en     km
en     km

វិភាគ៖ វត្តមានរដ្ឋមន្ត្រីការបរទេសជប៉ុននាំឱ្យមានការចោទសួរបន្ថែមទៀតចំពោះឆន្ទៈជប៉ុនជួយបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា(មានសំឡេង)

Share

លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្រ្តីការបរទេសនៃប្រទេសជប៉ុនមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៨ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជានិងជប៉ុន និងការចុះហត្ថលេខាការលើការផ្ដល់ជំនួយប្រមាណជាង៩០លានដុល្លារអាមេរិក ដល់កម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃនេះ។

ជាការកត់សម្គាល់ រយៈពេលចុងក្រោយនេះជប៉ុនហាក់ដូចជាចង់ដើរតួនាទីម្ដងទៀត ជាអ្នកសម្របសម្រួលនយោបាយ នៅកម្ពុជា។

កាលពីថ្មីៗនេះ ទីប្រឹក្សានាយករដ្ឋមន្រ្តីជប៉ុនបានមកកាន់កម្ពុជា ដោយបានជួបសម្ដេចហ៊ុនសែន ។ បន្ទាប់ពីជំនួប ឃើញថាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបាន ចុះផ្សាយថា ជប៉ុនចង់ឃើញអ្នកនយោបាយខ្មែរដែលមានជម្លោះនឹងគ្នា គឺបក្ស CPP និងបក្សCNRP ជួបចរចាគ្នាឡើងវិញ។​ តែព័ត៌មាននេះត្រូវបានច្រានចោលដោយបក្សកាន់អំណាច។

តែយ៉ាងណាក៏ដោយ វត្តមានរដ្ឋមន្ត្រីការបរទេសជប៉ុននាំឱ្យមានការចោទសួរបន្ថែមទៀតចំពោះឆន្ទៈរបស់ជប៉ុនជួយបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ។

អត្ថបទនេះរៀបរៀងដោយលោក នួន បូរិន និងជូនសេចក្ដីវិភាគដោយ អ្នកនាង អ៊ឹម សុខន៖

 

ទាក់ទិងនឹងតួនាទីជប៉ុននេះ យើងបានចេញផ្សាយអត្ថបទវិភាគ ចំនួន ៣លើកមកហើយ។ តែលើកនេះ យើងសូមលើកពីប្រធានថ្មីមួយទៀតថា «វត្តមានរដ្ឋមន្ត្រីការបរទេសជប៉ុននាំឱ្យមានការចោទសួរបន្ថែមទៀតចំពោះឆន្ទៈជប៉ុនជួយបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា»។

តាមសាវតានៃទំនាក់ទំនងប្រទេសទាំង២ កម្ពុជា-ជប៉ុន គឺប្រទេសពីរនេះមិនដែលមានភាពរកាំរកូសដាក់គ្នាទេ ដែលជាសញ្ញាកាន់តែល្អអំពីការរំលឹកខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។ 

វត្តមានរបស់រដ្ឋមន្ត្រីការបរទេស លោក តារ៉ូ កូណូ បើទោះជាមកដើម្បី រឹតចំណងសាមគ្គីភាពកាន់តែស្អិតរមួតពិតមែន តែវត្តមាននេះបានមកនូវជំនូនជូនកម្ពុជាជារង្វាន់អនុស្សាវរីយ៍ទៀតផងនូវទឹកប្រាក់ជិតមួយរយលានដុល្លារដែលនាំឱ្យមូលនិធិជំនួយរបស់ជប៉ុនសម្រាប់ជួយកម្ពុជា អភិវឌ្ឍន៍ប្រទេសកាន់តែច្រើនជាងប្រទេសណាៗទាំងអស់។ បើគិតពីឆ្នាំ១៩៩២មក ជប៉ុនជួយកម្ពុជា ជាង២០០០លានដុល្លារហើយ។ គុណបំណាច់នេះ មិនអាចភ្លេចបានឡើយ សម្រាប់ពលរដ្ឋកម្ពុជាព្រោះជំនួយរបស់ជប៉ុន សុទ្ធតែក្លាយជាទ្រព្យសម្បត្តិរបស់ជាតិខ្មែរទាំងមូល។

