សៀមរាប៖ ការស្រាវជ្រាវរបស់សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហាររូបត្ថម្ភកម្ពុជារកឃើញថា មានក្រុមហ៊ុនមួយចំនួននៅតែបន្តការផ្សព្វផ្សាយលក់ផលិតផលម្ស៉ៅទឹកដោះគោជំនួសទឹកដោះម្តាយដោយបំពានលើអនុក្រឹត្យ១៣៣។ ការរកឃើញនេះត្រូវបានបង្ហាញក្នុងពិធីប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ នៅថ្ងៃទី៣០ ខែកក្កដា នេះនៅខេត្តសៀមរាប។
សូមស្តាប់សេចក្តីរាយការណ៍ពីលោក កែវ សុខា៖
ថ្លែងក្នុងអង្គពិធីចំពោះមុខរដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងអ្នកពាក់ព័ន្ធលោកស្រី វីណេ កូតេស្ត(Gwyneth Cotes)នាយកប្រតិបត្តិអង្គការ ហេឡែន ខេលល័រអន្តរជាតិ មានប្រសាសន៍ថា សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហាររូបត្ថម្ភកម្ពុជារកឃើញថា នៅតែមានសកម្មភាពផ្សព្វផ្សាយលក់ផលិតផលម្ស៉ៅទឹកដោះគោជំនួសទឹកដោះម្តាយបំពានលើអនុក្រឹត្យលេខ ១៣៣ ស្តីពី ការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមកុមារ និងទារក។ ក្រុមហ៊ុនទាំងនោះ បានផ្សព្វផ្សាយបង្កើតជាការភ័ន្តច្រលំដល់សាធារណជន ដោយស្រ្តីជាម្តាយយល់ខុសថា ការបំបៅកូនដោយដោះម្តាយមិនសូវល្អដូចការបៅម្ស៉ៅទឹកគោ។
លោកស្រីបន្ថែមថា ក្រុមហ៊ុនខ្លះបានរំលោភបំពានលើស្លាកសញ្ញានៃការលក់ផលិតផលចិញ្ចឹមកុមារនិងទារក។
អនុក្រឹត្យស្តីពី ការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ មាន ៩ជំពូក និង ២២មាត្រា។ អនុក្រឹត្យនេះ បានតម្រូវឱ្យក្រុមហ៊ុនទាំងក្នុងស្រុក និងនាំចូល ត្រូវរៀបចំការផ្សព្វផ្សាយទោះបីក្នុងទម្រង់ជាអក្សរ ជាការថតសំឡេង ជារូបភាព ឬជាការដាក់ផ្លាកសញ្ញាក្តី ត្រូវដាក់បញ្ចូលសារ ពីផលប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ រយៈពេល ៦ខែចាប់ពីពេលកើត និងបន្តដល់កុមារអាយុ ២ឆ្នាំ ឬលើសពីនេះ។
យ៉ាងណាលោកស្រីថ្លែងអំណរគុណដែលកន្លងមកនេះ សមត្ថកិច្ចបានផាកពិន័យក្រុមហ៊ុនមួយចំនួនជាទឹកប្រាក់ ២លាន ៥សែនរៀល ជាការដាក់ពិន័យដែលក្រុមហ៊ុនទាំងនោះបានបំពានលើអនុក្រឹត្យ១៣៣។
ឆ្លើយតបនឹងការរកឃើញនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលលើកឡើងថា មន្រ្តីជំនាញតែងតែតាមដាន និងអនុវត្តវិធានការច្បាប់ចំពោះសហគ្រាស ឬក្រុមហ៊ុនណាដែលមិនព្រមអនុវត្តតាមការណែនាំរបស់ក្រសួង។ ក្នុងថ្ងៃប្រារព្ធពិធីសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ លោករដ្ឋមន្រ្តីថ្លែងអំពាវនាវដល់ម្តាយគ្រប់រូប សូមបំបៅកូនដោយទឹកដោះម្តាយឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ លោកឱ្យដឹងថា ការបំបៅកូនដោយទឹកដោះម្តាយ គឺមានគុណប្រយោជន៍យ៉ាងច្រើន កាត់បន្ថយអត្រាស្លាប់របស់ទារក និងមហារីកសុដនរបស់ម្តាយផងដែរ។
