loader

មុខរបរដកព្រលឹតបែបជីវភាពស្រុកស្រែតែចំណូលមិនចាញ់អ្នករកស៊ីនៅទីក្រុង

កំពង់ធំ៖ ចំណូលប្រហែល ១០ម៉ឺនរៀលក្នុងមួយថ្ងៃសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទស្រុកស្រែគឺមិនមែនជារឿងធម្មតានោះទេ ហើយខ្ទង់ចំណូលនេះក៏មិនចាញ់អ្នករកស៊ីមួយចំនួននៅទីក្រុងដែរ។

របរដកព្រលឹតលក់របស់អ្នកភូមិបាណក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

លោក ហ៊ឹម វិជ្ជា និងប្រពន្ធឈ្មោះ ណាំ ណាវ ជាគ្រួសារកសិករមួយរស់នៅភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រកបមុខរបរដកព្រលឹតស្រែលក់ជារៀងរាល់ថ្ងៃ ជាមួយចំណូលពី ៨ម៉ឺនដល់ ១៤ ម៉ឺនរៀលក្នុងមួយថ្ងៃ។

កំពុងចងព្រលឹតបណ្តើរប្តីប្រពន្ធទាំងពីរនាក់ ឆ្លៀតឆ្លើយសំនួរជាមួយលោក ហុក ដេប៉ូ យុវជនខេត្តកំពង់ធំថា លោកនិងភរិយា ត្រូវចេញដំណើរដោយម៉ូតូទៅដកព្រលឹតនៅម៉ោង ៨ ព្រឹក នឹងត្រូវបន្តដំណើរដោយទូកម៉ាស៊ីនទៅក្នុងបឹង និងត្រពាំងនានាដើម្បីស្វែងរកព្រលឹត។ អ្នកទាំងពីរត្រូវចំណាយពេលជាង ៧ ម៉ោង ទាំងធ្វើដំណើរទៅ មក និងការដកព្រលឹតលើផ្ទៃបឹង រហូតដល់ម៉ោងប្រមាណ ២ ឬ ៣ រសៀលទើបធ្វើដំណើរត្រឡប់មកផ្ទះវិញ។

អ្នកស្រី ណាំ ណាវ កំពុងចងព្រលឹតដើម្បីយកទៅឱ្យម៉ូយនៅផ្សារពេលទៀបភ្លឺ។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

ពេលធ្វើដំណើរមកដល់ផ្ទះ ការងារមិនទាន់ចប់នោះទេ លោក ហ៊ឹម វិជ្ជា ត្រូវជញ្ជូនព្រលឹតមកដាក់ក្នុងផ្ទះ ហើយប្តីប្រពន្ធទាំងពីរនាក់ត្រូវអង្គុយចងព្រលឹតទាំងនោះជាកងតូចៗត្រៀមយកទៅលក់ឱ្យម៉ូយ។

នៅម៉ោង ៣ ទៀបភ្លឺជាពេលដែលប្តីប្រពន្ធទាំងពីរត្រូវដឹកព្រលឹតដែលចងរួចយកទៅលក់បោះដុំបន្តឱ្យម៉ូយនៅផ្សារបារាយណ៍ និងផ្សាររំលង ដែលព្រលឹតមួយដុំតម្លៃ ៣០០រៀល ហើយក្នុងមួយថ្ងៃអាចលក់បានប្រាក់ពី៨ ម៉ឺនរៀលដល់ទៅ ១៤ម៉ឺនរៀល។ អ្នកស្រី ណាំ ណាវ ជាភរិយាប្រាប់ថា មុខរបរដកព្រលឹតលក់នេះ មិនលំបាកពេកទេ​ ហើយមិនចំណាយដើមទុនច្រើនឡើយ តែអាចរកប្រាក់ចំណូលបានច្រើនដែលអាចផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ និងការកូនរៀនសូត្ររបស់កូនៗបានប្រសើរ៕

លោក ហ៊ឹម វិជ្ជា កំពុងដឹកព្រលឹតពីទៅផ្ទះបន្ទាប់ពីដកយកពីបឹង។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ
លោក ហ៊ឹម វិជ្ជា កំពុងដឹកព្រលឹតពីទៅផ្ទះបន្ទាប់ពីដកយកពីបឹង។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ
លោក ហ៊ឹម វិជ្ជា កំពុងដឹកព្រលឹតពីទៅផ្ទះបន្ទាប់ពីដកយកពីបឹង។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្លែននោងល្អប្លែកប្រវែង ១.៥៧ ម៉ែត្រផលបានពីការប្រើជីធម្មជាតិរបស់អ្នកស្រុកមោងឫស្សី

បាត់ដំបង៖ រឿងមិនគួរឱ្យជឿ តែវាជាការពិត ដែលកសិក[...]

កំពង់ធំ៖ អ្នកស្រុកបារាយណ៍ត្រៀមរៀបចំប្រណាំងទូកផ្កាចារ ៣ ថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

កំពង់ធំ៖ នៅថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នា[...]

អ្នកស្រី សួ ចិត្រ ដាំបន្លែសរីរាង្គធ្វើម្ហូបលក់គិតគូរពីសុខភាពអ្នកទទួលទាន

កំពង់ធំ៖ អ្នកស្រី សួ ចិត្រ និងប្តីគឺលោក ផ្លុង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត