en     km
en     km

កំពង់ធំ៖ ទឹកតូច ផលត្រីធ្លាក់ចុះ ប្រជានេសាទស្រុកបារាយណ៍ខ្លះត្អូញត្អែរពីបំណុលធនាគារ

Share

ខេត្តកំពង់ធំ៖ អង្គុយលើទូកតូចមួយលោក ញូង ភក្រ្ត បានបណ្តែតខ្លួនលើដងព្រែករាយមោងរកត្រី តែត្រីមិនសូវជាប់មោងរបស់បុរសអ្នកនេសាទរូបនេះ ដូចគ្រាមុនឡើយ។ បុរសសម្បុរខ្មៅស្រអែមមាឌធំដំបងរូបនេះ បានត្អូញត្អែរពីផលត្រីធ្លាក់ចុះ ខណៈទឹកតូចជាងបណ្តាលឆ្នាំមុនៗ​។

លោក ញូង ភក្ត្រ កំពុងរាយមោងរកត្រីដើម្បីយកទៅលក់នៅផ្សារ។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ។

លោក ញូង ភក្ត្រ មានមុខរបរជាអ្នកនេសាទរស់នៅក្នុងភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍  ខេត្តកំពង់ធំ បានបញ្ជាក់ថា ឆ្នាំ ២០១៩ នេះ ទឹកទន្លេតូចជាងឆ្នាំមុនៗធ្វើឱ្យលោក និងអ្នកនេសាទដដៃទៀត រកត្រីមិនសូវបានច្រើនដូចសព្វដងនោះទេ។ លោកបានឱ្យដឹងទៀតថា ទឹកទន្លេក្នុងស្រុកបារាយណ៍ឆ្នាំនេះ ពិតជាតូច បើទោះបីទឹកទន្លេក្នុងស្រុកផ្សេងៗបានជន់ឡើងខ្ពស់ក៏ដោយ។

លោក ញូង ភក្ត្រ ត្រឡប់មកពីនេសាទជាមួយត្រីរកបានតិចតួច។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ។

លោក ញូង ភក្ត្រ ដែលសព្វថ្ងៃនេសាទត្រី ដោយការដាក់មោង និងចងសន្ទូច បានត្អូញត្អែរថា អ្នកនេសាទពិតជាពិបាកខ្លាំង ទាំងការហូបចុក និងផ្គត់ផ្គង់កូនរៀនសូត្រ ជាពិសេសឧបករណ៍នេសាទទាំងអស់ត្រូវខ្ចីប្រាក់ពីធនាគារដើម្បីទិញយកមកប្រើ។ លោកបន្តថា ពេលរកត្រីមិនសូវបាន អ្នកនេសាទពុំមានលទ្ធភាពសងបំណុលធនាគារវិញឡើយ។

លោកឱ្យដឹងថា ជម្រើសល្អប្រសើរគឺមានតែការចំណាកស្រុករកការងារធ្វើតែប៉ុណ្ណោះ ដែលអាចដោះស្រាយបំណុលធនាគារបាន ព្រោះរកត្រីក៏ពុំសូវបាន ហើយការធ្វើស្រែក៏មិនសូវបានផលល្អទៀត៕

ទិដ្ឋភាពភូមិអ្នកនេសាទក្នុងភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ។

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image