en     km
en     km

សភាអនុម័តច្បាប់ផ្ដល់សិទ្ធិនយោបាយ១១៨រូបខណៈលោកសមរង្ស៊ីបន្តឱ្យមន្ត្រីបក្សពង្រឹងជំហរដើម្បីអតីតCNRP

Share

ភ្នំពេញ៖ ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវដោយទទួចឱ្យ មន្ត្រី​ សកម្មជន និងអ្នកគាំទ្រគណបក្សនេះទាំងអស់​រក្សាជំហរឱ្យរឹងមាំក្នុងការបន្តដំណើរទៅជាមួយគ្នា។ ការបង្ហាញសារអំពាវនាវបែបនេះរបស់លោក សម រង្ស៊ី ធ្វើឡើងមុនតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលរដ្ឋសភាជាតិកម្ពុជាបានសម្រេចអនុម័តទាំងស្រុងនូវវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ តាមរយៈសម្លេង ១១៥ លើ ១២៥ នៃសមាជិករដ្ឋសភាឯកបក្ស។

នៅព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ លោកសម រង្ស៊ី បានបង្ហាញនូវលិខិតមួយតាមរយៈទំព័រហ្វេសបុករបស់លោក ជូនថ្នាក់ដឹកនាំ​ សកម្មជន សកម្មនារី អ្នកគាំទ្រគណបក្សនេះទាំងក្នុង និងក្រៅប្រទេស ដោយត្រូវរក្សាជំហរឱ្យរឹងមាំក្នុងការបន្តដំណើរជាមួយគ្នាទៅមុខទៀត គឺមិនត្រូវចាញ់សម្លុត ការបោកបញ្ឆោត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

លោក សម រង្ស៊ី តាមរយៈលិខិតនោះ​ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងមានការព្រួយបារម្ភចំពោះបញ្ហាដែលអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជា ជាពិសេសសហភាពអឺរ៉ុប ដែលដាក់ទណ្ឌកម្មពាណិជ្ជកម្មមកលើកម្ពុជា។

លិខិតនេះបន្ថែមបែបមានជំនឿចិត្តថា តាមរយៈការដាក់ទណ្ឌកម្មពីអន្តរជាតិ នឹងធ្វើឱ្យរបបនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនអាចបន្តដំណើរតទៅមុខទៀតបានទេក្នុងរយៈពេលចន្លោះពី៦ ទៅ ១២ខែ។

លោក សម រង្ស៊ី បន្ថែមថា នាយករដ្ឋមន្ត្រីកម្ពុជា កំពុងតែដាក់បន្ទុកបន្ថែមដល់មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ​ ទាំង ១១៨ រូប ដែលតុលាការហាមឃាត់សិទ្ធិធ្វើសកម្មភាពពាក់ព័ន្ធនឹងនយោបាយ។  

ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិរូបនេះ បានអះអាងថា សម្ដេច ហ៊ុន សែន មានបំណងបំបែកអតីតគណបក្សសង្រ្គោះជាតិយ៉ាងពិតប្រាកដ។ ការបំបែកអតីតគណបក្សមួយនេះ ធ្វើឡើងតាមរយៈការទាញយកមន្ត្រីអតីតគណបក្សប្រឆាំង ដើម្បីបង្ហាញ និងប្រាប់ទៅអន្តរជាតិថា មិនចាំបាច់បើកឱ្យគណបក្សសង្រោះជាតិរស់ឡើងក៏បានដែរ។

លោក សម រង្ស៊ីថា ប្រសិនបើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ នៅរួបរួមគ្នាជាធ្លុងមួយ ហើយមិនចាញ់ការសម្លុត និងការបោកបញ្ឆោតពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា នោះរាជរដ្ឋាភិបាលកម្ពុជានឹងដោះស្រាយបញ្ហាសំខាន់ៗដែលអន្តរជាតិចង់បាន។

លោក គម្រាមថា ប្រសិនបើគណបក្សសង្រ្គោះជាតិបែកបាក់គ្នា ជ័យជំនះនឹងទទួលបានទៅខាងរាជរដ្ឋាភិបាលកម្ពុជា ដែលដោះស្រាយបញ្ហាតែមួយជ្រុងតូច ពោលគឺផ្ដល់សិទ្ធិនយោបាយដល់អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិមួយចំនួនតែប៉ុណ្ណោះ។

លោក បង្ហាញពីគំនិតជឿជាក់របស់ខ្លួនថា អ្នកដែលទទួលបានសិទ្ធិធ្វើសកម្មភាពនយោបាយខណៈដែលគ្មានគណបក្សសង្រោះជាតិ និងមិនទាន់ដោះលែងលោក កឹម សុខា គឺមានតែយកសិទ្ធិធ្វើនយោបាយនោះ ទៅបម្រើឱ្យគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

