loader

TKS ក្រុម​តន្ត្រី​រ៉ុក​ស្ត្រី​ដំបូង​នៅ​កម្ពុជា នឹង​បង្ហាញ​ស្នា​ដៃ​ថ្មីៗ​មិន​ចម្លង​ពី​បរទេស

សំឡេង៖
ភ្នំពេញ​៖​ «​​TKS​​»​ ជា​ឈ្មោះ​ក្រុម​តន្ត្រីរ៉ុក​មួយ​ទើប​​នឹង​រះ​ឡើង​នៅ​កម្ពុជា ដែល​មាន​សមាជិក​ក្រុម​សុទ្ឋតែ​ជា​ស្ត្រីចំនួន ៥ រូប​បាន​បង្ហាញ​សមត្ថភាព​និង​ទេពកោសល្យ​ជា​លើក​ដំបូង​ក្នុង​បទ​ចម្រៀង​របស់​ខ្លួន​ជា​ចង្វាក់​រ៉ុក​ចំនួន​ ​៤​ បទ​ទើប​ចេញ​ថ្មី​ៗ​នេះ​ ​និង​កំពុង​ទទួល​បាន​ការគាំទ្រពី​យុវវ័យ​យ៉ាង​ខ្លំាង។
TKS-Band-(1)-edited

TKS​ មក​ពី​ពាក្យពេញ «Tevibot Kmav Shadow» ឬ​ជា​ភាសាខ្មែរ​ «ស្រមោល​ទេវ​បុត្រខ្មៅ» ជា​ឈ្មោះ​លោក​ ទេវ​បុត្រ​ខ្មៅ​ដែល​ជា​អ្នក​លេង​ហ្គីតា​ដ៏​ជំនាន​ម្នាក់ និង​ជា​អ្នក​ផ្តួច​ផ្តើម​បង្កើត​ក្រុម​តន្ត្រីរ៉ុក​នេះ​ឡើង​។ អត្ថន័យ​បង្កប់​ក្នុង​បទ​ចម្រៀង​របស់​ TKS សុទ្ឋ​សឹង​តែ​ផ្ដល់​សារ​អប់​រំ​ដល់​យុវវ័យ​ដូច​ជា​ អប់​រំ​យុវវ័យឪ្យ​​ចៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន​ កុំ​ឆាប់​មាន​ស្នេហា​ក្នុង​វ័យ​សិក្សា និង​លើក​ទឹក​ចិត្ត​យុវវ័យ​ឱ្យស្រវា​ចាប់​យក​ការ​សិក្សា​ជា​ចម្បង​ ដើម្បី​កសាង​អនាគត​របស់​ខ្លួន​ឱ្យ​កាន់​តែ​ប្រសើរ​។ មួយ​វិញ​ទៀត ក្រុម​តន្ត្រីរ៉ុក​ស្ត្រីមួយ​នេះ​ ក៏​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​ស្នាដៃ​លេង​ឧបករណ៍​តន្ត្រីរបស់​យុវនារី​ខ្មែរ លើក​កម្ពស់​ការ​និពន្ធទំនុក​ច្រៀង​ និង​ទំនុក​ភ្លេង​កើត​ពី​ស្នា​ដៃ​កូន​ខ្មែរ​ពិត​ៗ និងមិន​ចម្ល​ងស្នា​ដៃ​ពី​បទ​ច្រៀង​បរទេស​ដាច់​ខាត​។​ និយាយ​ដោយ​សម្តី​ស្រទន់​មួយ​ៗ​ កញ្ញា​ សូហ្វៀ ប្រធាន​ក្រុម​តន្ត្រី TKS បាន​ឱ្យ​ដឹង​ថា​ «TKS Band» ជា​ក្រុម​តន្ត្រីស្ត្រីដំបូង​នៅ​កម្ពុជា ដែល​មាន​សមត្ថភាព​អាច​លេង​ឧបករណ៍តន្ត្រីជា​ចង្វាក់​រ៉ុក​បាន​ ព្រោះ​ក្នុង​ពេល​កន្លង​មក​នៅ​កម្ពុជា​ពុំ​ធ្លាប់​មាន​ក្រុម​តន្ត្រីស្រ្តីចេះ​លេង​ជា​ចង្វាក់​រ៉ុក​ឡើយ​។ ប្រធាន​ក្រុម​តន្ត្រីរ៉ុក​វ័យ ២២ ឆ្នាំ​រូប​នេះ​បាន​ឱ្យដឹង​ថា ក្រុម TKS បង្កើត​ឡើង​ទើប​មាន​អាយុ​ជាង ១ ឆ្នាំ​តែ​ប៉ុណ្ណោះ។ សូហ្វៀ បាន​បន្តនិយាយ​ថា រហូតមក​ដល់​ពេល​នេះ TKS បាន​និពន្ធទំនុក​ច្រៀង​និង​ទំនុក​ភ្លេង​ដោយ​ខ្លួន​ឯង​បាន​ចម្រៀង​ចំនួន​ ៣បទ​រួច​មក​ហើយ មាន​ដូច​ជា​បទ​ អារម្មណ៍​ចង់​មាន​ស្នេហ៍ លាប់​របួស​ចាស់ និង​បទ​ចង់​ឱ្យបង​ឃែរ​។

