en     km
en     km

កំណើន​ នៃ​ចំនួន​ពង​កូន​ ត្រ​យ៉ង​ចង្កំ​ក​ ស​ នឹង​នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​កើនឡើង​

Share

​ភ្នំពេញ​ ៖​ ក្រុម​ភិ​រក្ស​សត្វព្រៃ​ របស់​ក្រសួងបរិស្ថាន​ សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ​ និង​អង្គការ​ WCS​ នៅ​ថ្ងៃ​ទី​០៦​ ខែមីនា​ នេះ​ បាន​រក​ឃើញ​ សំបុក​ត្រ​យ៉ង​ចង្កំ​ក​ ស​ ចំនួន​ ០៦​ សំបុក​ ស្ថិត​នៅ​ក្បែរ​ភូមិ​ត្មាត​ប៉ើយក្នុងដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​។​ ការ​រកឃើញ​សំបុក​ពង​កូន​ សត្វ​ត្រ​យ៉ង​ចង្កំ​ក​ ស​ នេះ​ ប្រធាន​សហគមន៍​ទេ​ចរណ៍​ធម្មជាតិ​ត្មាត​ប៉ើយ​ ជឿជាក់​ថា​ នឹង​ក្លាយជា​ផ្នែក​មួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ កាន់តែ​ច្រើន​ឲ្យ​ទៅ​ទស្សនា​តំបន់​ទេ​ចរណ៍​ធម្មជាតិ​មួយ​នេះ​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស់​ព័ត៌មាន​របស់​អង្គការ​ WCS​ ដែល​ផ្ញើ​មក​កាន់​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​។​

សត្វត្រយ៉ងចង្កំក ស ប្រភពរូបភាពពីអង្គការ WCS

សត្វ​ត្រ​យ៉ង​ចង្កំ​ក​ ស​ គឺជា​សត្វ​ស្លាប​ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​ ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក​។​ សត្វ​ស្លាប​ប្រភេទ​នេះ​ មាន​រស់នៅ​តែ​ប្រទេស​កម្ពុជា​ ប្រទេស​ឡាវ​ និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​តែ​ប៉ុណ្ណោះ​ ។​ តែ​យ៉ាងណា​បើ​យោង​តាម​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​ បាន​រក​ឃើញ​ថា​ សត្វ​ត្រ​យ៉ង​ចង្កំ​ក​ ស​ មាន​ចំនួន​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ចំនួន​សត្វ​ត្រ​យ៉ង​ចង្កំ​ក​ ស​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈពេល​ ១០០​ឆ្នាំ​ចុង​ក្រោយ​នេះ​ បច្ចុប្បន្ន​ចំនួន​របស់​វា​ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ មាន​មិន​ដល់​ ១​ពាន់​ក្បាល​នោះ​ទេ​ នៅ​លើ​ពិភពលោក​។​

​ការ​រក​ឃើញ​សំបុក​ របស់​សត្វ​ត្រ​យ៉ង​ចង្កំ​ក​ ស​ នា​ពេល​នេះ​ ប្រធាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ​ រំពឹង​ថា​ វា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ ឲ្យ​ទៅ​ទស្សនា​តំបន់​ទេសចរណ៍ធម្មជាតិ​នេះ​ និង​ផ្ដល់​ជា​ប្រាក់​ចំណូល​សម្រាប់​ពលរដ្ឋ​ក្នុង​តំបន់​នេះ​ផង​ដែរ​។​

​លោក​ ឌឹ​ប​ គឹ​ម​អោន​ ប្រធាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ​ ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ ព្រហ្ម​ទេព​ មាន​ប្រសាសន៍​ថា​ សត្វ​ត្រ​យ៉ង​ចង្កំ​ក​ ស​ គឺជា​ប្រភេទ​សត្វ​ស្លាប​ ដ៏​មាន​សារៈសំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ ព្រោះ​ភ្ញៀវ​ទេសចរ​ ភាគច្រើន​ចង់​ឃើញ​បំផុត​។​ លោក​បន្ដ​ថា​ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៣​ ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​តំបន់​នេះ​ មាន​ជា​មធ្យម​ ២៤០​នាក់​ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ ភូមិ​ត្មាត​ប៉ើយ​ ដើម្បី​ទស្សនា​សត្វ​ត្រ​យ៉ង​យក្ស​ និង​សត្វ​ត្រ​យ៉ង​ចង្កំ​ក​ ស​ ជា​រៀង​រាល់​ឆ្នាំ​។​

