loader

«ជួយអ្នកដទៃ ជាបំណងខ្ញុំ» (កម្រងជីវិត អ្នកស្រី ហៀង ស៊ុនណារី)

វិស័យកាត់ដេរនៅកម្ពុជា ជាវិស័យមួយដែលនាំសេដ្ឋកិច្ចកម្ពុជាឱ្យហក់ឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកន្លងមកនេះ។ ប៉ុន្តែក្នុងពេលវិបត្តិជំងឺកូវីដ១៩ វិស័យកាត់ដេរក៏ជួបនូវបញ្ហាកាត់បន្ថយបុគ្គលិក និងបិទទ្វាររោងចក្រសហគ្រាសមួយចំនួនផងដែរ។ ក្នុងដើមឆ្នាំ២០២១នេះ វិស័យឧស្សាហកម្មកាត់ដេរ មានកម្មករកម្មការិនីប្រមាណ ៨២ម៉ឺននាក់ និងមានរោចក្រចុះបញ្ជីជាង១១០នៅបន្ដការងារ។ ការព្យួរការងារបុគ្គលិក ការបិទទ្វារក្រុមហ៊ុន គឺជារឿងក្ដៅគគុកមួយដែល មានការជជែកមិនចេះចប់។

អ្នកស្រី ហៀង ស៊ុនណារី « ខ្ញុំយល់ដឹងច្រើនពីសិទ្ធិកម្មករ ខ្ញុំបានជួយតវ៉ាឱ្យកម្មករសកម្មម្នាក់នៅបន្តធ្វើការងារ »

តើអ្នកស្រី ហៀង ស៊ុនណារី ជានរណា? សូមប្រិយមិត្តស្វែងយល់ពីកម្រងជីវិតពិតរបស់នាងដូចតទៅ៖

អ្នកស្រី ហៀង ស៊ុនណារី វ័យជាង៣០ឆ្នាំ បានចូលធ្វើការក្នុងវិស័យកាត់ដេរតាំងពីឆ្នាំ ២០០៩ ដោយផ្តើម​ចេញពីកម្មករ រហូតក្លាយជាប្រធានក្រុម នៃខ្សែផលិតកម្មមួយ(Product line) ដែលមានកម្មករកាត់ដេរ​ ៦២ ​នាក់​។ ថ្ងៃមួយ ចុងឆ្នាំ២០១៩ ណារី បានចូលរួមប្រជុំជាមួយសហព័ន្ធសហជីពចលនាកម្មករ។ តំណាងសហព័ន្ធសហជីព បានណែនាំនាង និងកម្មករផ្សេងទៀតឱ្យស្តាប់កម្មវិធីវិទ្យុ ធ្លុងអំបោះ  របស់វិទ្យុស្ត្រីអេហ្វអឹម 103.5 MHz ។ ណារី ៖ «ខ្ញុំបានតាមដានស្ដាប់​តាមទូរសព្ទ និងពេលខ្លះមើលតាមហ្វេសប៊ុកពេលផ្សាយផ្ទាល់ និងម្ដងម្កាល បានចូលរួមមតិយោបល់ក្នុងនាមជាប្រិយមិត្ត។ ក្រោយមក ខ្ញុំក៏ធ្លាប់ក្រុមកាងារផលិត អញ្ជើញចូលរួមជា ភ្ញៀវ ក្នុងកម្មវិធីវិទ្យុ ជជែកលើប្រធានបទ «កម្មករឆ្នើម» ដើម្បីចែករំលែកបទពិសោធការងារ​ផ្ទាល់ខ្លួនខ្ញុំដល់អ្នកស្តាប់ ពិសេសបងប្អូនកម្មការិនីកាត់ដេរ »។

អ្នកស្រី ហៀង ស៊ុនណារី បន្តថា ខ្ញុំស្តាប់កម្មវិធីវិទ្យុ ធ្លុងអំបោះ ​តាមទូរសព្ទពេលផ្សាយផ្ទាល់  ថ្ងៃសុក្រ ពីម៉ោង ១១ ដល់ម៉ោង ១១:៥០ នាទី ។ ខ្ញុំស្តាប់កម្មវិធីវិទ្យុនេះ បានប្រមាណជិត ២០ ប្រធានបទ ក្នុងចំណោម២៨ប្រធានបទ។ ស្ដាប់កម្មវិធី ធ្លុងអំបោះ ណារីអះអាងថា នាងយល់ដឹងច្រើន ពិសេសពាក់ព័ន្ធនឹង ៖

  • សិទ្ធិកម្មករ គឺកម្មករអាចផ្តល់យោបល់ទៅរដ្ឋបាលរោងចក្រឱ្យកែលម្អចំណុចខ្វះខាត ទាក់ទងនឹងបញ្ហា អនាម័យ ទឹកស្អាត អាហារថ្ងៃត្រង់ដែលមានគុណភាពសម្រាប់កម្មករ ។ល។
  • ការចូលរួមទាំងអស់គ្នាទប់ស្កាត់អំពើបៀតបៀនផ្លូវភេទនៅក្នុងរោងចក្រ ។
  • ការទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល​៤០ ដុល្លារ និង ៣០​ដុល្លារពីរោងចក្រក្នុងមួយខែ សម្រាប់កម្មករដែលត្រូវព្យួរការងារ ។
  • ការប្រើប្រាស់ប័ណ្ណប.ស.ស. នៅពេលកម្មករត្រូវបានបញ្ចប់កិច្ចសន្យាការងារ ។
  • ក្រុមហ៊ុនបញ្ឈប់កម្មការិនីមានផ្ទៃពោះពីការងារ ៖ វាគ្មិនបានពន្យល់ក្បោះក្បាយច្បាស់លាស់ណាស់ អំពី ច្បាប់ការងារ និង សេចក្តីប្រកាសរបស់រដ្ឋាភិបាល គឺក្រុមហ៊ុនគ្មានសិទ្ធិបញ្ឈប់ស្ត្រីមានផ្ទៃពោះនោះទេ ។

ក្រោយពីបានស្តាប់កម្មវិធី ធ្លុងអំបោះ ណារី អះអាងថា « ខ្ញុំបានធ្វើកិច្ចការមួយចំនួនដែលជាប្រយោជន៍រួម

.  នៅក្នុងអំឡុងពេលផ្ទុះ COVID-19 កម្មករនិងខ្ញុំ បានស្នើសុំរោងចក្រទិញ អាល់កុល ជែល សម្រាប់កម្មករប្រើប្រាស់ដើម្បីការពារការឆ្លងជំងឺ។ បន្ទាប់មករោងចក្របានដោះស្រាយរឿងនេះ ដោយដាក់អាល់កុលនៅច្រកចូល ដាក់ម៉ាស៊ីនស្កេនវាស់កម្តៅកម្មករ មុនចូលធ្វើការ និងផ្តល់ម៉ាស់ឱ្យកម្មករគ្រប់គ្នាប្រចាំថ្ងៃ។

.  កម្មករបានត្អូញត្អែរអំពីម្ហូបដដែលៗ ដែលរោងចក្រផ្តល់ឱ្យកម្មករសម្រាប់អាហារថ្ងៃត្រង់។​ ពួកយើងបានសំណូមពរទៅរោងចក្រសុំឱ្យមានការផ្លាស់ប្តូរមុខម្ហូប ។ ជាលទ្ធផល រោងចក្របានយល់ព្រម ដោយឱ្យកម្មករសរសេរមុខម្ហូបប្រចាំអាទិត្យប្រគល់ទៅឱ្យផ្នែករដ្ឋបាល ដើម្បីរោងបាយចាត់ចែងចម្អិនតាមសំណូមពរ ។

រឿងដែល ណារី មានមោទនភាព គឺនាងបានជួយតវ៉ាឱ្យកម្មករម្នាក់បន្តមានការងារធ្វើ។ នាងរំឭកថា «ខ្ញុំបានជួយកម្មករប្រុសម្នាក់អាយុ​៤០​ឆ្នាំ ដែលរោងចក្របានសម្រេចបញ្ឈប់គាត់ពីការងារក្នុងអំឡុងពេល ជំងឺកូវីដផ្ទុះខ្លាំង (ខែមិថុនា ឆ្នាំ ២០២០)  ខណៈដែលរោងចក្របានកាត់បន្ថយកម្មករពី ៣ទៅ៤ រយនាក់