លោក សម រង្ស៊ីអំពាវនាវឱ្យអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យខ្មែរទាំងអស់ ត្រូវតែច្រានចោលដំណោះស្រាយ តែមួយជ្រុងបែបនេះ ដែលលោកថាជាដំណោះស្រាយក្លែងក្លាយ ។

លោក ជឿជាក់ថា ដរាបណាថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិនៅតែរក្សាបាននៅជំហររឹងមាំ នោះមន្ត្រីជាន់ខ្ពស់អតីតគណបក្សប្រឆាំងមួយនេះ នឹងទទួលបានសិទ្ធិធ្វើសកម្មភាពនយោបាយគ្រប់ៗគ្នា។

ក្រោយពេលដែលលោក សម រង្ស៊ី ផ្សព្វផ្សាយសារលិខិតនេះ រដ្ឋសភាជាតិកម្ពុជាបានសម្រេចអនុម័តវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយទាំងស្រុង ក្រោមសម្លេងពីតំណាងរាស្រ្តចំនួន ១១៥ លើ ១២៥។  

សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូប ដើម្បីធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួន) ដែលបានសេចក្ដីដូចតទៅ៖

«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»

កាលពីម្សិលមិញ នៅចំពោះមុខកម្មករ កម្មការនីជាងមួយម៉ឺនាក់ សម្តេច ហ៊ុន សែន បានថ្លែងថាសេចក្តីស្នើច្បាប់វិសោធនកម្មស្ដីពីគណបក្សនយោយបានេះ ធ្វើឡើងមិនតម្រូវចំពោះតែគណបក្សណាមួយនោះទេ  ពោលគឺសម្រាប់គណបក្សទាំងអស់នៅកម្ពុជា។តែសម្ដេចថា អ្នក១១៨ ណាមួយក៏ដោយ បើចង់មានសេរីភាពខាងនយោបាយវិញគឺត្រូវស្នើសុំមកសម្ដេច ឬតាមរយៈក្រសួងមហាផ្ទៃ សម្ដេចនឹងទូលថ្វាយសុំព្រះរាជទាន ដកបម្រាមធ្វើសកម្មភាពនយោបាយពីព្រះមហាក្សត្រ។

ការវិសោធនកម្មច្បាប់នេះ ត្រូវបានអ្នកវិភាគនៅកម្ពុជាថា មានបង្កប់ដោយចរិតបំបែកបំបាក់ទំនាក់ទំនងមន្ត្រី និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។

ថ្មីៗនេះផងដែរ លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាសរសេរលើហ្វេសបុកថា ខ្សែលោក កឹម សុខា ជាក្រុមអ្នកទទួលបានផលប្រយោជន៍ពីវិសោធនកម្មច្បាប់នេះ។

លោក សម រង្ស៊ី ធ្លាប់បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីកម្ពុជា កុំគិតគូរផ្ដល់សិទ្ធិនយោបាយដល់មន្ត្រីទាំង​១១៨ រូបនោះទេ ព្រោះមន្ត្រីទាំងនោះមិនត្រូវការទេ។   

ខណៈដែលសភាអនុម័តវិសោធនកម្មនេះ គេសង្កេតឃើញមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ខ្សែខាងលោកសមរង្ស៊ីបានធ្វើការប្ដេជ្ញាចិត្ត មិនចុះញ៉មហើយក៏មិន ព្រមសរសេរលិខិតស្នើ សុំសិទ្ធិនយោបាយឡើងវិញឡើយ។

លោក គង់ សុភា មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ជាមនុស្សជំនិតរបស់លោក សម រង្ស៊ី និងជាកូនប្រុសរបស់លោក គង់ គាំ បានសរសេរលើគណនីហ្វេសបុករបស់ខ្លួនថា៖

«ខ្ញុំ​មិន​ត្រេកត្រអាល ​នឹងសេរីភាពដែលស្ថិតក្នុងហ្វូងឆ្កែចចកឡើយ។ ព្រោះវានឹកឃើញចង់ខាំយើងពេលណាក៏បាន​ ខ្ញុំ​មិនចុះញ៉ម ឬខ្លបខ្លាចជាមួយពួកហ្វូងឆ្កែដ៏កាចសាហាវនេះទេ។ ខ្ញុំ​បន្ត​ តស៊ូដើម្បីសេរីភាពដោយពិតប្រាកដ​ ស្របតាម​ច្បាប់កំពូលរបស់ជាតិគឺរដ្ឋធម្មនុញ»

