en     km
en     km

វត្តចំណាស់ជាង ១០០ ឆ្នាំសណ្តូកខ្លួនលើខ្នងភ្នំហូព្នៅទីកន្លែងសក្ការស្ងប់ស្ងាត់ខ្សត់អ្នកស្គាល់

Share

កំពង់ស្ពឺ៖ ធ្វើដំណើរពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខបី មកដល់ផ្សារដើមរកា បត់ស្តាំតាមក្លោងទ្វាវត្តហូជ្រៃព្នៅ យើងនឹងទៅដល់ភ្នំមួយមានឈ្មោះថា ភ្នំហូព្នៅ។ ពេលធ្វើដំណើរមកដល់ជើងភ្នំនេះ យើងត្រូវធ្វើដំណើរបន្តតាមផ្លូវបេតុងវែងមួយ ដែលមានព្រៃព្រឹក្សាដុះអមសងខាងយ៉ាងខៀវស្រងាត់ ជាមួយផ្ទាំងថ្មធំៗដុះជាប់ជញ្ជាំងជើងភ្នំលាយឡំនឹងសំឡេងចាបយំយ៉ាងពិរោះផ្តល់ភាពស្រស់ថ្លាក្នុងអារម្មណ៍។

ផ្លូវឡើងភ្នំហូព្នៅ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។រូបភាព ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ

ធ្វើដំណើរបន្តផុតភាពអណ្តែតអណ្តូងនឹងដងព្រឹក្សព្រៃសំឡេងបក្សីយំ យើងនឹងឡើងដល់កំពូលភ្នំហូព្នៅ។ ពេលឡើងមកដល់កំពូលភ្នំនេះ យើងនឹងមើលឃើញកុដព្រះចៅអធិការវត្ត និងដើមរាំងភ្នំមានក្លិនផ្កាក្រអូបសាយភាយទៀតផង។

ទេសភាពមើលពីលើភ្នំហូព្នៅ។ រូបភាព ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ

បើក្រលេកមកស្តាំដៃវិញ យើងនឹងឃើញព្រះវិហារមួយនៅសល់ពីសម័យសង្រ្គាមលោក នោះគឺវត្ត ហូជ្រៃព្នៅ ដែលប្រជាពលមួយចំនួនតែងមកទីនេះ ដើម្បីបុណ្យស្រន់សុំសេចក្តីសុខ និងប្រកបការងារមានជោគមានជ័យក្នុងជីវិត។

វត្តហូជ្រៃព្នៅ នេះស្ថិតនៅក្នុងភូមិព្រៃខ្លុង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ តាមប្រសាសន៍លោក ម៉ី សឿន ជាអតីតគ្រូបង្រៀននៅវិទ្យាល័យហូជ្រៃព្នៅបានឱ្យដឹងថា វត្តហូជ្រៃព្នៅ ​កសាងឡើងតាំងពីជំនាន់ព្រះចៅអធិការទី១ មកម្ល៉េះ ពោលគឺកសាងឡើងមុនសង្គ្រាមលោកលើកទី១(១៩១៤-១៩១៨) គិតមកដល់បច្ចុប្បន្នមានអាយុកាលជាង១០០ឆ្នាំហើយ។

វត្តជ្រៃហូព្នៅ ហៅវត្តហូព្នៅ នៅលើភ្នំហូព្នៅកសាងជាង១០០ឆ្នាំ។រូបភាព ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ

ចំពោះសំណង់ព្រះវិហារវិញ គឺសសរធ្វើអំពីឥដ្ឋតាន់លាយបាយអ ចំណែកដំបូលប្រក់ក្បឿងស្រកាត្រីនិងដៃរណែងធ្វើអំពីឈើ។ ដោយសារវ័យចាស់ផង វត្តហូជ្រៃព្នៅនេះ មានសឹក រេចរិលដោយកន្លែង ចំណែកសសរខ្លះ និងបង្កាន់ដៃក៏មានស្នាមប្រេះផងដែរ។

សំណង់មួយចំនួនក្នុងវត្តនេះមានស្នាមប្រេះ និងបាក់ដោយកន្លែង។ រូបភាព ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ

បើតាមប្រសាសន៍ដូនជីរស់នៅលើកំពូលភ្នំនេះ បានប្រាប់ថា សព្វថ្ងៃមានព្រះសង្ឃគង់ នៅលើភ្នំនោះចំនួន ១៨ អង្គ និងយាយជី ៥ នាក់។ ពេលមានបុណ្យទានម្តងៗមានប្រជាជនទៅលេងនៅទីនោះច្រើនកុះករ។

ព្រះតេជគុណ ប៉ែន នី ព្រះចៅអធិការវត្ត ហូជ្រៃព្នៅ មានសង្ឃដីកាថា ភ្នំនេះមានកំពូលបី គឺខាងកើតឈ្មោះយាយពៅ កណ្តាលឈ្មោះយាយទេព និងខាងលិចឈ្មោះតាដំបងដែក។ មិនតែប៉ុណ្ណោះភ្នំហូព្នៅនេះ ខ្ទមអ្នកតា សរ នៅចង្កះភ្នំខាងជើង អ្នកតាក្រហមក និងប្រាសាទបុរាណជាដើម សុទ្ធជាកន្លែងដែលសក្ត័សិទ្ធិសម្រាប់ជាទីសក្ការបូជារបស់ប្រជាពលរដ្ឋ៕

ខាងក្រោមនេះជារូបភាពសំណង់វត្តដែលបាក់បែកដោយកន្លែង

អត្ថបទខ្លីសរសេរដោយ ថាន់ ស្រីណាង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image