en     km
en     km

ចិនអំពាវនាវអោយប្រទេសដទៃមកប្រកួតប្រជែងការវិនិយោគជាមួយចិននៅកម្ពុជា

Share

ចិនរាប់បានថាជាប្រទេសដែលមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចមួយដែរសម្រាប់កម្ពុជាដែលស្ដែងតាមរយៈការផ្ដល់ហិរញ្ញប្បទាន និង ជំនួយជាទឹកប្រាក់សន្ធឹកសន្ធាប់ សម្រាប់ការអភិវឌ្ឍ។ កម្ពុជារុញបាននូវសេដ្ឋកិច្ច៧ភាគរយ នៅជាប់លំដាប់ទី៦ក្នុងពិភពលោកជាប្រទេសដែលមានសន្ទុះសេដ្ឋកិច្ចអភិវឌ្ឍឆាប់រហ័សហើយការណ៍នេះក៏ជាអំណរសម្រាប់អ្នកវិនិយោគ និងបន្ដវិនិយោគជាច្រើនទៀត។ ភាគីចិន ដែលមានអ្នកស្រាវជ្រាវ និង អ្នកជំនាញចិនចង់ឃើញដូចគ្នាប្រទេសដទៃចាប់អារម្មណ៍នឹងកម្ពុជា ហើយធ្វើការប្រកួតប្រជែងស្មើមុខមាត់ជាមួយនឹងចិន។

កញ្ញា ឆោមពៅនិកា លម្អិតព័ត៌មាននេះ៖

 

ចិនដែលចេញមុខគាំទ្រការដឹកនាំពេញទំហឹងរបស់សម្ដេចហ៊ុនសែន និង បក្សប្រជាជនកម្ពុជា បានចាត់ទុកថាទំនាក់ទំនងកម្ពុជា ចិនមានសារៈសំខាន់លើទំនាក់ទំនងណាទាំងអស់ ហើយស្វាគមន៍ចំពោះការប្រកួតប្រជែងចំពោះកម្ពុជាពីសំណាក់ភាគីរដ្ឋនានា។ គ្រានេះដែរ ចិនបានសន្យានឹងបន្ដលើកទឹកចិត្តដល់វិនិយោគចិនឱ្យសិក្សានិងធ្វើការវិនិយោគនៅកម្ពុជាឱ្យបានច្រើន។

តាមរយៈជំនួបដ៏មានសារៈសំខាន់របស់សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្ដីកម្ពុជា​ ជាមួយនឹងសមភាគីចិន ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង  នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ បានបង្កើតឱ្យមាននូវចំណងមិត្តភាពកាន់តែស្អិតរមួតជាខ្លាំង ស្ដែងតាមរយៈការឱ្យដឹងព័ត៌មានថា ប្រទេសចិន នៃរដ្ឋាភិបាលលោក ស៊ីជីងភីង បានសម្រេចផ្ដល់នូវជំនួយជិត ៤ពាន់លានយ័ន គិតជាទឹកប្រាក់សហរដ្ឋអាមេរិក ប្រមាណ ៦០០លានដុល្លារ។

ជាមួយគ្នានេះដែរ​គេហទំព័រសារព័ត៌មានសេដ្ឋកិច្ចដ៏ល្បី the global time បានពិពណ៌នា សម្ដីអ្នកវិភាគអន្តរជាតិមួយរូប លោក ហ្គូ ជីហ្គូជ ក្រោយពីលោកបានធ្វើការកត់សម្គាល់លើដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានៅឯទីក្រុងប៉េកាំង ថា កម្ពុជា ត្រូវការទំនាក់ទំនងចិន និង ប្រយោជន៍នៃការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ហើយចិនដែលជាដៃគូអភិវឌ្ឍធំជាងគេរបស់កម្ពុជាក៏បានអំពាវនាវឱ្យមានការចូលរួមពីប្រទេសផ្សេងៗទៀតក្នុងការសម្រុកចូលទីផ្សារកម្ពុជា ក្នុងគោលបំណងប្រកួតស្មើដៃគ្នា លើលក្ខខណ្ឌដូចគ្នា។

