en     km
en     km

សម្តេចហ៊ុនសែន៖ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជាគួរវិនិយោគលើវិស័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា

Share

ក្រុងភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៨ នេះ បានថ្លែងជំរុញឲ្យវិនិយោគិនទាំងក្នុងស្រុក និង បរទេសឲ្យចូលរួមវិនិយោគទៅលើវិស័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ដែលសម្ដេចថាជាការពន្លឿននូវកម្លាំងចលករដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

លោក សេរី វឌ្ឍនៈ រាយការណ៍៖ 

សម្តេច ហ៊ុន សែនបានថ្លែងថា កម្ពុជាត្រូវតែពង្រឹងលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យាឲ្យបានខ្លាំងក្លា ដើម្បីពន្លឿន និងពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច ព្រោះវាជាបច្ច័យក្នុងការអភិវឌ្ឍទៅលើសង្គមបានគ្រប់ជ្រុងជ្រោយ ។ សម្តេច លើកឡើងថា វិទ្យាសាស្រ្តបច្ចេកវិទ្យា កំពុងចាក់ឬសយ៉ាងជ្រៅគ្រប់ជ្រុងនៃការរីកលូតលាស់សេដ្ឋកិច្ច ដែលក្នុងនោះមានដូចជា វិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យជំនួញ វិស័យអប់រំ និងជាពិសេសគឺ ប្រព័ន្ធផ្សព្វផ្សាយនិង ទូរគមនាគមន៍ ដែលអ្នកវិនិយោគិនពុំគួរមើលរំលង។

សំឡេង សម្តេច ហ៊ុន សែន៖

សម្ដេចប្រមុខរដ្ឋាភិបាល បានថ្លែងដូចនេះ នៅក្នុងឱកាស បើកសន្និសីទ ស្តីពីប្រធានបទ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា សំរាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា នៅ សណ្ធាគារសូហ្វីតែល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៨ នេះ ។

សម្តេចបានបន្ថែមទៀតថា ការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានគាំទ្រនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យមក្នុងអត្រា៧ភាគរយក្នុងមួយឆ្នាំ ហើយសេដ្ឋកិច្ចរបស់កម្ពុជា នឹងឈានហួសពីវិស័យកសិកម្ម និងរោងចក្រកាត់ដេរ។

បច្ចុប្បន្នចំនួនសហគ្រាសផលិតកម្មមានតម្លៃបន្ថែមខ្ពស់ និងទើបផុសឡើងថ្មីកំពុងកើនឡើង ជាពិសេសខាងផ្នែកសម្ភារៈ ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិក មានចំណែកកើនពី ៥.១ភាគរយ ក្នុងឆ្នាំ២០១២ ដល់ ៧.១ភាគរយ ក្នុងឆ្នាំ២០១៧ នៃចំនួនសហគ្រាសផលិតកម្មសរុប។

សម្តេចហ៊ុនសែន បានថ្លែងថា លទ្ធផលនៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅឆ្ងាយពីប្រទេសអាស៊ានមួយចំនួន។ ក្នុងនោះចំណាយរបស់កម្ពុជា ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ ក៏នៅតិចនៅឡើយ គឺត្រឹម ០.១២ភាគរយ នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១៥ ធៀបនឹង ០.៦៣ភាគរយ នៅថៃ និង ១.៣ភាគរយនៅម៉ាឡេស៊ី។

នៅក្នុងវេទិកានោះ ប្រធានផ្នែកបច្ចេកវិទ្យា និង នវានុវត្តន៍ នៃវិស័យសេដ្ឋកិច្ចនិងសង្គមប្រចាំអង្គការសហប្រជាជាតិ លោក បណ្ឌិត ចូណាថាន់ វង្ស បានពន្យល់អំពីមូលហេតុដែលវិទ្យាសាស្រ្តបច្ចេកវិទ្យា ធ្វើឲ្យវិស័យសេដ្ឋកិច្ចមិនថាកម្ពុជា ឬ ប្រទេសណាមួយក្នុងសាកលលោក មានភាពរីកចម្រើននោះ ព្រោះថា វិទ្យាសាស្រ្តបានធ្វើឲ្យការរស់នៅរបស់មនុស្សមានភាពងាយស្រួល ដែលធ្វើឲ្យមនុស្សចំណាយតិចជាងមុន ។

លោកបន្ថែមថា វិស័យពាណិជ្ជកម្មបែបអេឡិចត្រូនិកក៏កំពុងរីកដុះដាលខ្លាំង ដែលធ្វើឲ្យមានមហាសេដ្ឋីកើតឡើងស្ទើរតែរាល់ថ្ងៃ។

សំឡេង លោក ចូណាថាន់ វង្ស៖

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបង្កើនចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍ ឲ្យដល់ ០.២ភាគរយ នៃផលិតផលក្នុងស្រុកនៅឆ្នាំ២០២០ ដល់ ១ភាគរយនៅឆ្នាំ២០២៥ និងដល់ ១.៥ភាគរយនៅឆ្នាំ២០៣០។ ក្នុងនោះកម្ពុជាក៏នឹងយកចិត្តទុកដាក់អំពីអ្នកស្រាវជ្រាវ ខណៈចំនួនអ្នកស្រាវជ្រាវនៅកម្ពុជា គិតក្នុងប្រជាជន១លាននាក់ នៅឆ្នាំ២០១៥ មានប្រមាណ ៥០នាក់ បើគិតតាមចំនួនអ្នកស្រាវជ្រាវ និងប្រមាណ ៣០នាក់ បើគិតជាចំនួនអ្នកស្រាវជ្រាវធ្វើការពេញម៉ោង ហើយកម្ពុជាមានគោលដៅ បង្កើនចំនួនអ្នកស្រាវជ្រាវពេញម៉ោងឲ្យដល់ ២០០០នាក់ នៅឆ្នាំ២០៣០ផងដែរ៕

Share

Image
Image
Image