ទឹកដោះម្តាយមានអត្ថប្រយោជន៍ខ្លាំងណាស់ម្រាប់ទារក និងកុមារ។ ការរកឃើញរបស់សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហាររូបត្ថម្ភកម្ពុជាឱ្យដឹងថា ការអនុវត្តការបំបៅទឹកដោះម្តាយទៅកូនអាចបង្ការការស្លាប់របស់កុមារទូទាំងពិភពលោកចំនួនជាង ៨២ ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ ភស្តុតាងវិទ្យាសាស្រ្តបញ្ជាក់ច្បាស់ថា ការបំបៅដោះម្តាយទៅកូនភ្លាមៗក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល អាចទប់ស្កាត់មរណភាពទារកបានប្រហែល២០% ។ ចំណែកកុមារដែលបានបៅទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល ៦ ខែដំបូងអាចកាត់បន្ថយជំងឺរាករូសបាន ១១ដង និងជំងឺរលាកសួតបាន ១៥ដង បើធៀបជាមួយកុមារដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ។
បើទោះបីការបំបៅកូនដោយទឹកដោះម្តាយមានគុណប្រយោជន៍បែបនេះក្តី តែកម្ពុជា បានធ្លាក់ចុះអត្រាការបំបៅកូនដោយទឹកដោះម្តាយទៅវិញ។ របាយការណ៍បង្ហាញថា ក្នុងឆ្នាំ២០១៤ អត្រានៃការបំបៅកូនដោយទឹកដោះម្តាយបានធ្លាក់ចុះវិញចំនួន៩% គឺពី ៧៤% មកត្រឹម ៦៥% ដោយសារនិន្នាការនៃការប្រើប្រាស់ម្ស៉ៅទឹកដោះគោកើនឡើង ។
អង្គការ Hellen Keller រកឃើញទៀតថា កម្ពុជាខាតបង់ជាង ៣២៦ លាន ៨ សែន ដុល្លារអាមេរិកក្នុងរយៈពេល ១ ឆ្នាំ ដោយសារតែការមិនបំបៅដោះម្តាយ។ ក្នុងនោះខាតបង់តាមរយៈការទិញទឹកដោះជាង ១០៧ លានដុល្លារ ខាតបង់លើបញ្ហាទារក និងកុមារងាយឈឺនាំឱ្យពុកម្តាយខាតវេលា និង លុយកាក់ ហើយពេលខ្លះបណ្តាលឱ្យកុមារស្លាប់បាត់បង់ជីវិតក៏មាន ។ លើសពីនេះទៅ ការមិនបំបៅដោះម្តាយដល់កូន ធ្វើឱ្យកូនអាចខ្វះអាហារូបត្ថម្ភ នាំឱ្យថយចុះគុណភាព នៃ គំនិតប្រាជ្ញាស្មារតី។
អង្គការ Hellen Keller ក៏ពិនិត្យឃើញថា មានការថយចុះនៃការបំបៅដោះម្តាយដល់កូន ហើយកើនឡើងការបំបៅទឹកដោះគោ។ មូលហេតុដោយសារខ្វះយល់ដឹងអំពីគុណប្រយោជន៍នៃការបំបៅដោះម្តាយ ការអនុវត្តអនុក្រឹត្យលេខ ១៣៣ នៅមានកម្រិត។ ភាពសុះសាយនៃការឃោសនាផ្សព្វផ្សាយពាណិជ្ជកម្មលក់ផលិតផលទឹកដោះម្តាយ បំផ្លើសហួសហេតុនាំឱ្យមានការយល់ច្រឡំដូចជាថា ផលិតទាំងនោះមានគុណភាពល្អ ធ្វើឱ្យកុមារមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃជាដើម ខណៈម្តាយខ្លះយល់ថា ការមិនបំបៅដោះរបស់ខ្លួនទៅកូនជាភាពទាន់សម័យ ហើយម្តាយមួយចំនួនមិនចង់បំបៅដោះកូនព្រោះខ្លាចខូចទ្រង់ទ្រាយដោះជាដើម៕