វត្តមានរបស់លោក តារ៉ូ កូណូនៅកម្ពុជា និងវត្តមានរបស់ព្រះមហាក្សត្រនៅជប៉ុន

វត្តមានរបស់ លោក តារ៉ូ កូណូនៅកម្ពុជានៅថ្ងៃទីអាទិត្យទី៨ មេសា និងវត្តមានរបស់ព្រះមហាក្សត្រកម្ពុជានៅប្រទេសជប៉ុន គាំជួនគ្នាល្អណាស់នេះ បង្ហាញថា ប្រទេសទាំងពីរ បានកំពុងធ្វើអោយមានភាពស្និទ្ធសា្នលជាមួយ គ្នាតែខ្លាំងឡើងៗ ។

ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី យាងទៅប្រទេសជប៉ុនលើកនេះ គឺជា ការទាញអោយមានលទ្ធផលផ្លែផ្កាបន្ថែមទៀត សមដូចសម្ដេច​ហ៊ុនសែន បញ្ចេញទស្សនៈលើទំព័រហ្វេសប៊ុករបស់លោកថា ទស្សនកិច្ចរបស់ព្រះមហាក្សត្រ នឹងកាន់តែធ្វើអោយទំនាក់ទំនងមិត្តភាព ជប៉ុន-កម្ពុជាប្រសើរឡើង។

ចំណែកឯវត្តមានរបស់រដ្ឋមន្រ្តីការបរទេសនៃប្រទេសជប៉ុន នៅកម្ពុជាលើកនេះ ទំនងជាការមកបញ្ជាក់បន្ថែមទៀត ពីពេលវេលានៃចំណងការទូតប្រទេសទាំងពីរបានដើរដល់វ័យ៦៥ឆ្នាំហើយ។ បើគិតពីវ័យរបស់មនុស្សវិញ គឺចូលវ័យជ្រេលបន្តិចដែរ។ មានន័យថា​ប្រទេសទាំងពីរនេះកាន់តែមានភាពចាស់ទុំនឹងគ្នា ដោយស្គាល់តម្លៃគ្នាទៅវិញទៅមក។

តើមានរបៀបវារៈសម្ងាត់ទេនៃជំនួបប្រមុខការទូតជប៉ុនជាមួយថ្នាក់ដឹកនាំកម្ពុជា?

វត្តមានរបស់ប្រមុខការទូតជប៉ុន កើតឡើង តាមការគ្រោងទុកនេះ ពិតជាមិនមែនជារឿងចៃដន្យនោះទេ មានន័យថា ពិតជាមានរបៀបវារៈ សំងាត់មួយចំនួន អាចលើកយកមកពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជា ជាពិសេស នៅពេល​លោក តារ៉ូ កូណូ​ត្រូវជួបជាមួយសម្ដេចហ៊ុនសែន និងលោករដ្ឋមន្ត្រីប្រាក់សុខុន។

គេនៅចាំបានថា នៅពេលទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីជប៉ុនបានជួប សម្ដេចហ៊ុនសែន ក៏មានរបៀបវារៈសំងាត់ដែរ។ ការបែកធ្លាយរបៀបវារៈសំងាត់នេះ នាំអោយមានការចោទសួរ ពីការព្រួយបារម្ភរបស់ជប៉ុនចំពោះវត្តមានរបស់ខ្លួនដែលស៊ូទ្រាំនឹងស្ថានការណ៍នយោបាយនៅកម្ពុជា ខណៈ សម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាអាមេរិកនិងសហភាពអឺរ៉ុប ចាប់ផ្ដើមកាត់បន្ថយទំនាក់ទំនងជាមួយកម្ពុជាហើយនោះ។

វត្តមានរបស់ប្រមុខការទូតជប៉ុននៅកម្ពុជាលើកនេះ មើលទៅដូចជារដ្ឋាភិបាលក្រុងតូក្យូ បញ្ចូនបេសកជនរបស់ខ្លួន ដើម្បីអ្វីមួយដែលក្រុងតូក្យូគិតថាខ្លួននៅមានទឹកមាត់ប្រៃជាមួយកម្ពុជា។ នេះបើក្រុងតូក្យូចង់ដើរតួនាទីជាអ្នកសម្របសម្រួលវិបត្តិនយោបាយនៅកម្ពុជា។តែផ្ទុយទៅវិញ បើកម្ពុជាបដិសេធសំណើរបស់ជប៉ុន ថាតើជប៉ុនគួរប្រកាន់ឥរិយាបទដូចម្ដេចទៀត។

តើជប៉ុនគួរប្រកាន់ឥរិយាបថអ្វីទៀតបើតួនាទីរបស់ខ្លួនចង់ដើរតួនាទីជាអ្នកសម្របស្រួលនយោបាយ ត្រូវបានទាត់ចោល?

