en     km
en     km

សាលាចល័តតាមទឹកស្ម័គ្រខ្លួនផ្តល់ចំណេះដឹងដល់កូនអ្នកនេសាទក្រីក្រ

Share

ក្នុងអត្ថបទមុនយុវជនស្រុកបារាយណ៍ ហុក ដេប៉ូ បានចុះទៅយកព័ត៌មានពីបញ្ហាអនាម័យនៅតំបន់បឹងរាល ដែលជាតំបន់ដាច់ស្រយាលមួយឆ្ងាយពីទីប្រជុំជនប្រហែល ១០ គីឡូម៉ែត គិតពីភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ដោយឡែកក្នុងអត្ថបទនេះ យុវជន ហុក ដេប៉ូ នឹងលើកយកបញ្ហាការអប់រំរបស់ក្មេងក្នុងតំបន់បឹងរាលដែលភាគច្រើនជាពលរដ្ឋប្រកបការងារជាអ្នកនេសាទ មកចែកជូននាង កញ្ញា លោក លោកស្រី បានជ្រាបបន្ត។

សាលានេះនេឹងត្រូវចង់ឫស្សីបណ្តែតលើផ្ទៃទឹកនារដូវវស្សា។រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

សាលារៀនមួយខ្នងធ្វើពីឈើប្រក់ដំបូងស័ង្កសី ស្ថិតក្នុងតំបន់បឹងរាល បានចល័តខ្លួនឡើងចុះតាមអំណាចនៃទឹកជន់ និងទឹកស្រក់របស់ធម្មជាតិ។ នៅរដូវទឹកសម្រក់ សាលាមួយនេះបានភ្ជាប់ខ្លួននៅលើគោក ហើយរដូវទឹកលិចសាលានេះបានបណ្តែតខ្លួនលើផ្ទៃទឹក។

សាលារៀនដែលមានទំហំប្រហែល​ ១០ ម៉ែតបួនជ្រុង ចែកជាពីរថ្នាក់នេះ បានឈរជើង រយៈពេល ១០ឆ្នាំហើយក្នុងការផ្តល់ចំណេះដឹងដល់សិស្សក្រីក្រប្រមាណ ២០នាក់ មកពីគ្រួសារអ្នកនេសាទជិត ៥០គ្រួសាររស់នៅទីនោះ។

កុមារនៅតំបន់បឹងរាលនេះពុំសូវទទួលបានការអប់រំខ្ពស់ទេ ព្រោះបញ្ហាជីវភាព។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

ពលរដ្ឋរស់នៅក្នុងតំបន់បឹងរាលមួយរូបប្រាប់ថា សាលារៀននេះសាងសង់ឡើងកាលពីជាង ១០ឆ្នាំមុនដោយអ្នកគ្រូគង្វាលសាសនាយេស៊ូគ្រិស្តម្នាក់ឈ្មោះ អីស៊ីធើ។ ដោយមើលឃើញថាក្មេងៗកូនអ្នកនេសាទក្នុងតំបន់ដាច់ស្រយាលមួយនេះ ខ្វះខាតចំណេះដឹងព្រោះគ្មានសាលារៀន អ្នកគ្រូ អីស៊ីធើ ក៏ជួយឧបត្ថម្ភសាងសង់សាលានេះឡើង។

ពលរដ្ឋនៅតំបន់បឹងរាលនេះភាគច្រើនជាគ្រួសារក្រីក្រខ្លះរស់នៅក្រោមដំបូលតង់កៅស៊ូប៉ុណ្ណោះ។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

សាលារៀនមួយនេះត្រូវចងភ្ជាប់ក្បូនឫស្សីពីក្រោមដើម្បីឱ្យអណ្តែតទឹកនារដូវទឹកឡើង ហើយត្រូវអូសឡើងគោកនៅរដូវទឹកសម្រក់វិញ ដែលអាចផ្តល់ការបង្រៀនដល់សិស្សបានគ្រប់រដូវ។

រយៈពេល ២ឆ្នាំចុងក្រោយ គ្រូគង្វាលសាសនាយេស៊ូគ្រិស្តបានប្រគល់សាលានេះដល់រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន ដើម្បីដាក់ចូលក្នុងក្របខ័ណ្ឌសាលារដ្ឋ។ ការដាក់បញ្ចូលជាសាលារដ្ឋបែបនេះ ដើម្បីមានភាពងាយស្រួលដល់ការបង្រៀនកូនសិស្សជាងមុន ព្រោះខាងសាសនាយេស៊ូគ្រិស្តពិបាករកគ្រូមកបង្រៀននៅទីនេះណាស់ ដោយជាតំបន់ដាច់ស្រយាលពិបាកធ្វើដំណើរ។

តំបន់បឹងរាលនៅរដូវទឹកលិចនឹងលិចអស់ បើរដូវភ្លៀងវិញគឺពិបាកធ្វើដំណើរ។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

តែយ៉ាងណាខាងគ្រូគង្វាលសាសនាយេស៊ូគ្រិស្តតែចុះមកពិនិត្យ និងបង្រៀនព្រះគម្ពីរដល់ប្រជាពលរដ្ឋនៅទីនេះរៀងរាល់ថ្ងៃព្រហស្បតិ៍ដែរ។

សាលានេះមានតែមួយបន្ទប់ប៉ុណ្ណោះ ដែលបែងចែកជាពីរថ្នាក់ គឺថ្នាក់ទី ២ រៀនពេលព្រឹក មានសិស្សចំនួន ១០នាក់ និងថ្នាក់ទីមួយ រៀនពេលថ្ងៃមានសិស្សចំនួន ៨នាក់។ នេះបើតាមការផ្ដល់ព័ត៌មានពីអ្នកស្រី ហៀម ចាន់ថន ដែលរស់នៅក្បែរសាលានេះ។ អ្នកស្រីបន្តថា អ្នកស្រីក៏ឱ្យកូនមករៀននៅសាលានេះផងដែរ។ អ្នកស្រី ហៀម ចាន់ថន បានបញ្ជាក់ទៀតថា គាត់សប្បាយចិត្តណាស់ដែលមានសាលានៅទីនេះ។

ប្រជាពលរដ្ឋក្នុងតំបន់បឹងរាលក៏ប្រឈមបញ្ហាអនាម័យរស់នៅផងដែរ។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

អ្នកស្រីប្រាប់ថា ពេលភ្លៀងធ្លាក់ខ្លាំង លោកគ្រូ អ្នកគ្រូ មិនអាចមកបង្រៀនបានឡើយ ព្រោះផ្លូវឆ្ងាយនិងដីស្អិតពិបាកធ្វើដំណើរ។ អ្នកស្រីបន្ថែមថា សាលារៀននេះមានត្រឹមតេថ្នាក់ទី ២ ដូច្នេះសិស្សដែលរៀនផុតថ្នាក់ទី ២ ត្រូវឡើងទៅរៀននៅឆ្ងាយពីផ្ទះ។

ប្រជាពលរដ្ឋក្នុងតំបន់បឹងរាល សូមអំពាវនាវដល់មន្រ្តីពាក់ព័ន្ធជួយយកចិត្តទុកដាក់លើការរស់នៅ ពិសេសការសិក្សារបស់ក្មេងៗក្នុងសហគមន៍នេសាទក្រីក្រនេះផង៕

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image