​ប្រធាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ​ បន្ថែម​ថា​ វត្ដមាន​របស់​ភ្ញៀវ​ទេសចរ​ទាំង​អស់នោះ​ គឺ​ពិតជា​មាន​សារៈសំខាន់​ ក្នុង​ការ​ជួយ​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​នេះ​ អាច​រក​ប្រាក់​ចំណូល​បន្ថែម​ដើម្បី​ចិញ្ចឹមជីវិត​ និង​ផ្ដល់​ជា​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ភូមិ​ត្មាត​ប៉ើយ​ផង​ដែរ​។​

​ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​កាន់​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ​ ហើយ​បានឃើញ​នូវ​សត្វ​ត្រ​យ៉ង​ទាំង​ពីរ​ប្រភេទ​ គឺ​ត្រ​យ៉ង​យក្ស​ និង​ត្រ​យ៉ង​ចង្កំ​ក​ ស​ ពួក​គាត់​ត្រូវ​បង់​ថវិកា​បន្ថែម​ទៅ​ក្នុង​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍​ត្មាត​ប៉ើយ​ ដើម្បី​ជូ​យ​ធានា​ដល់​និរន្ដរភាព​ នៃ​ការងារ​អភិរក្ស​ប្រភេទ​សត្វ​ស្លាប​រង​គ្រោះ​ និង​សំខាន់ៗ​នៅ​កម្ពុជា​។​

​តាម​សេចក្ដី​ប្រកាស់​ព័ត៌មាន​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ WCS​ ព្រៃឈើ​នៅ​ក្នុង​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ​ បាន​គាំទ្រ​ដល់​ការ​រស់នៅ​របស់​សត្វ​ត្រ​យ៉ង​ចង្កំ​ក​ ស​ ប្រមាណ​ ៥០​ក្បាល​ ស្មើនឹង​ ០៥​ភាគរយ​ នៃ​ចំនួន​របស់​វា​ទាំងអស់​ នៅ​លើ​ពិភពលោក​។​ តែ​យ៉ាងណា​ ការ​បាត់បង់​ទីជម្រក​ ការ​បរបាញ់​ និង​ការ​រំខាន​ កំពុង​តែ​គំរាមកំហែង​ខ្លាំង​ ដល់​ការ​រស់នៅ​របស់​សត្វ​ត្រ​យ៉ង​ចង្កំ​ក​ ស​ នេះ​។​

​យ៉ាងណា​ចំនួន​សត្វ​ត្រ​យ៉ង​ចង្កំ​ក​ ស​ ដែល​មាន​កំណើន​ដូចនេះ​ ដែល​នាំ​ឲ្យ​ លោក​ ឌឹ​ប​ គឹ​ម​អោន​ ប្រធាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ​ យល់​ថា​ ពីព្រោះ​តែ​សមាជិក​នៅ​ក្នុង​សហគមន៍​ភាគច្រើន​សុទ្ធតែ​បាន​យល់​ច្បាស់​អំពី​សារៈសំខាន់​ និង​តម្លៃ​នៃ​ការ​ការពារ​សត្វព្រៃ​ទាំងអស់​ដោយសារ​តែ​ភាព​ជោគជ័យ​ នៃ​គម្រោង​ទេសចរណ៍ធម្មជាតិ​។​ លើស​ពី​នេះ​ លោក​បាន​ប្ដេជ្ញា​ការពារ​សត្វ​ត្រ​យ៉ង​ ឲ្យ​ខាន​តែ​បាន​ ពីព្រោះ​ពួក​វា​ គឺជា​ក្ដី​សង្ឃឹម​ នៃ​គម្រោង​ទេសចរណ៍ធម្មជាតិ​ដែល​អាច​ឲ្យ​ ប្រជា​សហគមន៍​រក​ប្រាក់​ចំណូល​បាន​រយៈពេល​យូរអង្វែង​តទៅ​មុខ​៕​

Share

Image
Image
Image