មិនសូវខុសគ្នាពីនេះនោះទេ​ លោក អេង ឆៃអៀង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលើគណនីហ្វេសបុករបស់ខ្លួនថា «យើងមិនត្រូវការសុំសិទ្ធិធ្វើនយោបាយពីជនផ្តាច់ការឡើយ ។ សិទ្ធិធ្វើនយោបាយរបស់យើងមានពីកំណើត ហើយធានាដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា»

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគបញ្ហាសង្គម និងនយោបាយកម្ពុជា ប្រាប់វិទ្យុស្រ្តីកាលពីថ្ងៃម្សិលមិញថា ប្រសិនបើ ប្រសិនបើមន្ត្រីទាំង ១១៨ រូបនោះ មិនទទួលយកសិទ្ធិធ្វើនយោបាយពីច្បាប់វិសោធនកម្មនេះទេ​ នោះជាការធ្លាក់ចូលទៅក្នុងមនោគនម៍នយោបាយរបស់លោក សម រង្ស៊ី។

លោក ឯម សុវណ្ណារ៉ា៖ ប្រសិនបើអ្នកនយោបាយ ១១៨ រូបមិនធ្វើលិខិតស្នើទៅនាយករដ្ឋមន្ត្រីទេ វាអាចចូលទៅក្នុងរបត់របស់លោក សម រង្ស៊ីដែរ ធ្វើឱ្យអ្នកនយោបាយទាំង ១១៨នេះ ដើរតាមការអំពាវនាវរបស់អតីតមេបក្សគណបក្សសង្គ្រោះជាតិ ដែលគណបក្សសង្រ្គោះជាតិ ប្រសិនបើធ្វើតាមបែបនេះខ្ញុំគិតថា គណបក្សសង្គ្រោះជាតិ វាអាចមិនឈានទៅរកការបែកបាក់ទេ វាអាចជាធ្លុងមួយ។

មន្ត្រីរបស់ស្ថាប័នជាតិធំៗ គឺស្ថាប័ន​នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ អះអាងថាវិសោធនកម្មច្បាប់នេះ គឺសម្រាប់អ្នកដែលគោរព និងអនុវត្តបានល្អទៅលើសេចក្ដីសម្រេចរបស់តុលាការកម្ពុជា ទើបអាចស្ដារនីតិសម្បទារបាន។

លោកបណ្ឌិតមាស នី មានប្រសាសន៍ថា មន្ត្រីទាំង ១១៨ រូបរបស់អតីតគណបក្សសង្គ្រោះជាតិនោះ គង់តែទទួលបានសិទ្ធិធ្វើនយោបាយគ្រប់ៗគ្នា គ្រាន់តែមានដំណាក់កាល។

លោក បណ្ឌិត មាស នី៖ មុន និងក្រោយវាគង់តែនឹងរួចទាំងអស់ទេ គ្រាន់តែថា​ការដោះលែងនេះវាត្រូវមានដំណាក់កាល អ៊ីចឹងទីមួយគឺដំណាក់កាលដោយសារតែគណបក្សកាន់អំណាចគាត់ត្រូវការកុំឱ្យវាបាក់មុខបាក់មាត់ដែរ អ៊ីចឹងត្រូវដើរដោយជំហាន ប៉ុន្តែការដើរដោយជំហានរបស់គណបក្សកាន់អំណាចនេះ ក៏វានឹងអាចទៅជាគ្រោះធំសម្រាប់សង្រ្គោះជាតិដែល នឹងអាចឈានទៅរកការបែកបាក់គ្នា។

មកដល់ខែធ្នូ ចុងឆ្នាំ ២០១៨ កម្ពុជាបានបង្ហាញនូវជំហរទន់ភ្លន់ ក្នុងចេតនាឱ្យឃើញថា មានការបើកសិទ្ធិសេរីភាពសង្គមស៊ីវិល សម្លេងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។ តែយ៉ាងណា​ អ្នកសង្កេត និងតាមដានបញ្ហាសង្គមមើលឃើញថា គ្រាន់តែជាការធ្វើឱ្យល្អមើលដល់អន្តរជាតិតែប៉ុណ្ណោះ ពោលគឺការចេញសេចក្ដីប្រកាសទាំងនោះមិនមានប្រសិទ្ធិភាពនោះទេ។

ដោយឡែក សម្រាប់វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ ត្រូវបានអ្នកច្បាប់កម្ពុជាថា គ្រាន់តែធ្វើឡើងដើម្បីដោះស្រាយបញ្ហាចំពោះមុខតែមួយរយៈតែប៉ុណ្ណោះ៕

អត្តបទដោយ៖ លោក សោម លាភ

Share

Image
Image
Image