មជ្ឈដ្ឋានទាំងឡាយសង្កេតឃើញថា ទស្សនកិច្ចនេះនឹងប្រកបដោយភាពជោគជ័យច្រើនលើវិស័យពាណីជ្ជកម្ម និង ពង្រឹងនូវសេចក្ដីទុកចិត្តគ្នាទៅវិញទៅមកនូវវិស័យនយោបាយនៃទំនាក់ទំនងទ្វេភាគីដ៏មិនអាចផ្ដាច់បាននេះ។អ្នកជំនាញកិច្ចការអាស៊ីអាគ្នេយ៍នៃវិទ្យាស្ថានជាតិ នៃយុទ្ធសាស្រ្ដអន្ដរជាតិរូបនេះបានធ្វើការអះអាងដូចនេះ ដែលមិនខុសគ្នាទេទៅនឹងអ្វីដែល អគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាថ្លែងការពីថ្ងៃ ១៦មករា ចង់សម្រេចបន្ថែមទៀតនូវការពង្រឹងនិង ពង្រីក​នូវ ចំណងទំនាក់ទំនងផលប្រយោជន៍ និង មិត្តភាព ដោយការអភិវឌ្ឍវិស័យបួនយ៉ាងជាមូលដ្ឋានគឺ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ការវិនិយោគ និង កសិកម្ម ។

ថ្លែងទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ស៊ីជីងភីងបានបន្ដលើកឡើងនូវគោលគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក្នុងក្របខណ្ឌ ខ្សែក្រវ៉ាត់មួយផ្លូវមួយ ក្នុងនោះភាគីទាំងសងខាងនឹងបន្តយកចិត្តទុកដាក់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ។

លោក ហ្គូបានវាយតម្លៃថា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដទាំងឡាយគឺជាអាទិភាពនៃការអភិវឌ្ឍសម្រាប់កម្ពុជា ហើយចាំបាច់ណាស់ដែលកម្ពុជាទទួលយកនូវគោលគំនិតដែលលោកស៊ីជីងភីងបានលើកឡើងពីមុនមកៗ និង ក្រោយៗនេះទៀត។

សម្អាងទៅលើសម្ដីរបស់អ្នកប្រឹក្សាយោបល់សេដ្ឋកិច្ច និង ពាណិជ្ជកម្ម នៃស្ថានទូតចិន​ប្រចាំព្រះរាជាណាចក្រខ្មែរ ឌឺហ្លូបលថែម សរសេរថា ៨០ភាគរយនៃបណ្ដាញអគ្គិសនី​ ថាមពលវាបានពីការជួយរបស់ចិននៅក្នុងគម្រោងវារីអគ្គីសនីដ៏ធំ តាំងពីឆ្នាំ២០១៧ ខែឧសភា ហើយចុងឆ្នាំទៅមិញ កម្ពុជាក៏បានដាក់សម្ពាធនូវទំនប់វារីអគ្គិសនីដ៏ធំនោះ គឺ ទំនប់វារីអគ្គិសនី សេសានក្រោមពីរ ដែលអាចផលិតបាននូវថាមពលអគ្គីសនី ១ចុច៩៧ពាន់លានក្នុងមួយម៉ោង និង អាចសម្រួលការប្រើប្រាស់ដល់ប្រជាជនកម្ពុជាប្រមាណ៣លាននាក់ដែលជួបការខ្វះខាតការប្រើប្រាស់ថាមពលនេះពីមុនមក។​ទំនប់ទឹកនោះមានភាគហ៊ុនក្រុមហ៊ុនឯកជនចិន គឺ China’s Huaneng Hydrolancang International Energy ចំនួន៥១ភាគរយ នៅក្នុងភាគហ៊ុនបណ្ដាក់ទុនរួម ដែលសមាសភាគសេសសល់គឺជាភាគហ៊ុនកម្ពុជា និង​ក្រុមហ៊ុនអន្ដរជាតិ អ៊ី វី អិន វៀតណាម។

