en     km
en     km

បុរសចំណាស់ខ្មែរឥស្លាមចិញ្ចឹមលលកលក់កំដរជីវិតទុគ្គតទាំងភ្នែកពិការ

Share

កំពង់ធំ៖ បើសិនមកដល់ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាភូមិមួយមានបងប្អូនខ្មែរឥស្លាមរស់នៅច្រើនគ្រួសារនោះ យើងនឹងបានលឺសំឡេងលលកបូលយ៉ាងទ្រហឹងចេញពីផ្ទះចាស់ទ្រុឌទ្រោមមួយរបស់លោក កិល ស្មាន។

ដោយរស់នៅម្នាក់ឯងលោក កិល ស្មាន ត្រូវធ្វើកិច្ចការគ្រប់បែបយ៉ាងដោយខ្លួនឯង។ រូបភាព ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ

ស្ទាបទ្រុងលលកថ្នមៗលោក កិល ស្មាន វ័យ ៧៥ ឆ្នាំក្តាប់គ្រាប់ស្រូវ និងសណ្តែកយ៉ាងណែនក្នុងដៃលូកដាក់ចំណីឱ្យលលកទាំងមើលអ្វីពុំយល់។ បុរសខ្មែរឥស្លាមងងឹតភ្នែកទាំងគូពីកុមារភាពរូបនេះប្រាប់ថា លោកពិការភ្នែកតាំងពីអាយុ ៧ ឆ្នាំដោយសារជំងឺកញ្រ្ជឹល។

លែងខ្លួនទទេស្លៀកតែសំពតជាប់នឹងចង្កេះលោក កិល ស្មាន បានរំលឹកពីមុខរបរចាស់របស់ខ្លួនថា កាលពីមុនលោកធ្លាប់ធ្វើបង្គី ខ្សែគោពីវល្លិរពាក់ និងធ្វើកន្លុះគោ លក់ឱ្យឈ្មួញកណ្តាល។ តែបច្ចុប្បន្នសម្ភារៈទាំងនេះលែងពេញនិយម ហើយវ័យកាន់តែចាស់ ទើបលោកចាប់យករបរចិញ្ចឹមលលកលក់វិញរហូតដល់ពេលបច្ចុប្បន្ន។

លោក កិល ស្មាន ចាប់យករបរនេះជារបរចិញ្ចឹមជីវិត។ រូបភាព ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ

ត្បិតតែការងារចិញ្ចឹមលលកមិនប្រើកម្លាំងខ្លាំងតែលោកក៏ជួបផលលំបាកខ្លះដែរ ពិសេសពេលលលកកើតជំងឺ។ លោកបន្តថា ពេលលលកឈឺលោកត្រូវរកខ្យងមកដុតឱ្យលលកស៊ីដើម្បីព្យាបាលជំងឺ។ បុរសចំណាស់រស់នៅតែម្នាក់ឯងលើផ្ទះចាស់បានបន្ថែមថា លោកត្រូវចិញ្ចឹមលលកឱ្យធំធាត់ និងចេះបូលល្អទើបអាចលក់ឱ្យឈ្មួញបាន។

លោកឱ្យដឹងថា លលកដែលចិញ្ចឹមគឺទិញពីអ្នកភូមិដែលទាក់បានពីក្នុងព្រៃតម្លៃជិតមួយម៉ឺនរៀលក្នុងមួយក្បាល។ ហើយលោកត្រូវថែទាំមួយរយៈ ឱ្យលលកចេះបូលល្អ ទើបលក់ឱ្យឈ្មួញក្នុងតម្លៃជិត ៨ម៉ឺនរៀលក្នុងមួយក្បាល។

https://www.facebook.com/100005663835594/videos/1119301481601969/?t=4

បុរសវ័យចំណាស់រស់នៅតែម្នាក់ឯងគ្មានទីពឹងពាក់រូបនេះប្រាប់ថា របរចិញ្ចឹមលលកនេះអាចជួយដោះស្រាយជីវភាពបានមួយគ្រាៗប៉ុណ្ណោះ ខណៈអ្នកជិតខាងមានចិត្តអាណិតអាសូរជួយជាថវិកា អាហារហូបចុកបន្តិចបន្តួច និងសម្ភារៈខ្លះៗដែលជាក្តីសង្ឃឹមចុងក្រោយក្នុងជីវិតទុគ្គតងងឹតភ្នែកនេះ៕   

https://www.facebook.com/100005663835594/videos/1119306634934787/?t=1

អត្ថបទខ្លីសរសេរដោយ  ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image