បើដូចនេះមែន ទឹកមាត់ប្រទេសជប៉ុនពិតជាមិនប្រៃដូចអំបិលទេ គឺសាបហើយអាម៉ាស់ទៀតផង។

បើតួនាទីជប៉ុនត្រូវទាត់ចោល គឺក្រុងតូក្យូប្រឈមមុខនឹងការវាយប្រហារពីសម្ព័ន្ធមិត្តដែលពេលនោះហើយ ជប៉ុននឹងជួបភាពអាម៉ាស់នៅលើឆាកអន្តរជាតិ។

ការទទួលភាពអាម៉ាស់នេះ នាំអោយប៉ុនបាត់បង់តំណែងមួយនៅកម្ពុជា ជាឯកអគ្គរដ្ឋទូតសុឆន្ទៈក្នុងជម្លោះនយោ​បាយនៅកម្ពុជា ដែលខ្លួនធ្លាប់ជួយសម្របសម្រួលធ្វើអោយភាគីខែ្មរ ត្រូវរូវគ្នាវិញនាំអោយសម្ដេចក្រុមព្រះ ប្រធានគណបក្សហ៊្វុនស៊ិប៉ិច ដែលត្រូវ​បានកំចាត់ក្នុងព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា១៩៩៧បានវិលមកប្រទេសវិញហើយបានដឹកនាំបក្សនេះចូលក្នុងនយោបាយវិញនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨។ ប៉ុន្តែសំណួរមួយ សួរថាតើ ជប៉ុនអាចធ្វើអ្វីបានទៀត ក្នុងកិច្ចការទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ។

ត្រង់នេះហើយ ដែលយើងមិនអាចភ្លេចតួនាទីរបស់អង្គការសហប្រជាជាតិនោះទេ។

ជប៉ុននៅមានភារកិច្ចមួយទៀត គឺរុញតុចរចា​ទៅកាន់អង្គការសហប្រជាជាតិដែលអាចគិតថា ស្ថាប័នអាជ្ញាកណ្ដាលរបស់ពិភពលោកនេះ អាចនឹងពិចារណា សំណើរបស់ជប៉ុន។ មិនតែប៉ុណ្ណោះ ជប៉ុននឹងដើរតួនាទីរឿងរបស់ខ្មែរកាន់តែសកម្មនៅឯអង្គការសហប្រជាជាតិព្រោះថា ជប៉ុនបានចំណាយលុយច្រើនជាងគេ​ដើម្បីជួយអោយមានការបោះឆ្នោតស្ថិតនៅក្រោមការចាត់ចែងរបស់អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិហៅកាត់ថា UNTAC ដែលលោក យូស៊ី អាកាស៊ី ជនជាតិជប៉ុន ជាប្រធានស្ថាប័នេះ។

តែយ៉ាងនេះក្ដី ភាគីបក្សកាន់អំណាចនៅកម្ពុជា ដែលដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះ នឹងមិនបណ្ដោយអោយរឿងផ្ទៃក្នុងកម្ពុជា ត្រូវសហគមន៍អន្តរជាតិ បើកប្រជុំជាសាកលនោះទេ។​មានន័យថាត្រឹមតែតួនាទីរបស់ជប៉ុន ជាប្រទេសផ្ដល់ជំនួយឥតសំណងធំជាងគេសម្រាប់កម្ពុជា គឺសមល្មមនឹងទទួលយកបានក្នុងឋានៈជាអ្នកសម្របសម្រួលឥតលម្អៀងនិន្នាការនយោបាយ​៕

 

 

 

 

Share

Image
Image
Image