en     km
en     km

ស្ត្រីមេគ្រួសារពលរដ្ឋបុរីកីឡាចុងក្រោយរំពឹងមានដំណោះស្រាយបញ្ចប់ភាពរុំារ៉ៃ

Share

 

ភ្នំពេញ ៖ ពលរដ្ឋបុរីកីឡាសល់ពីការបណ្តេញចេញទាំងបង្ខំកាលពីឆ្នាំ២០១១ បច្ចុប្បន្ននៅសេសសល់តែជាង ៣០ គ្រួសារប៉ុណ្ណោះ។ បច្ចុប្បន្នគ្រួសារខ្លះត្រូវបានសាលារាជធានីភ្នំពេញបានប្រគល់ផ្ទះនៅភូមិអណ្តូងជាយរាជធានីភ្នំជាថ្នូរនៃការចាកចេញពីលើអគារចាស់នោះ។ តែនៅសល់ប្រមាណ ១១ គ្រួសារទៅកំពុងបន្តពិភាក្សាទាមទារប្រាក់ចំនួន ២ម៉ឺន ៥ពាន់ដុល្លារអាមេរិចដើម្បីអាចទិញផ្ទះនៅតំបន់បុរីកីឡារស់នៅ។​ ស្ត្រីមេគ្រួសារ និងជាតំណាងពលរដ្ឋដែលនៅសេសសល់ចុងក្រោយនេះរំពឹងថា រដ្ឋបាលសាលារាជធានីភ្នំពេញថ្មីនេះ នឹងអាចជួយដោះស្រាយបញ្ចប់បញ្ហាដ៏រុំាំរ៉ៃនេះបានល្អប្រសើរជាងមន្រ្តីមុនៗ។

                           ទិដ្ឋភាពសកម្មភាពគ្រឿងចក្ររបស់ក្រុមហ៊ុន ផាន អ៊ីម៉ិច ឈូសឆាយក្នុងការការអភិវឌ្ឍន៍តំបន់បុរីកីឡា។

 

 នៅក្រោយវាំងនននៃការអភិវឌ្ឍនាកណ្តាលរាជធានីភ្នំពេញ តំបន់បុរីកីឡាបច្ចុប្បន្នបានដុះដាលដោយអគារប្រណិតៗឡោមព័ន្ធសំណង់អាគារចាស់ទ្រុឌទ្រោមមួយល្វែង នោះគឺជាជម្រករបស់ពលរដ្ឋ សហគមន៍មួយក្រីក្រជាច្រើនគ្រួសារកំពុងរស់នៅ។

ពួកគេបានឡើងទៅរស់នៅលើអគារចាស់ទ្រុឌទ្រោមកំពស់ ៤ ជាន់ដែលជាសំណង់របស់កីឡាករកាលពីទសវត្សមុន។

ពលរដ្ឋក្រីក្រដែលភាគច្រើនជាស្រ្តី និងកុមារ បានរស់នៅលើអាគារចាស់នេះ ចាប់តាំងពីក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន បានបណ្តេញពួកគេចេញពីលំនៅឋានទាំងបង្ខំកាលពីឆ្នាំ២០១១ ដើម្បីយកតំបន់នេះមកអភិវឌ្ឍន៍ក្រោមសិទ្ធិសម្បទានដែលផ្តល់ពីរដ្ឋាភិបាល។

តាមការឱ្យដឹងពីពលរដ្ឋបុរីកីឡា អាគារចំនាស់ដែលពួកគេកំពុងជ្រកកោននេះ គឺជាសំណង់អាគារចាស់របស់ពួកកីឡាកម្ពុជាស្នាក់នៅកាលពីសម័យមុន។

 

 ការរៀបរាប់ពីជីវិតរស់នៅលើអាគាររងការវាយកំទេចចោល 

 

គ្រាន់តែឈានជើងមកដល់មុខអាគារបុរីកីឡានេះភ្លាម ក្លិនស្អុយឆ្អេះឆ្អាមចេញពីគំនរសំរាមក្បែរអាគារក៏ហើរមកតោងច្រមុះយើងភ្លាម។