TKS-Band-(3)-edited
ក្រុមតន្ត្រីរ៉ុក «TKS» ពេលសម្ដែងក្នុងបទចម្រៀង «អារម្មណ៍ចង់មានស្នេហ៍»

ទន្ទឹម​គ្នា​នេះ​ TKS បាន​យក​បទ​ចម្រៀង​មួយ​បទ​របស់​អ្នក​ស្រី រស់ សេរី​សុទ្ធា «ចាស់​ជូរ​អែម​» មក​ច្រៀង​ឡើង​វិញ ដោយ​ពុំ​មាន​កែ​ប្រែទំនុក​ច្រៀង​ឬ​ទំនុក​ភ្លេង​ឡើយ​។ សូហ្វៀ​ បាន​និយាយ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​៖​ «ក្រុម TKS បង្កើត​ឡើង​គឺ​ចង់​ឱ្យមាន​លក្ខណៈ​ប្លែក​ពី​ក្រុម​តន្តី្រដទៃ ពួក​យើង​នឹង​ព្យាយាម​ធ្វើបទ​ចម្រៀង​ថ្មី​ៗ ដែល​មាន​អត្ថន័យ​អប់​រំ​ឱ្យ​បាន​ច្រើន​សម្រាប់​យុវវ័យ ប៉ុន្តែមិន​មែន​ធ្វើបទ​ចម្រៀង​ទុក្ខសោក​មនោ​សញ្ចេនា​ក្នុង​ស្នេហា​ខ្លាំ​ងរហូត​ធ្វើឱ្យ​មនុស្ស​លង់​អារម្មណ៍​បាក់​ទឹក​ចិត្តនោះ​ទេ​…ជា​រួម​ការ​និពន្ធ​របស់​យើង​គឺ​ចង់​ផ្តល់​ជា​សារ​អប់​រំ​ដល់​យុវវ័យ​ឱ្យ​បាន​ច្រើន​តាម​លទ្ធ​ភាព​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​»​។​ សើច​បណ្តើរ និយាយ​បណ្តីរ កញ្ញា រ៉ា​ចូ ជា​អ្នក​លេង​ហ្គី​តា​ក្នុង​ក្រុម TKS បាន​និយាយ​ឱ្យថា​៖ «ខ្ញុំមាន​អារម្មណ៍​រំ​ភើប​រីករាយ​នៅ​ពេល​បទ​ចម្រៀង​របស់​ក្រុង​យើង​ខ្ញុំ​មាន​ការ​គាំទ្​រច្រើន​ពី​យុវវ័យ​ក្នុង​ប្រទេស​និង​អ្នក​រស់​នៅ​ក្រៅ​ប្រទេស​…ដំបូង​ឡើយ​ម្តាយ​ឳពុក​ពុំ​សប្បាយ​ចិត្ត​សកម្មភាព​មួយ​ចំនួន​របស់​ពួក​យើង ប៉ុន្តែ​នៅ​ពេល​ដែល​យើង​បាន​បង្ហាញ​សមត្ថភាព​ឱ្យ​គាត់​បាន​ឃើញ​ យើង​បែរ​ជា​មាន​ការ​ជួយ​គាំ​ទ្រ​នឹង​ការ​លើក​ទឹក​ចិត្ត​ពី​គាត់​វិញ​»​។​ អ្នក​លេង​ហ្គី​តា​វ័យ​ក្មេង​រូប​នេះ បាន​បន្ថែម​ទៀត​ថា​៖ «ខ្ញុំ​នៅ​តែ​បន្ត​ធ្វើការ​ងារ​មួយ​នេះ​ ព្រោះ​ការ​ងារ​សិល្បៈ​អាច​ជួយ​បំបាត់​ភាព​នឿយ​ហត់​ពី​សម្ពាធ​ការ​ងារ​របស់​ខ្ញុំ​និង​ធ្វើ​ឱ្យ​ជីវិត​របស់​ខ្ញុំ​ស្រស់​ថ្លាជា​មួយ​នឹង​សិល្បៈ»​។​ TKS-Band-(2)-edited លោក​ ទេវ​បុត្រខ្មៅ អ្នក​ផ្តួច​ផ្តើម​គំនិត​បង្កើត​ក្រុម​តន្ត្រី​រ៉ុក​ស្រ្តី TKS បាន​ឱ្យ​ដឹង​ថា ការ​បង្កើត​ក្រុម​តន្ត្រី​យុវវ័យ​នេះ ចង់​បង្ហាញ​ទៅ​កាន់​សាធារណ​ជន​ថា