ណារី បន្តលើកឡើងថា ៖ «តាមគោលការណ៍ រោងចក្រកាត់បន្ថយតែបុគ្គលិកដែលប្រតិបត្តិការងារក្រោមមធ្យម Low performance ប៉ុណ្ណោះ ប៉ុន្តែគាត់គឺជាកម្មករសកម្មម្នាក់ ប៉ុន្តែផ្នែករដ្ឋបាលបានហៅគាត់ទៅផ្តិតមេដៃ និងបើកប្រាក់ជាង២ពាន់ដុល្លារឱ្យ​គាត់​»។  ដោយមើលឃើញភាពមិនប្រក្រតីកើតឡើងក្នុងរោងចក្រដូច្នេះ ណារី សម្រេចចិត្តធ្វើរឿងមួយ «​ខ្ញុំបានទៅតវ៉ាដល់ថៅកែរោងចក្រ និងសួរគាត់ថា ៖ ហេតុអ្វីបានជាអ្នកឯងបញ្ឈប់គាត់ បើគាត់ជាកម្មករដែលធ្វើការល្អ ?» ការទាមទាររបស់ណារី ធ្វើឱ្យថៅកែភ្ញាក់ផ្អើល និងសួរនាងថា «ហេតុអីបានជាអ្នកឯងមកតវ៉ាជំនួសគាត់?» ណារីបញ្ជាក់ថា «បើទុកគាត់ធ្វើការ វាអាចល្អប្រសើរដល់រោងចក្រ​»។​ ភាគីថៅកែថា «បើគាត់ពិតជាធ្វើការល្អមែន គេនឹងមិនឱ្យគាត់ឈប់ទេ ព្រោះរោងចក្រត្រូវការមនុស្សល្អធ្វើការ ។ ក្នុងការបញ្ឈប់កម្មករនេះ ខ្ញុំធ្វើតាមតែប្រធានផ្នែកពីខាងក្រោមប៉ុណ្ណោះ»។

ការទាមទាររបស់ ណារី មិនអត់ប្រយោជន៍នោះទេ នាងថា៖ ថៅកែរោងចក្របានយល់ព្រមឱ្យកម្មករម្នាក់នោះ ដែលមិនត្រូវជាសាច់ញាតិ ឬជាមិត្តភក្ដិរបស់នាងទេនោះ បានបន្តធ្វើការងារដូចធម្មតារហូតមកទល់សព្វថ្ងៃនេះ។

ចុងក្រោយណារី យល់ឃើញថា ស្តាប់កម្មវិធីវិទ្យុ ធ្លុងអំបោះ  នាងបានយល់ដឹងច្រើនពីសិទ្ធិកម្មករ ពិសេសសិទ្ធិតវ៉ានៅកន្លែងធ្វើការ មិនមែនស្រេចតែគេថាខុស​ គឺខុសតាមគេនោះទេ។ នាងថា «ខ្ញុំបានស្តាប់ផ្ទាល់ នូវការបកស្រាយរបស់វាគ្មិនដែលមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ គឺច្បាស់លាស់ជាងការដែលខ្ញុំឮតៗពីគេ។ ពិសេសខ្ញុំមានឱកាសសួរភ្លាមៗបាននូវអ្វីដែលខ្ញុំឆ្ងល់ ឬចង់ដឹង។ អ្វីដែលខ្ញុំបានដឹង ខ្ញុំបានយកទៅប្រើប្រាស់ក្នុងការងារ ការរស់នៅ និង ចែករំលែកទៅដល់កម្មករ សហជីព និយោជក រដ្ឋបាលរោងចក្រ គ្រួសារ បងប្អូន និង អ្នកជិតខាងផងដែរ» ។

រាយការណ៍ដោយ ក្រុមការងារកម្មវិធីធ្លុងអំបោះ

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ទស្សនៈថ្នាក់ដឹកនាំជាស្រ្តី៖ តួនាទីស្រ្តី និងបញ្ហាហិង្សាលើស្រ្តីត្រូវមានយន្តការជ្រោមជ្រែងច្បាស់លាស់

ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨[...]

កិច្ចសម្ភាសន៍៖ បច្ចេកវិទ្យាមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ដល់ស្ត្រី និងយុវតីជំនាន់ក្រោយ

បច្ចុប្បន្នមានស្រី្ដមួយចំនួនចាប់អារម្មណ៍លើបច្[...]

ស្រី្តបណ្ឌិតព្រំសុភា៖សិស្សស្រីសិក្សាមុខវិជ្ជាព័ត៌មានវិទ្យានៅមានចំនួនតិចតែមុខវិជ្ជានេះមានសាសំខាន់នាពេលនេះ

ជំនាញបច្ចេកទេសផ្នែកព័ត៌មានវិទ្យា គឺជាជំនាញមួយ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x