អង្គុយលើគ្រែមុខបន្ទប់ស្នាក់នៅដ៏តូចនៃអាគារបុរីកីឡា នេះគឺអ្នកស្រី សរ ស៊ន​ សកម្មជនដីធ្លីនិងជាតំណាងពលរដ្ឋបុរីកីឡាទាំង១១ គ្រួសារបានប្រាប់អ្នកសារព័ត៌មានវិទ្យុស្រ្តីថា ការអភិវឌ្ឍនៅសហគមន៍បុរីកីឡានេះ បានធ្វើឱ្យជីវភាពគ្រួសារអ្នកស្រីធ្លាក់ដុនដាប សមាជិកគ្រួសារបាត់បង់ការងារ និងមុខរបបរកស៊ី។ ចំណែកផ្ទះសម្បែងក៏បានបាត់បង់ផងដែរ ក្រោយក្រុមហ៊ុនដាក់គ្រឿងចក្រមកឈូសឆាយ។

អ្នកស្រីបន្តថា អ្នកស្រីត្រូវថៅកែបណ្តេញពីការងារជាបុគ្គលិកក្នុងភោជនីយដ្ឋាន ដោយសារអ្នកស្រីរវល់ចេញដើរតវ៉ាទាមទារសំណងសមរម្យ និងសិទ្ធិខ្លួនឯងជាប្រជាពលរដ្ឋ។

អ្នកស្រី សរ ស៊ន តំណាងពលរដ្ឋសហគមន៍បុរីកីឡា អង្គុយនៅមុខបន្ទាប់នៃអគារចំណាស់ដែលជិតដល់ថ្ងៃឪសានវាទនៃការរុះរើ។រូបភាពWMC

 

សាវតារឿងនៃការបណ្ដេញចេញ

 

គេនៅចាំបានថា កាលពីដើមខែមករា ឆ្នាំ២០១១ ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន បានដាក់កម្លាំងសមត្ថកិច្ច និងគ្រឿងចក្រចូលមកឈូសឆាយលំនៅឋានរបស់ប្រជាពលរដ្ឋទាំងកម្រោល បើទោះបីជាក្រុមប្រជាពលរដ្ឋខ្លះមិនទាន់បានយល់ព្រមទទួលយកសំណងនៅឡើយក៏ដោយចុះ។

ហេតុការណ៍វាយកម្ទេចផ្ទះសម្បែងពលរដ្ឋបុរីកីឡាយ៉ាងសាហាវឃោឃៅនេះ បានជំរុញឱ្យពលរដ្ឋបុរីកីឡាជាច្រើនគ្រួសារចេញតវ៉ាទាមទាររកដំណោះស្រាយគ្រប់ច្រកល្ហក និងពីស្ថានប័នពាក់ព័ន្ធ។

តាមប្រជាពលរដ្ឋ និងមន្រ្តីសង្គមស៊ីវិលមូលហេតុនៃជម្លោះដ៏រុំារ៉ៃនេះ កើតឡើងដោយសារភាគីក្រុមហ៊ុន ផាន អ៊ីម៉ិច មិនបានសង់អាគារចំនួន១០ តាមការសន្យា ពោលគឺក្រុមហ៊ុនសង់បានតែ ៨ អគារតែប៉ុ ណ្ណោះ។

 

អតីតពលរដ្ឋបុរីកីឡារស់នៅភ្នំបាតតវ៉ារកសំណងមួយសមរម្យ

 

អតីតពលរដ្ឋបុរីកីឡាដែលទៅរស់នៅភ្នំបាត បានលើកមករាជធានីភ្នំពេញ សុំកិច្ចអន្តរាគមន៍រកដំណោះស្រាយជាថ្មី កាលពីពេលថ្មីៗនេះ។

 

ចំណែកប្រជាពលរដ្ឋ ១៤០គ្រួសារដែលពុំមានលិខិតស្នាមត្រឹមត្រូវ ត្រូវបានក្រុមហ៊ុនផ្តល់សំណងជាគោលការណ៍ទៅរស់នៅភ្នំបាត ក្នុងស្រុកឧត្តុង ជាយរាជធានីភ្នំពេញ។

