសចំនួន៣ ប្រសិនបើកម្ពុជាបាត់ EBA នោះគឺប្រទេសវៀតណាម  ភូមានិង បង់ក្លាដេស។ ​

វិទ្យុស្រ្តីមិនទាន់សុំការឆ្លើយតបបានទេពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដោយហៅចូលតែមិនមានអ្នកលើក។

ប៉ុន្តែ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានផ្ដល់បទសម្ភាសខ្លីជាមួយ អ្នកសារព័ត៌មានវិទ្យុស្រ្តីនៅរសៀលថ្ងៃនេះថា វាជារឿងធម្មតា ដែលពាណិជ្ជករតែងស្វែងរកទីតាំង និង ប្រាក់ចំណេញ ក្នុងន័យវិនិយោគ។ តែលោកថាសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ការការពារអធិបតេយ្យភាពគឺជារឿងសំខាន់ ហើយកម្ពុជាមិនឱនក្បាលដាច់ខាតលើលក្ខខណ្ឌរបស់សហភាពអឺរ៉ុបដែលចង់បាន។

លោក ផៃ ស៊ីផាន ពន្យល់បន្ថែមថា៖ «បើគិតតាមន័យសេដ្ឋកិច្ច វាត្រឹមត្រូវដែលពាណិជ្ជករស្វែងរកប្រាក់ចំណេញ តែរដ្ឋាភិបាលរក្សាយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពរបស់ជាតិ ហើយរដ្ឋាភិបាលបានបរិច្ចាកគ្រប់បែបយ៉ាងក្នុងការការពារ កាត់បន្ថយការចំណាយ ដើម្បីប្រកួតប្រជែលើទីផ្សារ ហើយការចាកចេញគឺជាជម្រើសរបស់គេ តែរដ្ឋាភិបាលមិនទម្លាក់ចោលអធិបតេយ្យភាពរបស់ខ្លួន ទៅការពារពាណិជ្ជករមួយក្រុមតូចនោះទេបាទ!»

ដោយមិនយល់ស្របនឹងការលើកឡើងនេះ លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ និងសង្គមពន្យល់ថាមិនមែនមានតែក្រុមហ៊ុនផលិតកង់ធំៗ ទាំងនេះទេ​ដែលអាចនឹងសើរើទីតាំងពីកម្ពុជា តែមានក្រុមហ៊ុនជាច្រើនទៀតវិនិយោគនៅលើវិស័យផ្សេងៗគ្នា ក៏កំពុងពិចារណាលើការដកការវិនិយោគពីប្រទេសកម្ពុជាផងដែរ។ លោកថាកម្ពុជាគួរគិតឲ្យច្បាស់មុនសម្រេចចិត្តអ្វីមួយ។

លោក ឯម សុវណ្ណារ៉ា បន្តថា៖ នៅពេលដែលក្រុមហ៊ុនធំមួយគេបានឲ្យសញ្ញាពីការចាកចេញ ហើយរដ្ឋាភិបាលមិនអើពើ នេះប្រហែលជាសញ្ញាដែលមានក្រុមហ៊ុនដទៃទៀតក៏អាចនឹងពិចារណាដូចគ្នាអញ្ជឹងដែរ ហើយខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជាគួរពិចារណាសារជាថ្មីមុនការឆ្លើយតបព្រោះវាជាបញ្ហាធំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

យ៉ាងណា នាយករដ្ឋមន្រ្តីសម្តេចហ៊ុន សែន បានថ្លែងកាលពីពេលថ្មីៗនេះ ថា កម្ពុជាមានប្រាក់បម្រុង ១៥០០ លានដុល្លារ និង មាស ៣០ តោន បម្រុងនៅពេលសេដ្ឋកិច្ចកម្ពុជា ជួបហានិភ័យនឹងអ្វីមួយ។

កម្ពុជាគឺជាប្រទេសលេខមួយដែលនាំចូលកង់ចូលទៅកាន់ទីផ្សារអឺរ៉ុបដែលក្នុងមួយឆ្នាំៗ នាំចេញប្រមាណ១,៦ លានគ្រឿង ហើយរកប្រាក់ចំណូលបាន ៣៦៤ លានដុល្លារ ។ តែតាមពីក្រោយកម្ពុជា គឺ កោះតៃវ៉ាន់មានលេខ២។ រោងចក្រនេះ  បានបបង្កើតការងារសម្រាប់កម្មករកម្មការនីប្រមាណ ៦ពាន់ការងារ ក្នុងតំបន់ព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៕ 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រវត្តិសាស្រ្ត៖ ការបែកបាក់បន្ទាយលង្វែក

ប្រវត្តិសាស្រ្ត៖ ការបែកបាក់បន្ទាយលង្វែក

ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩

សម័យលង្វែក គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉[...]

ហ្វាំងឡង់៖ SannaMarinជាប់ជា ស្រ្ដីនាយករដ្ឋមន្រ្ដីវ័យក្មេងបំផុតព្រោះឱកាសប្រទេសកើតកុប្បកម្ម

Sanna Marin ​ វ័យ៣៤ឆ្នាំ បានកំពុង ឈោងកាន់តំណែ[...]

អគ្គលេខាធិការUNស្នើឱ្យបញ្ចូនទ័ពទៅការពារប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល

លោក​Antoino Gutteres អគ្គលេខាធិការអង្គការសហប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត