en     km
en     km

EDC ​ឆ្លើយ​តប​នឹង​ការ​រិះ​គន់​របស់ប្រជាពល​រដ្ឋ​រឿង​ឡើង​គីឡូ​ភ្លើង​ខុស​ប្រក្រតី​

Share

អគ្គិសនី​កម្ពុជា​​ហៅ​កាត់​​ថា​ (EDC) បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​​បំភ្លឺ​ចំពោះ​ប្រជា​ពលរដ្ឋ​ ដែល​បាន​ចោទ​អគ្គិសនី​កម្ពុជា​ថា​បាន​កែ​ច្នៃ​នាឡិកា​ស្ទង់​ ឬ​កុង​ទ័រ​ភ្លើង​ធ្វើ​ឲ្យ​ចំនួន​នៃ​ការ​ប្រើ​ប្រាស់​ឡើង​ខុស​ប្រក្រតី​។ សេចក្តី​ជូន​ដំណឹង​នេះ​ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​០៧​ កក្កដា​ ម្សិញ​មិញ​នេះ​។

នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​ បាន​សរសេរ​ថា​ នាឡិការ​ស្ទង់​ដែល​ជា​ជញ្ជីង​សម្រាប់​ទូ​ទាត់​នោះ​ អគ្គិសនី​កម្ពុជា​មិន​បាន​ប៉ះ​ពាល់​ ឬ​លួច​កែ​នាឡិការ​ស្ទង់​នេះ​ទេ​ ព្រោះ​នាឡិការ​ទាំង​អស់​​​សុទ្ធ​តែ​មាន​ប្លុម​បេ​ ដោយ​​រោង​​ចក្រ​​ផលិត​​ពី​ក្រៅ​ប្រទេស​ទាំង​អស់​ ដូច្នេះ​កុង​​ទ័រ​​ភ្លើង​មិន​ត្រូវ​បាន​ប៉ះពាល់​ដោយ​អគ្គិសនី​កម្ពុជា​ជា​ដាច់​ខាត​។

ការ​ចេញ​សេចក្តី​ជូន​ដំណឹង​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​រិះ​គន់​ ចំពោះ​ការ​ដាច់​ភ្លើង​ជា​ញឹក​ញាប់​ធ្វើ​ឲ្យ​​កុង​តាក់​ភ្លើង​ឡើង​គីឡូ​ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួក​គាត់​​។

ទាក់​ទង​នឹង​បញ្ហា​នេះ​ ប្រជា​ពលរដ្ឋ​នៅ​សង្កាត់​ទឹក​ល្អក់​មួយ​ ខណ្ឌ​ទួល​គោក​ រាជ​ធានី​ភ្នំពេញ​ លោក​ ត្រឹង លីម ជា​ជាង​រថយន្ត​បាន​លើក​ឡើង​ថា​ លោក​ប្រើ​ភ្លើង​មួយ​ខែ​អស់​ជាង​បី​រយ​គីឡូ​ ដែល​ប្រើ​លើ​ឧបករណ៍​ដូច​ជា​ ម៉ាស៊ីន​ត្រជាក់​ កង្ហារ​ និង​ឧបករណ៍​ជួស​ជុល​ឡាន​។ លោក​ថា​ប្រជាពល​រដ្ឋ​នៅ​ទី​នេះ​ស្ទើរ​តែ​ទាំង​អស់​ មាន​បញ្ហា​កុង​ទ័រ​ឡើង​ភ្លើ​ង​ខុស​ប្រក្រតី​ ហើយ​លោក​ធ្លាប់​ទៅ​សួរ​នាំ​អគ្គិសនី​ដែរ​ តែ​អគ្គិសនី​កម្ពុជា​ឆ្លើយ​យក​តែ​រួច​ខ្លួន។

រី​ឯ​លោក​ ថេង សុហួន ជា​ម្ចាស់​ផ្ទះជួល​ ដែល​ជា​ប្រជាពល​រដ្ឋ​រស់​នៅ​សង្កាត់​ទឹក​ល្អក់​២​ ខណ្ឌ​ទួល​គោក​ ក៏​បាន​លើក​ឡើង​ដែរ​ថា​«​ ឱ្យតែ​​ដាច់​​ភ្លើង​​ដឹង​​ថា​​ ភ្លើង​​ឡើង​​រហូត​​​ដល់​​៣០ ​​ទៅ​​៤០​គីឡូ​។ ​ធ្លាប់​មួយ​ខែ​អស់ ​១៥០​ ទៅ​ ​១៦០​ ដុល្លារ​ ឥឡូវ​ឡើង​ដល់​ ២០០​ ដុល្លារ។

ផ្ទះ​របស់​ខ្ញុំ​ជា​ធម្មតា​ប្រើ​ភ្លើង​អស់​១៥០​គីឡូវ៉ាត់​ក្នុង​១ខែ​ តែ​ឥឡូវ​នេះ​ កុង​ទ័រ​​ភ្លើង​ឡើង​រហូត​ដល់​២០០​គី​ឡូវ៉ាត់​ឯណោះ​»​។

ដូច​គ្នា​នេះ​ដែរ​ ប្រជាពល​រដ្ឋ​នៅ​សង្កាត់​ទឹក​ល្អក់​២​ម្នាក់​ទៀត​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើក​ឡើង​ថា​ ផ្ទះ​របស់​លោក​នៅ​ខែ​នេះ​ ប្រើ​ភ្លើ​អស់​ជាង​១៨​ម៉ឺន​រៀល​ ដែល​កន្លង​ទៅ​អស់​ត្រឹម​តែ​ ១៣ ម៉ឺន​រៀល​ប៉ុន​ណោះ​។ លោក​ហាក់​សម្តែង​ការ​មិន​ពេញ​ចិត្ត​ ចំពោះ​អគ្គិសនី​កម្ពុជា​នោះ​ទេ​ នៅពេល​នេះ​។

ជុំវិញ​ការ​ឡើង​កុង​ទ័រ​ភ្លើង​ខុស​ប្រ​ក្រតី​នេះ​ អគ្គិសនី​កម្ពុជា​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​មន្ទិល​សង្ស័យ​លើ​នាឡិការ​ស្ទង់​ អាច​ទំនាក់​លេខ​ទូរស័ព្ទ​លើ​ វិក័យ​បត្រ​ប្រចាំ​ខែ​ ឬ​ទៅ​ជួប​ភ្នាក់​ងារ​ទទួល​អតិជន​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ទាំង​អស់​ក៏​បាន​។

Page_1 Page_2

 

 

Share

Image
Image
Image