ជារឿយៗពលរដ្ឋដែលយល់ព្រមរស់នៅទីនោះតែងតែឡើងមកតវ៉ានៅរាជធានីភ្នំពេញ ទាមទារសំណងជាគោលការណ៍រស់នៅតំបន់បុរីកីឡាវិញ ព្រោះថាតំបន់ភ្នំបាតជាទីតាំងដាច់ស្រយោលពីទីប្រជុំជន គ្មានហេដ្ឋានរចនាសម្ព័ន្ធត្រឹមត្រូវ គ្មានមន្ទីរព្រទ្យ សាលារៀន ទឹកស្អាត និងអគ្គិសនីប្រើប្រាស់។ ក្រុមប្រជាពលរដ្ឋរស់នៅភ្នំបាតតែងរអ៊ូលរទាំថា ពួកមួយចំនួនត្រូវបានស្លាប់ដោយសារជំងឺ ព្រោះខ្វះលទ្ធភាពហើយមន្ទីរពេទ្យក៏នៅឆ្ងាយពីផ្ទះ។

ប្រជាពលរដ្ឋអតីតបុរីកីឡាខ្លះត្រូវបង្ខំចិត្តដើរសុំទានគេនៅរមណីយដ្ឋានភ្នំអដ្ឋរស្ស ចំណែកស្រ្តីៗខ្លះត្រូវបង្ខំចិត្តកាត់សក់ខ្លួនឯងលក់ ដើម្បីដោះស្រាយជីវភាពគ្រួសារ។ រាល់លើកនៃការដើរតវ៉ារបស់អតីតពលរដ្ឋបុរីកីឡារស់នៅភ្នំបាតនេះ ពួកគេតែងលើកឡើងថា ការផ្លាស់ឱ្យពួកគេទៅរស់នៅភ្នំបាត ប្រៀបបានដូចជាចាកពួកគេចោលដោយមិនទទួលខុសត្រូវ។

ដំណោះស្រាយមួយបានទៅលើគ្រូសារណាចង់នៅភូមិអណ្ដូង

 

     ពលរដ្ឋបុរីកីឡាមកដាក់ញាតិពីសាលារាជធានីភ្នំពេញ សុំផ្ទះនៅភូមិអណ្តូង។ ពលរដ្ឋដែលបានដាក់ញាតិមាន១៧គ្រួសារ។រូបភាពWMC

 

ជាង ៧ ឆ្នាំក្រោយការអភិវឌ្ឍក្នុងតំបន់បុរីកីឡា ជាមួយនឹងជម្លោះក្រាញននៀលយ៉ាងរុំារ៉ៃពីសំណាក់ពលរដ្ឋដែលមិនទាន់ទទួលបានសំណងសមរម្យនោះ បច្ចុប្បន្នដំណោះស្រាយឈានទៅរកបញ្ចប់បញ្ហាកាន់តែខិតជិតមកដល់ក្រោមរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ។

ក្រោមប្រព័ន្ធរដ្ឋបាលថ្មីនៃសាលារាជធានីភ្នំពេញ ថ្នាក់ដឹកនាំថ្មីអភិបាលឃួនស្រេង បានប្រឹងប្រែងរកដោះស្រាយដោយសន្តិវិធី។

កាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញបានសម្រេចផ្តល់ទីតាំងនៅភូមិអណ្តូងឆ្ងាយពីរាជធានីភ្នំពេញប្រហែល ៤០គីឡូម៉ែត ដល់គ្រួសារប្រមាណ ២០ គ្រួសារបន្លែម។

ឈរពីមុខបន្ទប់តូចប្រក់ដោយប៉ាតង់ចាស់ៗជាដំបូង អ្នកស្រី ជឹង ម៉េត វ័យ ៥០ឆ្នាំ និយាយថា ការរស់នៅក្នុងអគារចាស់នេះ គឺប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា បញ្ហាបរិស្ថានគ្មានអនាម័យ បញ្ហាទឹកលិចលំនៅឋាន និងបញ្ហាសន្តិសុខជាដើម។ តែយ៉ាងណាអ្នកស្រី ដែលទើបទទួលបានសិទ្ធិទទួលរស់នៅភូមិអណ្តូងរូបនេះ បានថ្លែងអមអរគុណចំពោះសាលារាជធានីភ្នំពេញថ្មី ដែលបានដោះស្រាយលំនៅឋានសមរម្យជូនអ្នកស្រី និងពលរដ្ឋមួយចំនួនទៀត។​

 ដំណោះស្រាយជិតមកដល់ហើយ​

 

កាលពីថ្ងៃទី៨ ធ្នូ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងដោយដាក់ឱសានវាទត្រឹមថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៧ តម្រូវឱ្យពលរដ្ឋទាំង ១១គ្រួសារដាក់ពាក្យស្នើសុំយកសំណងដែលបានកំណត់តាមការវាយតម្លៃដោយគណៈកម្មចម្រុះ បើពុំដូច្នោះទេអាជ្ញាធរនឹងមានវិធានការរុះរើដោយមិនទទួលខុសត្រូវចំពោះផលខូចចាត។

តែយ៉ាងណារហូតមកដល់ថ្ងៃឱសានវាទនោះពុំមានពលរដ្ឋណាចរចាយកសំណងនោះទេ។ ហើយមកដល់ថ្ងៃទី ២៦ ធ្នូ អភិបាលខ័ណ្ឌ ៧ មករាបានកោះប្រជុំពលរដ្ឋរកដំណោះស្រាយជាថ្មី ដោយអាជ្ញាធរបានផ្តល់គោលការណ៍សំណងចំនួន ២ជម្រើស ទី១ គឺផ្តល់ប្រាក់ចំនួន ៤ពាន់ដុល្លារ​ និងទី២ គឺគោលការណ៍ទៅរស់នៅភ្នំអណ្តូងជ្រាយរាជធានីភ្នំពេញ។ តែ ក្រុមប្រជាពលរដ្ឋមិនបានយល់ព្រមនឹងគោលការណ៍សំណងរបស់អាជ្ញាធរខ័ណ្ឌ ៧ មករានោះទេ។

យ៉ាងណាក្តីតំណាងពលរដ្ឋបុរីកីឡាបញ្ជាក់ថា ខាងសាលារាជធានីភ្នំពេញបានបន្ទន់ឥរិយាបថបន្តិចដោយ សាលាក្រុងព្រមតំឡើងថវិការហូតដល់ ១ម៉ឺន២ពាន់ដុល្លារជូនពលរដ្ឋ។ តែយ៉ាងណាក្រុមប្រជាពលរដ្ឋនៅមិនទាន់ទទួលយកនោះទេ។

ដោយទទួលបានការដំឡើងថវិកាសំណង ក្រុមប្រជាពលរដ្ឋដាក់ក្តីរំពឹងថា ភាគីសាលារាជធានី ក៏ជាភាគីក្រុមហ៊ុន ផាន អ៊ីម៉ិច នឹងអាចតំឡើងថវិកាច្រើនជានេះ ដើម្បីឱ្យពួកគេមានលទ្ធភាពផ្តើមជីវភាពថ្មី ជាមួយនឹងការចាកចេញដោយស្ងប់ចិត្ត។

បើទោះបីបែបនេះក្តី មន្រ្តីសាលារាជធានីភ្នំពេញធ្លាប់ប្រាប់វិទ្យុស្រ្តីថា សាលាក្រុងនឹងខិតខំស្វែងរកដំណោះស្រាយ ដើម្បីបង្ខិតចំណុចប្រសព្វដែលអាចឱ្យភាគីទាំងអស់អាចទទួលយកបានទាំងអស់គ្នា។

តំណាងពលរដ្ឋរដ្ឋបុរីកីឡាទាំង ១១គ្រួសារវិញ អ្នកស្រី សរ ស៊ន ប្រាប់ថា ការដាក់សំណើស្នើសុំសំណងប្រាក់ ២ម៉ឺន​ ៥ពាន់ដុល្លារនេះ គឺដើម្បីអាចផ្ទះនៅបុរីកីឡា និងអាចសេសសល់ប្រាក់ខ្លះដើម្បីទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ជាថ្នូរដែលក្រុមហ៊ុនបានវាយកម្ទេចផ្ទះ និងសម្ភារៈប្រើប្រាស់កាលពី ៧ឆ្នាំមុននោះ៕

Share

Image
Image
Image