ភ្ជាប់ទៅកាន់គម្រោងទាំងអស់នេះ កម្ពុជាទទួលស្គាល់ថា​ ផ្លូវមួយខ្សែក្រវាត់មួយដែលជាគម្រោងតភ្ជាប់សេដ្ឋកិច្ចពិភពលោករបស់ចិន គឺពេលនេះបានបង្កើនអ្នកវិនិយោគនៅកម្ពុជា និង ជួយអភិវឌ្ឍលើវិស័យសំណង់ធំៗនឹងកម្ពុជាបានច្រើនលើសលុប។ អ្នកស្រាវជ្រាវសេដ្ឋកិច្ច ជាជនជាតិចិនមួយរូបទៀតដែល ហ្លូបលថែមបានសម្ភាសន៍ បានឱ្យដឹងថា បើសិនជាមានការបារម្ភអំពីវត្តមានចិននៅកម្ពុជាតាមគម្រោងផ្លូវមួយខ្សែក្រវាត់មួយនេះ ប្រទេសដទៃគួរតែចូលខ្លួនមកប្រកួតប្រជែងស្មើភាពគ្នា លើលក្ខខណ្ឌដូចគ្នា ឬ ក៏មកសហប្រតិបត្តិការនឹងក្រុមហ៊ុនចិនទាំងអស់គ្នានៅកម្ពុជា នោះពួកគេនឹងដើរតួជាអ្នកមានគុណសម្បត្តិវិជ្ជមានហើយ។ សារព័ត៌មានស៊ីនហួរ ចិន បានរាយការណ៍ថា ៨៦ភាគរយនៃក្រុមហ៊ុនចិនក្នុងឆ្នាំ២០១៨ បានវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុ គឺ ១០៨ក្រុមហ៊ុនចិនទាំងនោះបានបង្កើតការងារក្នុងតំបន់មិនតិចជាង២០០០០កន្លែងនោះទេ។ រីឯពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិន ក្រសួងពាណិជ្ជកម្មចិន បានរៀបរាបថា  គឺឈានដល់ទៅ ៤ពាន់៧រយលានដុល្លារគិតពីខែមករាដល់ខែសីហាឆ្នាំ២០១៨ គឺមានលើសពីទំហំឆ្នាំមុនៗប្រមាណ២៣ភាគរយ។

បែបនេះហើយ លោកស៊ីជីងភីងថា កម្ពុជានឹងមានការអភិវឌ្ឍកាន់តែខ្លាំងក្នុងរយៈពេល៦០ឆ្នាំទៅមុខ។ សម្រាប់ឆ្នាំ២០១៩នេះ ចិននឹងបន្តនាំចូលអង្ករចំនួន៤០ម៉ឺនតោន ពីប្រទេសកម្ពុជា និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លានៅឆ្នាំ ២០២៣ ក្នុងនោះចិននឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ទៅវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ៤ពាន់លានយ័ន សម្រាប់រយះពេល៣ ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

យ៉ាងណា សម្រាប់អ្នកស្រាវជ្រាវ និងអ្នកវិភាគ យល់ថា ប្រទេសដទៃទៀត ពិតជាមានការលំបាកនិងទុកចិត្តពី ស្ថានភាព​វិនិយោគជាមួយកម្ពុជា ។

លោកឯមសុវណ្ណារ៉ាពន្យល់ដូចថា កត្តាច្បាប់ និងតម្លាភាពនៃរដ្ឋបាលមុខជំនួញគឺជារឿងចាំបាច់ដែលប្រទេសខ្លះមិនចង់មក ដាក់ទុននៅកម្ពុជា។

មកទល់ពេលនេះប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់នៅកម្ពុជា ដែលដណ្ដប់ដោយទំហំទឹកប្រាក់លើសពី១០ពាន់លានដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងប្រទេសដទៃគឺមិនទាន់ហក់ដល់បែបនេះទេ។ មិនតែប៉ុណ្ណោះ គិតមកដល់បច្ចុប្បន្ននេះដែរ ទំហំហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជាមានចំនួនសរុបប្រមាណ ៥៨០០លានដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងប្រទេសដទៃក៏មិនមានប្រទេសណាផ្ដល់ហិរញ្ញប្បទានធំសម្បើមដូចនេះដែរ៕

Share

Image
Image
Image