en     km
en     km

សមាគមរោងចក្រកាត់ដេរ៖ បើបាត់បង់ EBA អាចនឹងរងគ្រោះដល់កម្មករ ៧៥ មឺុននាក់

Share

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា (GMAC) បានដាក់ក្តីកង្វល់របស់ខ្លួនពីបញ្ហាប្រឈមនៃលទ្ធភាពការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលអាចនឹងរងគ្រោះដល់កម្មករកម្មការនីប្រមាណ ៧៥ ម៉ឺននាក់និងគ្រួសាររបស់ពួកគេប្រមាណ ៣​លាន​នាក់ទៀត។

លោក កេន លូ ប្រធានសមាគម រោងចក្រកាត់ដេរ កម្ពុជា បានប្រាប់វិទ្យុស្រ្តីថា GMAC ពិតជាបានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងក្តីកង្វល់ជុំវិញការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ។តែ លោកថា GMAC មិនទាន់បញ្ចេញសេចក្តីថ្លែងការណ៍នេះជាផ្លូវការនៅឡើយទេ។

ស្តាប់សំឡេង លោក កេន លូ៖

បើយោងទៅតាម ការទទួលបានសេចក្តីថ្លែងការណ៍នេះដោយសារព័ត៌មានក្នុងស្រុកក្នុងនោះមានកាសែតភ្នំពេញប៉ុស្តិ៍បានឲ្យសរសេរដូចនេះថា៖ «GMAC ​ ជា​ថ្មី​ម្ដង​ទៀត​សូម ​[ប្រាប់] ដល់​អ្នក​ច្បាប់​នៃ​សហភាព​អឺរ៉ុប ​និង​មន្ត្រី​នានា ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​នឹង​សហភាព​អឺរ៉ុប​ថា ​ការ​ផ្អាក​ផលប្រយោជន៍​នៃ​ EBA សម្រាប់​វិស័យ​របស់​យើង​នឹង​មាន​លទ្ធផល​ធំធេង​នោះ ​គឺ​ការ​បាត់បង់​ការងារ​នៅ​ក្នុង​កម្លាំង​ការងារ​ផ្នែក​វាយនភណ្ឌ​ ស្បែក​ជើង និង​សម្ភារ​សម្រាប់​ធ្វើ​ដំណើរ ហើយ​មិន​បម្រើ​ឲ្យ​គោល​បំណង​ដើម​របស់​កម្មវិធី ​EBA ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ទេ»។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​៖ «វា​ក៏​ជា​រឿង​គួរ​ឲ្យ​សោកសៅ​ និង​ជា​លទ្ធផល​គួរ​ឲ្យ​សោកស្ដាយ​សម្រាប់ GMAC និង​កម្លាំង​ការងារ​របស់​ខ្លួន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ច្រើន​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​តួនាទី​របស់​អង្គការ​ ILO ក្នុង​ការ​ឃ្លាំមើល​ការ​គោរព​តាម​បទដ្ឋាន​ការងារ មិន​នៅ​តែ​កម្ពុជា​ទេ​ ថែម​ទាំង​នៅ​ក្នុង​វិស័យ​របស់​យើង​ក្នុង​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភព​លោក»​។

ទាក់ទិននឹង សេចក្ដីថ្លែងការណ៍នេះ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាបាន រៀបរាប់ថា លោកយល់ស្របតាមអ្វីដែលសេចក្តីថ្លែងការណ៍បានលើកឡើង។ លោកថា សូម្បីតែរដ្ឋាភិបាលកម្ពុជាក៏ធ្វើការសិក្សា និង ព្យាករណ៍ផងដែរអំពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ​២០២០ ប្រសិនបើ EBA ត្រូវបានដកប្រាកដមែននោះ ទំហំសេដ្ឋកិច្ច ក៏ ដូចជាល្បឿនសេដ្ឋកិច្ចកម្ពុជាអាចនឹងត្រូវថមថយ។

លោកបានរៀបរាប់ដូចនេះថា៖ ខ្ញុំខ្លួនឯង ក្នុងនាមជាភាគីតំណាងកម្មករ គឺយើងមើលឃើញដូចគ្នាដែរ អំពីទំហំនៃការប៉ះពាល់ ។ ចឹងមិនចំពោះ ប៉ះពាល់ដល់កម្មករ៧៥ម៉ឺននាក់ គឺប៉ះពាល់ទៅដល់ប្រជាពលរដ្ឋដែរ គឺប៉ះពាល់ដោយប្រយោល ពីវិស័យកាត់ដេរមួយទៀត ប្រមាណជាង៣លាននាក់ទៀត” ។

អ្នកសង្កេតការណ៍មួយចំនួន​ បានព្រមានថា ការដែលអាចបន្តមានការអនុគ្រោះពន្ធEBAបាន លុះត្រាតែកម្ពុជាបន្ទន់ឥរិយាបទនយោបាយ, បង្ហាញជាឥរិយាបទ និងសកម្មភាពស្ដីពីការគោរពសិទ្ធិមនុស្ស អនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធ្វើតាមសំណើ របស់សហភាពអឺរ៉ុបជាពិសេស ការធ្វើ់អោយរស់ឡើងវិញ គណបក្សសង្រ្គោះជាតិ៕ 

Share

Image
Image
Image