មិន​មែន​តែ​បុរស​នោះ​ទេ​ដែល​អាច​​លេង​​តន្ត្រីរ៉ុក​បាន នារី​ក៏​អាចលេង​តន្ត្រីរ៉ុក​បាន​ដែរ ជា​ពិសេស​ចង់​បង្កើត​បទ​ចម្រៀង​ដែល​លើក​ទឹក​ចិត្ត​ដល់​ស្ត្រីឱ្យបាន​ច្រើន​នៅ​ថ្ងៃ​ខាង​មុខ​។ កន្លង​ទៅ​ក្រុម​តន្ត្រីនេះ​ បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ «អារម្មណ៍​ចង់​មាន​ស្នេហ៍» ដើម្បី​អប់​រំ​ឱ្យ​យុវវ័យ​កុំ​មានអារម្មណ៍​ងប់​ងល់​ក្នុង​សេច​ក្តី​ស្នេហា​ក្នុង​វ័យ​សិក្សា​និង​ជំរុញ​លើក​ទឹក​ចិត្ត​យុវវ័យ​ឱ្យ​ខិត​ខំសិក្សា។ អ្នក​ផ្តួច​ផ្តើម​គំនិត​បង្កើត​ក្រុម​តន្ត្រី​រូប​នេះ បាន​បញ្ជាក់​ថា​៖​ «បច្ចុប្បន្ន​នេះ​ក្រុម​តន្ត្រីរ៉ុក​ស្រី្ត​ TKS ពុំ​មាន​បំណង​ថត​បទ​ចម្រៀង​សម្រាប់​ចេញ​លក់​ឡើយ​ យើង​ធ្វើ​ដើម្បីផ្តល់​ការ​កម្សាន្តនិង​ការ​អប់​រំ​ជួយ​ដល់​សង្គ​ម»​។ រាល់​បទ​ចម្រៀង​ទាំង​អស់​របស់​ ​TKS ត្រូវ​បាន​ផលិត​ឡើង​ដោយ​ចំណាយ​ថវិកា​ដោយ​ខ្លួន​ឯង មិន​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​ឬ​ស្ថាន​ប័ន​ណា​មួយ​ឡើយ​។ ម្យ៉ាង​វិញ​ទៀត បទ​ចម្រៀង​ទាំង​អស់​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គ​ម Facebook​ និង​ Youtub ជាដើម​។ សូម​បញ្ជាក់​ថា សមាជិក​នារី​វ័​យ​ជាង​ម្ភៃ​ឆ្នាំទាំង ៥ រូប​របស់ TKS មាន​កញ្ញា រ៉ាជាល បច្ចុប្បន្ន​ជា​សិស្ស​កំពុង​បន្ត​ការ​សិក្សា​ភាសា​អង់គ្លេស​នៅ​មជ្ឈ​មណ្ឌល​អប់​រំ​អូស្ត្រាលី​។ កញ្ញា រ៉ាចូ ជា​អ្នក​លេង​ហ្គី​តា​បើក​ឆាក​ដ៏​រស់​រវីក​។ ចំណែក​កញ្ញា ទី​ទី ជា​អ្នក​ប៉ិន​ប្រសប់​ខាង​លេង​ស្គរ ព្រមទាំង សូហ្វៀ ជា​អ្នក​លេង​ហ្គី​តា​បាស ហើយ​ចុង​ក្រោយ​គឺ កញ្ញា ឃីត​ធី បច្ចុប្បន្ន​ជា​និស្សិត​​នៅ​វិទ្យា​ស្ថាន​ភាសា​បរទេស (IFL) និង​ជា​
អ្នក​លេង​ឃីបត​ដ៏​ចំណាន​៕ [wpb-yt video=”EFS14QHOAfw”]

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

លទ្ធផលបាក់ឌុបឆ្នាំនេះ៖ សិស្សស្រីប្រឡងជាប់ជាង ៧០% ច្រើនជាងបុរស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្[...]

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត